តារាសម្តែង មុន្នី វិជ្ជរ៉ា ទើបតែចេញវីដេអូមួយបន្ទាប់ពី MV បទរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើននិងមានការលើកឡើងថានាងស្លៀកពាក់ស្អាតបាតជាងតារាចម្រៀងរូបនេះ។ ជាមួយគ្នានេះដែរ មុន្នី វិជ្ជរ៉ា បានបង្ហាញថា MV នេះគឺថតតាំងពី៤ឆ្នាំមកម្ល៉េះ។

នៅល្ងាចថ្ងៃទី២៩ ខែកក្កដា តារាសម្តែង មុន្នី វិជ្ជរ៉ា បានចេញវីដេអូមួយរយៈពេលជិត២នាទីរៀបរាប់ពីអារម្មណ៍រំភើបរបស់ខ្លួនដែលមានឱកាសថត MV ជាមួយនឹងកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា។ តារាសម្តែងរូបនេះបានបញ្ជាក់ថា នៅក្នុង MV «ព្រហ្មលិខិត» រូបនាងគឺដើរតួជា ទាវ ទើបបានជាសំលៀកបំពាក់តុបតែងច្រើនចំណែកឯតារាចម្រៀង ឱក សុគន្ធកញ្ញា គឺដើរតួជា នាងនោ ហើយបទនេះទៀតសោតគឺចង់និយាយពីខ្សែជីវិតរបស់ នាងនោ។.png)
កញ្ញា មុន្នី វិជ្ជរ៉ា ថាទស្សនិកជនមួយចំនួនអាចនឹងយល់ច្រឡំបន្តិចប៉ុន្តែបើទស្សនាច្រើនដងនឹងដឹងជាក់ជាមិនខាន។ ទាក់ទងនឹងសំណួរថា នាងនោ សម្លាប់ខ្លួនតាមអ្នកណាឱ្យពិតប្រាកដ តាមទាវឬទុំ តួអង្គ ទាវ រូបនេះបញ្ជាក់ថានាងក៏មិនច្បាស់ដូចគ្នាដោយឱ្យទស្សនិកជនជាអ្នកវិនិច្ឆ័យដោយខ្លួនឯង។ លើសពីនេះទៅទៀត មុន្នី វិជ្ជរ៉ា បានបញ្ជាក់ដោយផ្ទាល់មាត់ថាបទចម្រៀងនេះគឺថតប្រហែលជា៤ឆ្នាំមកហើយ ដោយអំឡុងពេលថតគឺចាក់ជា Background ធ្វើឱ្យនាងទន្ទឹងរង់ចាំយ៉ាងអន្ទះសារចង់ស្តាប់បទពេញដោយសារតែបទនេះពីរោះ។
គួរបញ្ជាក់ផងដែរថា បទ «ព្រហ្មលិខិត» បានចេញផ្សាយជាផ្លូវការនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ខណៈមកទល់នឹងថ្ងៃទី៣០ ខែកក្កដា មានការទស្សនាលើសពី ៥៤០ K នៅលើឆាណែលផ្លូវការរបស់រស្មីហង្សមាស៕










