តារាចម្រៀង បាន មុន្នីល័ក្ខ បានប្រកាសជាសាធារណៈច្រានចោលនូវការចោទប្រកាន់ពីអ្នកលេងបណ្តាញសង្គមម្នាក់ដែលបង្ហាញថាមានទំនាក់ទំនងស្នេហាជាមួយនាង។ តារាចម្រៀងរូបនេះថែមទាំងបញ្ជាក់ថារូបនាងពុំដែលស្គាល់បុរសរូបនេះទេហើយប្រសិនបើនៅតែបង្ហោះមិនពិតបែបនេះនាងនឹងធ្វើទៅតាមចំណាត់ការផ្លូវច្បាប់។

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា តារាចម្រៀងក្នុងទ្រនំថោនកញ្ញា បាន មុន្នីល័ក្ខ បានប្រកាសថា គណនីហ្វេកប៊ុកឈ្មោះ «Sokhom Penn» ដែលបានយករូបថតរបស់នាងទៅបង្ហោះនិងសរសេរខ្លឹមសារប្រឌិតបង្កើតរឿងមិនពិតថាមានទំនាក់ទំនងស្នេហា ឬជាគូស្នេហ៍ជាមួយរូបនាង។ តារាចម្រៀងរូបនេះបានបញ្ជាក់ថានាងនិងបុរសក្នុងរូបភាពនេះមិនដែលស្គាល់គ្នាតាំងពីមុនមកទេ ហើយក៏គ្មានទំនាក់ទំនងអ្វីដែរ ។ ការសរសេរ និងយករូបភាពនាងទៅបង្ហោះ គឺជារឿងមិនពិតទាំងស្រុង និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស ថ្លៃថ្នូរ និងអារម្មណ៍របស់នាងព្រមទាំងធ្វើឱ្យមហាជនមានការយល់ច្រឡំ។
.png)
មុននឹងឈានដល់ការបញ្ជាក់ជាសាធារណៈបែបនេះ បាន មុន្នីល័ក្ខ ថារូបនាងធ្លាប់បានទាក់ទងគណនីនេះស្នើឱ្យលុបនិងបញ្ឈប់សកម្មភាពនេះប៉ុន្តែការប្រព្រឹត្តនៅតែបន្ត។ ជាមួយគ្នានេះ តារាចម្រៀង បាន មុន្នីល័ក្ខ បានសំណូមពរដល់គ្រួសារឬសាច់ញាតិជួយអន្តរាគមន៍ ណែនាំ ឬមើលថែទាំគាត់ផង ប្រសិនជានៅក្នុងករណីមានបញ្ហាសុខភាពស្មារតី ឬអសមត្ថភាពក្នុងការគ្រប់គ្រងសកម្មភាពលើបណ្តាញសង្គម ដើម្បីចៀសវាងការបង្កផលប៉ះពាល់ដល់អ្នកដទៃបន្តទៀតនិងលុបរូបភាពនិងសារប្រឌិតទាំងអស់ជាបន្ទាន់។.png)
តារាចម្រៀងរូបនេះ បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាប្រសិនបើនៅតែបន្តសកម្មភាពរំលោភបំពាន និងបង្ហោះព័ត៌មានមិនពិតដែលបង្កការខូចខាតដល់កិត្តិយសនាងទៀតនោះនាងនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានដោយមិនលើកលែងឡើយ៕










