ជាប្រវត្តិសាស្រ្តក្នុងរយៈពេលជាង ៣០ឆ្នាំ! កោះតៃវ៉ាន់កំពុងតែស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន និងត្រៀមលក្ខណៈប្រឈមមុខនឹង «បាវី» ដែលជាព្យុះទីហ្វុងមានទំហំធំបំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ១៩៩៥ មក។ យោងតាមការប្រកាសពីទីភ្នាក់ងារឧតុនិយមតៃវ៉ាន់ មហាព្យុះមួយនេះមានកាំរង្វង់ខ្យល់បោកបក់រហូតដល់ ៣៨០ គីឡូម៉ែត្រ និងត្រូវបានគេទស្សន៍ទាយថាអាចនឹងបង្អុរភ្លៀងយ៉ាងជោគជាំជាមួយកម្ពស់ទឹកភ្លៀងរហូតដល់ទៅ ១ ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ ដែលអាចបង្កជាគ្រោះទឹកជំនន់ និងដីបាក់ដ៏ធ្ងន់ធ្ងរ។.jpg)
ខណៈពេលដែលកំពូលព្យុះ បាប៊ី កំពុងតែបោះពួយសំដៅមក កម្លាំងខ្យល់បោកបក់អតិបរមានៅក្បែរផ្ចិតព្យុះត្រូវបានគេកត់ត្រាថាមានល្បឿនចន្លោះពី ១៨៤ ទៅ ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានខ្យល់កន្ត្រាក់ខ្លាំងរហូតដល់ ២២៧ គីឡូម៉ែត្រក្នុងមួយម៉ោង។ ជាមួយគ្នានេះ អាជ្ញាធរតៃវ៉ាន់បានបង្កើតប្រវត្តិសាស្ត្រដោយការបញ្ចេញ «ការព្រមានពីរលកសមុទ្រកម្រិតមហាគ្រោះថ្នាក់» ជាលើកដំបូងបង្អស់ បន្ទាប់ពីគេប៉ាន់ស្មានថារលកសមុទ្រអាចមានកម្ពស់ខ្ពស់ហួសពី ៦ ម៉ែត្រ។ បរិមាណទឹកភ្លៀងកម្ពស់ ១ ម៉ែត្រ ត្រូវបានគេរំពឹងថានឹងធ្លាក់ស្រោចស្រពខ្លាំងនៅតាមតំបន់ជួរភ្នំភាគខាងជើង ជុំវិញទីក្រុងតៃប៉ិ ដែលជាតំបន់រសើប និងងាយរងគ្រោះថ្នាក់បំផុត។
.jpg)
ដើម្បីឆ្លើយតបនឹងមហាគ្រោះធម្មជាតិនេះ រដ្ឋាភិបាលតៃវ៉ាន់បានប្រកាសផ្អាកការងារ និងការចូលរៀនរបស់សិស្សានុសិស្សទាំងស្រុងនៅទូទាំងតំបន់ភាគខាងជើង រួមមាន ទីក្រុងតៃប៉ិ ទីក្រុងតៃប៉ិថ្មី តៅយាន ឃីឡុង និងស៊ីនឈូ។
ក្រសួងការពារជាតិបានបញ្ជាឱ្យកងទ័ពជិត ៣ ម៉ឺននាក់ ឈរជើងត្រៀមលក្ខណៈកម្រិតខ្ពស់ដើម្បីចេញជួយសង្គ្រោះពលរដ្ឋ ស្របពេលដែលជើងហោះហើរអន្តរជាតិ និងក្នុងស្រុកជាង ១៨០ ជើងត្រូវបានប្រកាសលុបចោល។ ប្រធានាធិបតីតៃវ៉ាន់ លោក វីលលៀម ឡៃ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យប្រញាប់ប្រមូលស្បៀងអាហារ ទឹកស្អាត និងរៀបចំកាតាបសង្គ្រោះបន្ទាន់ដែលអាចចិញ្ចឹមជីវិតបានរយៈពេល ៣ ថ្ងៃក្នុងផ្ទះ។

សូមជម្រាបថា មហាព្យុះទីហ្វុង បាប៊ី នាពេលនេះ គឺជាការសាកល្បងដ៏ធំមួយលើប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយរបស់កោះតៃវ៉ាន់។ ទោះបីជាការដោះស្រាយ និងវិធានការការពារត្រូវបានដាក់ចេញយ៉ាងហ្មត់ចត់ និងលឿនរហ័សក៏ដោយ ប៉ុន្តែហានិភ័យនៃកម្លាំងខ្យល់បោកបក់ និងកម្ពស់ទឹកភ្លៀងដែលមិនធ្លាប់មានក្នុងរយៈពេល ៣០ ឆ្នាំនេះ នៅតែជាក្តីបារម្ភដ៏ធំធេង។ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការប្រកាសអាសន្ន និងការរក្សាសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋរហូតដល់មហាព្យុះនេះបានបោកបក់កាត់ផុតទៅ៕










