វាដល់ពេលហើយដែលកម្ពុជាត្រូវបញ្ឈប់ការពឹងផ្អែកលើប្រាសាទអង្គរវត្តតែមួយមុខ! យោងតាមការវិភាគរបស់អ្នកជំនាញទេសចរណ៍ លោក Peter J. Brongers ដែលបានចុះផ្សាយនៅលើសារព័ត៌មានអន្តរជាតិ The Diplomat បានព្រមានថា វិស័យទេសចរណ៍កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលប្រកាសអាសន្ន និងទាមទារឱ្យមានការកែទម្រង់រចនាសម្ព័ន្ធជាបន្ទាន់ បន្ទាប់ពីតួលេខភ្ញៀវបរទេសបានធ្លាក់ចុះយ៉ាងគំហុកគួរឱ្យបារម្ភនៅឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦។ លោកបានសង្កត់ធ្ងន់ថា បើមិនប្រញាប់ផ្លាស់ប្តូរយុទ្ធសាស្ត្រទេ នោះកម្ពុជានឹងត្រូវបាត់បង់ឱកាសប្រកួតប្រជែងយ៉ាងធ្ងន់ធ្ងរនៅលើឆាកអន្តរជាតិ។
នៅក្នុងបទវិភាគនោះ លោក Peter J. Brongers បានលាតត្រដាងថា ឫសគល់នៃវិបត្តិទេសចរណ៍នាពេលនេះ គឺបណ្តាលមកពីការបិទព្រំដែនដីគោកជាមួយថៃ និងវិបត្តិរូបភាពអវិជ្ជមានរឿងសុវត្ថិភាពអនឡាញ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយបរទេសបំផ្លើសហួសពីការពិត ទាំងដែលទីក្រុងភ្នំពេញនៅតែជាទីក្រុងមានសុវត្ថិភាពបំផុតមួយសម្រាប់អ្នកទេសចរ។
ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ លោកបានស្នើឡើងនូវរូបមន្តយុទ្ធសាស្ត្រចំនួន ៧ យ៉ាង។ ចំណុចដំបូង គឺកម្ពុជាត្រូវស្តារការតភ្ជាប់ជើងហោះហើរឡើងវិញ ដោយផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប។ បន្ទាប់មក គឺត្រូវដាក់តំបន់ទន្លេមេគង្គ បឹងទន្លេសាប និងតំបន់មើលសត្វផ្សោតនៅខេត្តក្រចេះទៅក្នុងផែនទីទេសចរណ៍ ដោយចងក្រងសេវាកម្មទូកកម្សាន្ត និងផ្ទះសំណាក់ដែលមានស្រាប់ឱ្យទៅជាកញ្ចប់ទេសចរណ៍ស្តង់ដារមួយ ដែលមិនបាច់ចំណាយលុយសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីឡើយ។.jpg)
បន្ថែមលើនេះ លោកអ្នកជំនាញរូបនេះបានជម្រុញឱ្យរដ្ឋាភិបាលរៀបចំខ្សែសង្វាក់ទេសចរណ៍ប្រវត្តិសាស្ត្រ ឬទេសចរណ៍ចងចាំ ដោយតភ្ជាប់ពីវាលពិឃាត និងទួលស្លែងទៅកាន់បណ្តាខេត្តនានា ដើម្បីទាក់ទាញភ្ញៀវឱ្យស្នាក់នៅបានច្រើនថ្ងៃ ជំនួសឱ្យការមកទស្សនាតែមួយរសៀល រួចចាកចេញទៅវិញ។ លោកក៏បានមើលឃើញពីសក្តានុពលខ្ពស់ក្នុងការធ្វើឱ្យទីក្រុងភ្នំពេញក្លាយជាមជ្ឈមណ្ឌលសម្រាប់ក្រុមអ្នកធ្វើការពីចម្ងាយតាមអនឡាញ ដោយគ្រាន់តែបង្កើតទិដ្ឋាការស្នាក់នៅរយៈពេលវែងសមស្រប ព្រោះភ្នំពេញមានចំណុចខ្លាំងលើតម្លៃជួលផ្ទះធូរថ្លៃ និងអ៊ីនធឺណិតលឿន បើធៀបនឹងកោះបាលី ឬឈៀងម៉ៃ។
ក្រៅពីនេះ លោកចង់ឱ្យកម្ពុជាផ្សព្វផ្សាយសិល្បៈម្ហូបអាហារខ្មែរ ដូចជា អាម៉ុក ឡុកឡាក់ ឱ្យល្បីល្បាញ ព្រមទាំងការពារ និងផ្តល់ជំនួយជួសជុលវីឡាបារាំងចាស់ៗនៅខេត្តកែប និងផ្ទះបុរាណនៅខេត្តកំពត មុនពេលសំណង់បេតិកភណ្ឌទាំងនេះត្រូវបាត់បង់ទាំងស្រុង ព្រោះបើវាបាត់បង់ហើយ ទោះមានលុយច្រើនប៉ុណ្ណាក៏មិនអាចទិញត្រឡប់មកវិញបានដែរ។.jpg)
ជាសេចក្តីសន្និដ្ឋាន លោក Peter J. Brongers បានធ្វើការប្រៀបធៀបថា ប្រទេសក្រូអាស៊ីដែលមានប្រជាជនត្រឹមតែជិត ៤ លាននាក់ អាចទាក់ទាញភ្ញៀវទេសចរបានរហូតដល់ ២០ លាននាក់ក្នុងមួយឆ្នាំ ចំណែកឯកម្ពុជាដែលមានទឹកដីធំជាង និងមានសម្បត្តិបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ បែរជាទទួលបានភ្ញៀវត្រឹមតែមួយភាគតូចប៉ុណ្ណោះ។ លោកបានវាយតម្លៃថា គម្លាតដ៏ធំនេះមកពីកម្ពុជាខ្វះខាតការផ្សព្វផ្សាយឱ្យពិភពលោកបានដឹង។
អ្វីដែលជាចំណុចសម្រេចវាសនាទេសចរណ៍កម្ពុជានៅទសវត្សរ៍ក្រោយ គឺការផ្តល់កញ្ចប់ថវិកាពិតប្រាកដ និងផ្តល់ស្វ័យភាពពេញលេញដល់ «ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា» ក្នុងការបង្កើតយុទ្ធនាការផ្សព្វផ្សាយខ្នាតធំ (ស្រដៀងទៅនឹងអាជ្ញាធរទេសចរណ៍ថៃ TAT) ដោយមិនបាច់រង់ចាំការអនុម័តពីរដ្ឋាភិបាល ដែលនេះគឺជាការវិនិយោគដ៏មានតម្លៃ និងផ្តល់ផលចំណេញត្រឡប់មកវិញខ្ពស់បំផុតសម្រាប់ជាតិ៕










