«នៅពេលតម្លៃអាហារ និងទំនិញលើទីផ្សារបន្តហក់ឡើងខ្ពស់ហួសពីសមត្ថភាព តើរដ្ឋាភិបាលមានដំណោះស្រាយដែរឬទេ?» នេះជាសំណួរដ៏ក្តៅគគុកដែលពលរដ្ឋហ្វីលីពីនកំពុងចោទសួរទៅកាន់ថ្នាក់ដឹកនាំរបស់ខ្លួន។ ដើម្បីទប់ស្កាត់កុំឱ្យជីវភាពពលរដ្ឋធ្លាក់ដុនដាប រដ្ឋាភិបាលហ្វីលីពីនបានសម្រេចចិត្តដំឡើងប្រាក់ឈ្នួលអប្បបរមាភ្លាមៗ ដើម្បីសម្រាលការលំបាកដល់អ្នកមានប្រាក់ចំណូលទាប។

គណៈកម្មាធិការប្រាក់ឈ្នួលហ្វីលីពីនបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ពលរដ្ឋរស់នៅទីក្រុងម៉ានីល (Manila) ដោយបែងចែកជា ២ដំណាក់កាល៖
-ដំណាក់កាលទី១ (ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦): ដំឡើងចំនួន ៦០ប៉េសូ
-ដំណាក់កាលទី២ (ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៧): ដំឡើងចំនួន ២៥ប៉េសូ បន្ថែមទៀត
ការដំឡើងទាំង ២ដំណាក់កាលនេះ សរុបជាទឹកប្រាក់ចំនួន ៨៥ប៉េសូ ឬស្មើនឹង ១២% (ប្រហែល ១.៣៨ដុល្លារអាមេរិក) ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយរបស់ពលរដ្ឋ ស្របពេលដែលទំនិញឡើងថ្លៃ។
.jpg)
ដោយឡែក សម្រាប់ការដំឡើងប្រាក់ឈ្នួលនៅតាមបណ្តាខេត្តផ្សេងៗក្រៅពីទីក្រុងម៉ានីល លោកប្រធានាធិបតី បុងបុង ម៉ាកូស (Bongbong Marcos) បានបញ្ជាក់ថា គណៈកម្មាធិការប្រាក់ឈ្នួលប្រចាំខេត្តនីមួយៗកំពុងសិក្សាយ៉ាងលម្អិតអំពីស្ថានភាពសេដ្ឋកិច្ច និងតម្លៃទំនិញ ដោយការដំឡើងនឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ក្នុងអំឡុងខែកញ្ញា ឬតុលា ឆ្នាំ២០២៦ ខាងមុខ។.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ដែលដកស្រង់ប្រភពពីក្រសួងការងារហ្វីលីពីន ការដំឡើងដំណាក់កាលទី១ នេះ នឹងផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋធ្វើការនៅទីក្រុងម៉ានីល ជាង ១.១លាននាក់។ ក្រោយការកែសម្រួលនេះ ប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃនឹងកើនឡើងដូចជា៖
-វិស័យក្រៅកសិកម្ម: កើនឡើងដល់ ៧៨០ប៉េសូ (ប្រហែល ១២.៦៩ដុល្លារអាមេរិក/ថ្ងៃ)
-វិស័យកសិកម្ម សេវាកម្ម និងផលិតកម្ម: កើនឡើងដល់ ៧៤៣ប៉េសូ (ប្រហែល ១២.០៩ដុល្លារអាមេរិក/ថ្ងៃ).jpg)
ការសម្រេចចិត្តដ៏សំខាន់នេះ ធ្វើឡើងស្របពេលដែលតម្លៃប្រេងឥន្ធនៈ និងទំនិញប្រើប្រាស់ទូទៅនៅក្នុងប្រទេសហ្វីលីពីន បានហក់ឡើងខ្ពស់ជាបន្តបន្ទាប់តាំងពីខែមីនា កន្លងទៅ។ វិបត្តិនេះបណ្តាលមកពីឥទ្ធិពលនៃជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតំបន់មជ្ឈិមបូព៌ា ដែលបានរុញច្រានអតិផរណាក្នុងប្រទេសហ្វីលីពីនឱ្យកើនឡើងយ៉ាងគំហុក និងធ្វើឱ្យកម្លាំងទិញរបស់ពលរដ្ឋធ្លាក់ចុះយ៉ាងខ្លាំង។
ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាគណៈកម្មាធិការប្រាក់ឈ្នួលអះអាងថា នេះជាការដំឡើងក្នុងចំនួនច្រើនមិនធ្លាប់មានពីមុនមក ក៏សហភាពសហជីពកម្មករហ្វីលីពីនហាក់មិនពេញចិត្តនឹងការបែងចែកជា ២ដំណាក់កាលនេះឡើយ។ ភាគីសហជីពបានគូសបញ្ជាក់ថា ចំនួនទឹកប្រាក់ដែលបានដំឡើងនេះ នៅតែតិចតួចពេក និងមិនទាន់អាចទប់ទល់នឹងការចំណាយប្រចាំថ្ងៃជាក់ស្តែងបាននៅឡើយទេ៕










