Home ព័ត៌មានអន្តរជាតិ ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃកាន់តែតានតឹងខ្លាំង ក្រោយផ្ទុះគ្រាប់បែ.កដៃលើយោធាខ្មែរ

ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃកាន់តែតានតឹងខ្លាំង ក្រោយផ្ទុះគ្រាប់បែ.កដៃលើយោធាខ្មែរ

760
0

ត្រៀមខ្លួន និងចែកគ្នាដឹងផង! ស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កំពុងតែមានការប្រែប្រួល និងឡើងកម្តៅខ្លាំងគួរឱ្យកត់សម្គាល់ បន្ទាប់ពីភាគីថៃបានបដិសេធពីការទទួលខុសត្រូវលើករណីផ្ទុះគ្រាប់បែ.កដៃលើយោធាខ្មែរ មិនតែប៉ុណ្ណោះ ថែមទាំងបានសម្រេចចល័តកម្លាំងទ័ព ព្រមទាំងសព្វាវុ.ធធុនធ្ងន់ទៅកាន់តំបន់ព្រំដែនភ្លាមៗ។

យោងតាមវីដេអូរបស់យោធាថៃដែលបានបង្ហោះនៅលើបណ្តាញសង្គម និងការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា យោធាថៃបានបញ្ជូនយោធាថ្មើរជើង ទាហានឈុតខ្មៅ និងរថពាសដែកទៅកាន់តំបន់ប្រាសាទតាក្របី ព្រមទាំងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា ដូចជា ខេត្តស៊ីសាកេត សុរិន្ទ បុរីរាំ និងស្រះកែវ ដោយពួកគេបានអះអាងថា ជាការត្រៀមលក្ខណៈការពារខ្លួន។

មិនតែប៉ុណ្ណោះ ពួកគេថែមទាំងបានពង្រីកការជីកលេណដ្ឋានឱ្យកាន់តែធំ រឹងមាំជាងមុន និងសាងសង់ផ្លូវយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀតមិនធម្មតាឡើយ។
អ្វីដែលធ្វើឱ្យមានការព្រួយបារម្ភនោះ គឺលោករដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានថ្លែងថា យោធាថៃនឹងប្រើប្រាស់តំបន់ព្រំដែនទាំងនេះ ធ្វើជាទីតាំងសាកល្បងអាវុធដែលផលិតនៅក្នុងប្រទេសថៃផ្ទាល់។ ជាមួយគ្នានេះ កងទ័ពថៃភូមិភាគទី២ ក៏បានព្រមានដែរថា ប្រសិនបើកម្ពុជានៅតែបន្តចោទប្រកាន់ថៃលើករណីផ្ទុះអាវុធនេះ វានឹងក្លាយជាឧបសគ្គដ៏ធំដល់ការស្តារស្ថិរភាព និងសន្តិភាពរវាងប្រទេសទាំងពីរ។

តើសកម្មភាពរបស់ថៃមានចេតនាអ្វីឱ្យប្រាកដ? ហេតុអ្វីដោះសា​ដោយយកលេសថា ត្រូវយកទីតាំងនេះ ធ្វើជាទីតាំងសាកល្បងអាវុធដែលផលិតនៅក្នុងប្រទេសថៃផ្ទាល់? តើមានចេតនាចង់គំរាមមកលើដែនអធិបតេយ្យកម្ពុជាយើងមែនឬ? ទាំងដែលកម្ពុជាចង់បានសន្តិភាព មិនចង់មានសង្គ្រាមជាមួយថៃ តែថៃនៅតែគគ្លើនមិនញញើតកម្ពុជាបន្តិចឡើយ។

សូមរំឭកថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២ និង៣៥នាទីរសៀល កងកម្លាំងល្បាតកម្ពុជាបានដើរល្បាតក្នុងភូមិសាស្ត្រចូកគ្រួស ខេត្តឧត្តរមានជ័យ ហើយបានជួបជាមួយក្រុមល្បាតថៃនៅម្ខាងនៃរបងលួសបន្លា។ ប៉ុន្តែពេលដើរហួសគ្នាបន្តិច ស្រាប់តែមានការផ្ទុះគ្រាប់បែកដៃមួយគ្រាប់ពីក្រោយខ្នង បណ្តាលឱ្យយោធាកម្ពុជាចំនួន ៤ នាក់រងរបួសដោយសារអម្បែងគ្រាប់។ ទោះជាយ៉ាងណា ភាគីថៃបានច្រានចោល និងសន្និដ្ឋានថា នេះជាករណីយោធាខ្មែរដើរជាន់មីនចាស់ដោយខ្លួនឯងទៅវិញ។

ឆ្លើយតបនឹងបញ្ហានេះ ក្រសួងការពារជាតិកម្ពុជា ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា គណៈបញ្ជាការជួរមុខ និងក្រុមអ្នកជំនាញ កំពុងតែបន្តធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកការពិតជុំវិញករណីផ្ទុះអាវុធនេះ។

សាធារណជនកំពុងរង់ចាំមើលថា តើចំណងការទូត និងស្ថានភាពព្រំដែននៃប្រទេសទាំងពីរនឹងទៅជាយ៉ាងណា បន្ទាប់ពីការចល័តទ័ពដ៏គំហុករបស់ភាគីថៃនាពេលនេះ តើសង្គ្រាមឈ្លានពានថៃមកលើដែនអធិបតេយ្យកម្ពុជា អាចនឹងឈានដល់ជុំទី៣ ដែរឬទេ?

ទោះបីជាយ៉ាងណា កម្ពុជាយើងនៅតែជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ថានឹងស្វែងរកដំណោះស្រាយសមស្របតាមគ្រប់រូបភាព ទាំងថ្នាក់ជំនាញ ថ្នាក់ជាតិ និងថ្នាក់ការទូតអន្តរជាតិ បើទោះបីជាក្រុមទាហានថៃល្មោភសង្គ្រាមចង់ឈ្លានពានជាថ្មីមកលើដែនដីកម្ពុជាក៏ដោយ៕