តើធ្លាប់ឆ្ងល់ទេថា ហេតុអ្វីរោងភាពយន្តស្ទើរតែទូទាំងពិភពលោក ប្រើប្រាស់កៅអី និងវាំងនន «ពណ៌ក្រហម» ដូចៗគ្នាទៅវិញ? ហេតុអ្វីមិនប្រើពណ៌ខៀវដែលមើលទៅត្រជាក់ភ្នែក ឬពណ៌ខ្មៅងាយស្រួលលាក់បាំងស្នាមប្រឡាក់? អាថ៌កំបាំងនៅពីក្រោយពណ៌ដ៏ឆើតឆាយមួយនេះ មិនមែនជាការចៃដន្យ ឬដើម្បីភាពស្រស់ស្អាត ឬម្ចាស់រោងភាពយន្តចូលចិត្តទេ ប៉ុន្តែវាជាការទាក់ទាញបែបវិទ្យាសាស្ត្រដ៏ឆ្លាតវៃដើម្បីបោ.កបញ្ឆោតភ្នែករបស់អ្នកទស្សនាឱ្យលិចលង់ទៅក្នុងខ្សែភាពយន្តទាំងស្រុងដោយមិនដឹងខ្លួន។

ការបានឃើញកៅអីពណ៌ក្រហមក្នុងរោងភាពយន្ត អាចដាស់អារម្មណ៍អ្នកទស្សនាឱ្យរំភើបញាប់ញ័រមុនពេលសាច់រឿងចាប់ផ្តើម ឬឆក់យកខ្សែភ្នែកអ្នកទស្សនាឱ្យផ្តោតទៅលើរោងភាពយន្តភ្លាមៗ ចង់អង្គុយជាមួយបរិយាកាសកក់ក្តៅ។ តាមផ្នែកវិទ្យាសាស្ត្រ ពណ៌ក្រហម គឺជាពណ៌ដែលបាត់ស្រមោល (មើលមិនឃើញ) នៅពេលបាត់ពន្លឺ គឺពេលភ្លើងក្នុងរោងភាពយន្តបិទ កៅអីពណ៌ក្រហម នឹងបាត់ទៅក្នុងភាពងងឹតយ៉ាងលឿន ដែលជួយឱ្យភ្នែកអ្នកទស្សនាផ្តោតលើអេក្រង់បានល្អ មិនរំខានភ្នែក។.jpg)
ខាងក្រោមនេះ គឺជាអាថ៌កំបាំងពិតនៅពីក្រោយកៅអីពណ៌ក្រហម៖
១-ឥទ្ធិពលពីល្ខោនអូប៉េរ៉ា អ៊ីតាលី (Italian Opera)៖ កាលពីសតវត្សរ៍ទី១៩ ប្រទេសអ៊ីតាលីបាននាំមុខគេលើវិស័យសិល្បៈល្ខោនអូប៉េរ៉ា ដោយបានប្រើប្រាស់ក្រណាត់ពណ៌ក្រហម និងពណ៌មាស សម្រាប់តុបតែងរោងល្ខោនដើម្បីបង្ហាញពីភាពប្រណីត ឆើតឆាយ។ នៅពេលរោងភាពយន្តសម័យទំនើបចាប់ផ្តើមបង្កើតឡើង គេក៏យកគំរូតាមរោងល្ខោនបុរាណអ៊ីតាលី ដើម្បីផ្តល់ភាពអស្ចារ្យដល់អ្នកទស្សនា រហូតមកដល់បច្ចុប្បន្ន។

២-អាថ៌កំបាំងវិទ្យាសាស្ត្រ៖ ភ្នែករបស់មនុស្សពិបាកមើលឃើញពណ៌ក្រហម នៅពេលពន្លឺចាប់ផ្តើមងងឹត។ ដូច្នេះ ពេលបិទភ្លើងក្នុងរោងភាពយន្ត កៅអីពណ៌ក្រហមនឹងរលាយបាត់ក្នុងភាពងងឹតយ៉ាងលឿនបំផុត បើធៀបនឹងពណ៌ខៀវ ឬបៃតង។ វាជួយឱ្យភ្នែករបស់អ្នកទស្សនា ចាប់យកតែពន្លឺលើផ្ទាំងក្រណាត់ភាពយន្តបាន ១០០% ដោយគ្មានការរំខានពីពណ៌នៅជុំវិញខ្លួន។

៣-ជំរុញអារម្មណ៍ញាប់ញ័រ៖ ពណ៌ក្រហម បានជំរុញឱ្យប្រព័ន្ធប្រសាទ និងបេះដូងដើរញាប់ជាងមុនដោយមិនដឹងខ្លួន។ វារំញោចអារម្មណ៍អ្នកទស្សនាឱ្យរំភើប និងចង់ទស្សនាសាច់រឿងតាំងពីជំហានដំបូងដែលពួកគេបានចូលមកដល់រោងភាពយន្ត។
៤-បិទបាំងភាពកខ្វក់៖ ក្នុងរោងភាពយន្តពោរពេញដោយស្នាមប្រឡាក់ កំទេចកំទីគ្រាប់ពោត ភេសជ្ជៈហៀរ ទើបគេជ្រើសយកកៅអីពណ៌ក្រហម ឬក្រហមចាស់ ដើម្បីបិទបាំងភាពកខ្វក់ជួយឱ្យរោងភាពយន្តនៅស្អាតជានិច្ច ថែមទាំងងាយស្រួលសម្អាត។.jpg)
បើទោះជាបច្ចុប្បន្ននេះ រោងភាពយន្តមួយចំនួនចាប់ផ្តើមផ្លាស់ប្តូរពណ៌កៅអី ទៅជាពណ៌ខ្មៅ ប្រផេះ ឬខៀវចាស់ក៏ដោយ ក៏រោងភាពយន្តភាគច្រើននៅតែពេញនិយមពណ៌ក្រហមដដែល ពីព្រោះវាជាការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងប្រវត្តិសាស្ត្រមហោស្រពសម័យមុន និងការមើលឃើញ ដែលជួយឱ្យការទស្សនាទទួលបានភាពរីករាយ៕










