តើអនាគតនៃអក្សរសាស្ត្រជាតិខ្មែរនឹងទៅជាយ៉ាងណា បើទម្លាប់នៃការសរសេរភាសាជាតិនៅលើប្រព័ន្ធឌីជីថល កំពុងតែរងការផ្លាស់ប្តូរពីសំណាក់យុវជនជំនាន់ក្រោយ ខណៈប្រទេសជិតខាងកំពុងសម្រុកដណ្តើមយកអត្តសញ្ញាណអក្សរបុរាណរបស់ខ្មែរ? ថ្មីៗនេះ មនុស្សជាច្រើនបានសម្តែងក្តីបារម្ភយ៉ាងខ្លាំងក្លាចំពោះការធ្លាក់ចុះនៃតម្លៃអក្សរសាស្ត្រជាតិ បន្ទាប់ពីការិយាល័យរាជបណ្ឌិត្យសភានៃប្រទេសថៃ បានប្រកាសដាក់ឱ្យប្រើប្រាស់ឈុតពុម្ពអក្សរ “អក្សរខមថៃ” ដែលមានទម្រង់ជាអក្សរខ្មែរបេះបិទ។ ក្តីបារម្ភនេះបានបង្កើតជាសញ្ញាអាសន្នដ៏ធំមួយ ដាស់តឿនដល់ពលរដ្ឋខ្មែរគ្រប់រូបឱ្យងាកមកពង្រឹងការប្រើប្រាស់អក្សរជាតិ មុនពេលដែលមរតកដូនតាត្រូវបាត់បង់ និងរងការក្រឡបប្រវត្តិសាស្ត្រពីសំណាក់ប្រទេសជិតខាង។.jpg)
យោងតាមការពិនិត្យជាក់ស្តែងនៅលើបណ្តាញសង្គម មជ្ឈដ្ឋានពលរដ្ឋជាច្រើនបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះខណៈពេលដែលប្រទេសថៃកំពុងខិតខំកែច្នៃ ចម្លង និងប្រកាសប្រាប់ពិភពលោកឱ្យដឹងថាខ្លួនគឺជាម្ចាស់កម្មសិទ្ធិលើអក្សរខមថៃ បែរជាយុវជនជំនាន់ក្រោយរបស់កម្ពុជាភាគច្រើន ពេញនិយមក្នុងការសរសេរតែអក្សរអង់គ្លេសសំនៀងខ្មែរ (ឬហៅថា ស៊ីងខ្មែរ) ទៅវិញ។ មហាជនបានរិះគន់ថា ទម្លាប់អវិជ្ជមាននៃការប្រើប្រាស់ “ស៊ីងខ្មែរ” នេះ កំពុងតែជម្រុញឱ្យយុវជនលែងចេះអក្ខរាវិរុទ្ធខ្មែរច្បាស់លាស់ និងបង្កើតជាឱកាសដ៏ល្អសម្រាប់ភាគីជិតខាង ក្នុងការវាយលុក និងអះអាងទៅកាន់អន្តរជាតិថា កម្ពុជាលែងមានអ្នកចេះដឹង និងប្រើប្រាស់ទម្រង់អក្សរបុរាណទាំងនោះតទៅទៀតហើយ។
យោងតាមប្រភពព័ត៌មានពីក្រុមអ្នកជំនាញអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ឈុតពុម្ព “អក្សរខមថៃ” ដែលស្ថាប័នកំពូលថៃបានបញ្ចេញនោះ មានលក្ខណៈដូចគ្នាបេះបិទទៅនឹងអក្សរខ្មែរ (ជាពិសេសអក្សរមូល និងអក្សរខមដែលខ្មែរប្រើសម្រាប់ចារក្បួនខ្នាតបុរាណ) ស្ទើរតែទាំងស្រុង។ អ្នកជំនាញបានពន្យល់ថា បើទោះជាតាមប្រវត្តិសាស្ត្រថៃគ្រាន់តែខ្ចីអក្សរខ្មែរទៅប្រើសម្រាប់ចារគម្ពីរធម៌បាលីកាលពីសម័យមុនក៏ដោយ ប៉ុន្តែការដែលថៃយកមកអភិវឌ្ឍទៅជាពុម្ពអក្សរឌីជីថលស្តង់ដារនាពេលនេះ គឺជាយុទ្ធសាស្ត្រទិញចិត្តអន្តរជាតិ ដើម្បីធ្វើជាម្ចាស់កម្មសិទ្ធិស្របច្បាប់។ ដូច្នេះ ប្រសិនបើកម្ពុជានៅតែបន្តបណ្តោយឱ្យយុវជនខ្មែរនិយមប្រើអក្សរឡាតាំងសំនៀងខ្មែរ និងមិនខ្វល់ខ្វាយពីការសរសេរអក្សរជាតិទេនោះ វាប្រៀបដូចជាការហុចអាវុធឱ្យភាគីជិតខាងដណ្តើមយកបេតិកភណ្ឌវប្បធម៌អក្សរសាស្ត្រខ្មែរយ៉ាងងាយស្រួល។
.jpg)
វិបត្តិអត្តសញ្ញាណឌីជីថល និងការប៉ុនប៉ងលេបត្របាក់អក្សរសាស្ត្រពីសំណាក់ប្រទេសថៃនាពេលនេះ គឺជាការដាស់ស្មារតីដ៏មានឥទ្ធិពលមួយដល់កូនខ្មែរគ្រប់រូប។ វាដល់ពេលហើយដែលយុវជនខ្មែរត្រូវតែបញ្ឈប់ការសរសេរ “ស៊ីងខ្មែរ” ហើយងាកមកប្រើប្រាស់ និងសរសេរអក្សរខ្មែរឱ្យបានត្រឹមត្រូវនៅលើបណ្តាញសង្គម Facebook, TikTok និង Telegram។ ជាមួយគ្នានេះ មហាជនក៏បានទទូចសុំឱ្យក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវតែបង្កើនការផ្សព្វផ្សាយ ចុះបញ្ជីពុម្ពអក្សរបុរាណខ្មែរគ្រប់ទម្រង់ទៅក្នុងប្រព័ន្ធអន្តរជាតិ និងដាក់ចេញវិធានការអប់រំដិតដល់ ដើម្បីការពារ និងអភិរក្សដួងព្រលឹងអក្សរសាស្ត្រជាតិឱ្យបានគង់វង្សជារៀងរហូត៕










