ស្ត្រីចំណាស់ម្នាក់ដែលរងអំពើហិង្សានិងកំពុងទទួលបានអំណោយពីសប្បុរសជននានាបានបង្កឱ្យមានមតិវែកញែកនៅលើបណ្តាញសង្គមក្រោមហេតុផលថាស្ត្រីរូបនេះគឺជាចោរដែលលួចទូរសព្ទរបស់ជនបង្កអំពើហិង្សា។ មិនត្រឹមតែសាធារណជនប៉ុណ្ណោះទេបវរកញ្ញាខ្មែរកម្ពុជាក្រោម ឆន ស្រីណេត វិញក៏បានបង្ហាញការហួសចិត្តនៅពេលឃើញចោរទទួលបានអំណោយដោយលើកឧទាហរណ៍ពីសៀ.មទៀតផង។

នៅយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឆន ស្រីណេត Miss Tourism Cambodia 2022 បានចែករំលែកការបង្ហោះមួយដោយភ្ជាប់មកជាមួយនឹងសម្តីថា «ចោរបានអំណោយ
ឧទាហរណ៍ ពេលសៀមលួចដីយើងហើយមានអ្នកជិតខាងឬមានប្រជាជនយើងមួយចំនួនអាណិតពួកចោរសៀមណាស់ ដោយសារវាអត់ដីនៅ ហើយមកឱ្យអំណោយនិងលើកទឹកចិត្តពួកចោរ យើងជាម្ចាស់ផ្ទះមានអារម្មណ៍យ៉ាងណាដែរ ? »។ យ៉ាងណា ស្រីណេត បានបន្ថែមថា នាងក៏មិនគាំទ្រអំពើហឹង្សាដូចគ្នាតែលួចគេគឺខុស១០០%ហើយនាងក៏មិនអាណិតទេមនុស្សចេះលួចរបស់គេនោះ។
ការលើកឡើងរបស់ ឆន ស្រីណេត មានមនុស្សជាច្រើនបានបង្ហាញការយល់ស្របពុំគួរលើកទឹកចិត្តចោររបៀបនេះនោះទេតែក៏មិនគាំទ្រអំពើហិង្សាដូចគ្នាប្រសិនជាប្រព្រឹត្តខុសគឺទុកឱ្យច្បាប់ជាអ្នកដោះស្រាយ ខណៈអ្នកខ្លះក៏លើកឡើងថាការឱ្យនេះដោយសារតែក្តីអាណិតអាសូរ។ ជាមួយនឹងការចែករំលែករបស់ ឆន ស្រីណេត មានប្រិយមិត្តមួយរូបបានបង្ហាញពីរូបភាព Screenshot ពីការចោទប្រកាន់ថាស្រ្តីចំណាស់នោះជាមនុស្សញៀនល្បែង។

គួរបញ្ជាក់ផងដែរថា ស្ត្រីម្នាក់ដែលមានយីហោថា កាកាសាឡន រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពចាប់បង្ខាំង និងធ្វើទារុណកម្មលើស្ត្រីវ័យចំណាស់ម្នាក់ជាបម្រើការងារក្នុងផ្ទះក្រោមហេតុផលខឹងស្រ្តីរូបនេះលួចទូរសព្ទរបស់ខ្លួនទៅលក់៕










