ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកង នៃកងយោធពលខេមរភូមិន្ទ បានធ្វើលិខិតប្តឹង ផ្ញើទៅនាយឧត្តមសេនីយ៍ ROMEO S. BRAWNER JR អគ្គសេនាធិការហ្វីលីន អំពីសកម្មភាពរបស់ក្រុមអ្នកសង្កេត ការណ៍អាស៊ានប្រចាំប្រទេសថៃ AOT ដែឡបានចូលមកដាំកូនឈើនៅតំបន់ប្រាសាទខ្នារ ក្នុងអធិបតេយ្យភាពកម្ពុជាដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមខ្លឹមសារលម្អិតនៃលិខិតផ្លូវការដែលផ្ញើទៅកាន់ នាយឧត្តមសេនីយ៍ ROMEO S. BRAWNER JR អគ្គសេនាធិការកងទ័ពហ្វីលីពីន ដែលជាប្រធានដឹកនាំកងកម្លាំងក្រុមអ្នកសង្កេតការណ៍អាស៊ាន ភាគីកម្ពុជាបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងក្លាចំពោះព្រឹត្តិការណ៍ខុសច្បាប់ដែលបានកើតឡើងកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។ នៅថ្ងៃកើតហេតុ សមាជិកក្រុម AOT ប្រចាំប្រទេសថៃ អមដោយកងកម្លាំងប្រដាប់អាវុធថៃ បានឆ្លងដែនចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់ជិតប្រាសាទខ្នារ ស្ថិតនៅក្នុងភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីធ្វើសកម្មភាព «ដាំកូនឈើ» ទាំងបំពាន ដោយគ្មានការជូនដំណឹងជាមុន ឬមានការសហការជាមួយភាគីកម្ពុជានៅកម្រិតណាមួយឡើយ។
លិខិតបណ្ដឹងនេះបញ្ជាក់ថា «កងយោធពលខេមរភូមិន្ទចាត់ទុកថា សកម្មភាពទាំងនេះ មិនស្របនឹងគោលការណ៍អព្យាក្រឹតភាព ការកសាងទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតយន្តការក្រុម AOT ទាល់តែសោះ។ រាល់សកម្មភាពដែលធ្វើឡើងលើសពីដែនសមត្ថកិច្ចដែលបានឯកភាពគ្នា ជាពិសេសនៅតំបន់ព្រំដែនដែលមានភាពរសើប អាចបង្កហានិភ័យដល់ការបំផ្លាញ ទំនុកចិត្ត ដែលភាគីទាំងពីរបានខិតខំកសាងយ៉ាងលំបាក និងអាចប៉ះពាល់ជាអវិជ្ជមាន ដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីសម្រេចបាននូវដំណោះស្រាយ ប្រកបដោយសន្តិភាព និងចីរភាពចំពោះបញ្ហាពាក់ព័ន្ធនឹងព្រំដែន»។

លោក វង្ស ពិសេន មានប្រសាសន៍ថា ក្នុងគោលបំណងរក្សាទំនុកចិត្ត និងសុចរិតភាព នៃយន្តការ AOT លោកស្នើសុំការគាំទ្រពី ROMEO S. BRAWNER JR ក្នុងការពិនិត្យឡើងវិញ ចំពោះសកម្មភាពខាងលើ និងធានាថា នាយទាហាននៃក្រុម AOT ទាំងអស់គោរពយ៉ាងម៉ឺងម៉ាត់ តាមលក្ខខណ្ឌយោង ដែលបានឯកភាពគ្នា ព្រមទាំងរក្សាអព្យាក្រឹតភាព ដែលរំពឹងទុកក្នុងបេសកកម្មនេះ ។ ការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះលក្ខខណ្ឌទាំងនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការរក្សាទំនុកចិត្តគ្នាទៅវិញទៅមក និងធានាថាក្រុមAOT នឹងបន្តបំពេញតួនាទី តាមគោលបំណងរបស់ខ្លួន ក្នុងនាមជាយន្តការសម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងការកសាងទំនុកចិត្ត៕










