មួយរយៈចុងក្រោយនេះរឿងរ៉ាវសិស្សមួយចំនួនមិនឱ្យតម្លៃគ្រូបង្រៀនបានធ្វើឱ្យបណ្តាញសង្គមរង្គោះរង្គើចាប់តាំងពីអ្នកធ្វើវីដេអូ រ៉ាឌី រហូតដល់ គ្រីស ឌីណា។ ជុំវិញអ្នកមួយចំនួនមើលរំលងពីគុណតម្លៃរបស់គ្រូបង្រៀន សឹក សិលា ដែលជាអ្នកធ្វើវីដេអូនិងជាអ្នកលក់អនឡាញមួយរូបបានចេញវីដេអូមួយធ្វើឱ្យមានមតិជាច្រើនបង្ហាញការគាំទ្រលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIVAQ_7YD3fFEThrnooxGmi6t5u46SL4AQKXZlRFDNZue6iFLeVqm6v9_jgkmmM96KB9H2mgiM9FAmCJDCzfgdzgc3swvYrBWnkvQ2SnyAfTCien45VbXa6qtALlkuhV1HshGYlWtbw3MC9epTFOwpeQvwZD0zp6azWJprQH7MggzBuwgxyVqtFTYor2o/s1440/image_2026-06-30_10-19-01.png
នៅយប់ថ្ងៃទី២៨ ខែមិថុនា សឹក សិលា បានបង្ហោះវីដេអូមួយដោយដាក់ចំណងជើងថា «មើលងាយគ្រូ មើលងាយម៉ែឪ»។ អ្នកធ្វើវីដេអូរូបនេះបានលើកឡើងថា គ្រូដែលធ្លាប់បង្រៀនយើងអាចមិនឆ្លាតដូចយើងឥឡូវ អាចនឹងមិនរកស៊ីមានដូចយើងឥឡូវ ប៉ុន្តែយើងក៏គ្មានថ្ងៃនេះដែរប្រសិនជាគ្មានគ្រូ។
ការលើកឡើងនេះ សឹក សិលា បានបញ្ជាក់ថាលោកនិយាយក្នុងនាមជាសិស្សដែលមិនពូកែ ហើយលោកគ្រូអ្នកគ្រូក៏ពុំសូវជាចូលចិត្តលោកដែរប៉ុន្តែលោកនៅតែឱ្យតម្លៃគ្រូពីព្រោះសីលធម៌ ការរស់នៅក្នុងសង្គម ចំណេះដឹង ក្រៅពីឪពុកម្តាយគឺគ្រូនេះឯងជាអ្នកឱ្យ។ សឹក សិលា ថាទោះបីជាមានលុយ រៀនសូត្រនៅក្រៅប្រទេសក៏ដោយកុំមើលងាយគ្រូ កុំមើលងាយម៉ែឪ នៅពេលគាត់ប្រៀបប្រដៅស្តីថាចង់ឱ្យយើងល្អ ទោះបីជាមិនត្រូវចិត្ត ឬហួសសម័យក៏ដោយមិនត្រូវស៊កសៀតពាក្យសម្តីទៅគាត់វិញនោះទេ។
គូស្នេហ៍ អេណា ក៏បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួននៅពេលលោករកស៊ីមានបានគួរសមទៅលេងអ្នកគ្រូ លោកគ្រូនៅខេត្ត ទោះបីជាគាត់ចូលចិត្តឬមិនចូលចិត្តនៅពេលឮថាលោកទៅលេងគឺរត់មកឱបដោយក្តីរំភើប និងផ្តាំថាមិនបាច់ជូនលុយនោះទេត្រឹមតែការមកលេង ការចងចាំគឺគាត់សប្បាយចិត្តត្រេកអរទៅហើយ។ សឹក សិលា ថាមានលោកគ្រូអ្នកគ្រូខ្លះមិនចូលចិត្តលោកទេ ប៉ុន្តែយ៉ាងណាទឹកចិត្តរបស់គាត់នៅតែជូនពរ និងចង់ឃើញពីការរីកចម្រើនរបស់ខ្លួន។

អ្នកធ្វើវីដេអូរូបនេះទទួលស្គាល់ថា មិនថាឪពុកម្តាយឬគ្រូបង្រៀននោះទេសុទ្ធតែអាចមានល្អនិងមិនល្អ ដោយពេលខ្លះអាចលំអៀងប៉ុន្តែចុងក្រោយពួកគាត់នៅតែចង់ឃើញយើងរីកចម្រើននិងមានមោទនភាព។ សឹក សិលា ថាយើងមិនអាចនៅក្មេងរហូតហើយប្រាជ្ញារបស់យើងក៏អាចមានកម្រិតទាបជាងក្មេងជំនាន់ក្រោយដែរ ហើយនៅពេលធ្វើជាឪពុកម្តាយគេ កូនអាចឆ្លាតជាងយើងពូកែជាងយើងប្រយ័ត្នតែកូនស៊កសៀតពាក្យសម្តីវិញពេលនោះនឹងដឹងថាឈឺយ៉ាងមិច៕










