គ្រឿងសម្អាងចំនួន៥មុខដែលក្រសួងសុខាភិបាលប្រកាសថាមានផ្ទុកសារធាតុគីមីបារតនិងសារធាតុគីមី អាស៊ីត សាលីស៊ីលិច លើសកម្រិតបទដ្ឋានស្តង់ដា បានធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លោក ហេង វិសាល ដែលជាម្ចាស់ប្រ៊េនមួយរូបនិងជា Influencer បានថ្លែងអំណរគុណទៅកាន់ក្រសួងដែលបានត្រួតពិនិត្យទប់ស្កាត់កុំឱ្យមានហានិភ័យដល់សុខភាពប្រជាពលរដ្ឋ។

នៅថ្ងៃទី២៧ ខែមិថុនា លោក ហេង វិសាល បានចែករំលែកការបង្ហោះរបស់ក្រសួងសុខាភិបាលទាក់ទងគ្រឿងសម្អាងចំនួន៥មុខមានផ្ទុកសារធាតុគីមីបារតនិងសារធាតុគីមី អាស៊ីត សាលីស៊ីលិច លើសកម្រិតបទដ្ឋានស្តង់ដា។ លោកបានសរសេរថា «អរគុណក្រសួងសុខាភិបាលដែលបានចុះត្រួតពិនិត្យ វាអាចជួយបង្ការកុំឱ្យខូចសុខភាពដល់ប្រជាពលរដ្ឋ តែបើអាចពិនិត្យច្បាស់ៗហើយទប់ស្កាត់ពេលដែលម្ចាស់អាជីវកម្មយកផលិតផលទៅចុះប្រវេតនោះរឹតតែល្អ ព្រោះវាទប់ស្កាត់កុំឱ្យមានហានិភ័យដល់សុខភាពប្រជាពលរដ្ឋយើងតែម្តង»។
ទន្ទឹមនឹងគាំទ្រចំណាត់ការរបស់ក្រសួងសុខាភិបាលក្នុងគាំទ្រឱ្យត្រួតពិនិត្យផលិតផលមុនចុះប្រវេត ក្នុងនាមជាម្ចាស់ប្រ៊េនមួយរូបលោក ហេង វិសាល បានបង្ហាញថាវិស័យនេះមានរឿងរ៉ាវច្រើន ពេលខ្លះម្ចាស់ផលិតផលខូច ពេលខ្លះខាងរោងចក្រក៏ខូចលួចដាក់សារធាតុហាមឃាត់។.png)
លោកបានសរសេរថា «ពេលខ្លះអ្នកផលិតខូច ចង់បានលទ្ធផលលឿនក៏ប្រាប់រោងចក្រឱ្យ ដាក់សារធាតុត្រូវបានហាមឃាត់ រោងចក្រខ្លះអត់Standardនឹងធ្វើតាមអ្វីដែលម្ចាស់ Brand កម្ម៉ង់ បើរោងចក្រមានស្តង់ដាគេមិនធ្វើទេ ហើយមានពេលខ្លះម្ចាស់ Brand អត់ខូច តែប៉ះរោងចក្រខូច លួចដាក់សារជាតិគ្រោះថ្នាក់ដោយអត់ប្រាប់ម្ចាស់ Brandទេ ព្រោះចង់ឱ្យគេកម្ម៉ង់អីវ៉ាន់ខ្លួន»។
Influencer ល្បីឈ្មោះរូបនេះលើកឡើងទៅកាន់អ្នកប្រើប្រាស់ឱ្យស្វែងរកផលិតផលដែលមានប្រវេតព្រោះដើម្បីបានប្រវេតដែលចេញពីក្រសួងសុខាភិបាលផលិតផលនោះតម្រូវឱ្យបញ្ជាក់ពីកំរិតសុវត្ថិភាពពីក្រសួងសុខាភិបាលនៅប្រទេសដើមដែលបានផលិត។ យ៉ាងណាក៏ដោយលោក ហេង វិសាល បានបង្ហាញភាពស្មុគស្មាញបន្ទាប់ពីឃើញផលិតផលលំដាប់អន្តរជាតិមាន Label ជាមួយនឹងគ្រូពេទ្យជំនាញសើស្បែកក៏បែរជាមានសារជាតិមួយចំនួនអាចធ្វើឱ្យកើតមហារីក៕










