Home ព័ត៌មានអន្តរជាតិ សភាប៉ូឡូញជំរុញបង្កើតច្បាប់ថ្មីអនុញ្ញាតឱ្យយកសត្វចិញ្ចឹមចូលបន្ទប់អ្នកជំងឺដំណាក់កាលចុងក្រោយ

សភាប៉ូឡូញជំរុញបង្កើតច្បាប់ថ្មីអនុញ្ញាតឱ្យយកសត្វចិញ្ចឹមចូលបន្ទប់អ្នកជំងឺដំណាក់កាលចុងក្រោយ

87
0

តើដឹងទេថា ក្តីបារម្ភបំផុតរបស់អ្នកជំងឺដំណាក់កាលចុងក្រោយនៅប្រទេសប៉ូឡូញ គឺភាពឯកោ និងការនឹករលឹកសត្វចិញ្ចឹមរបស់ខ្លួននៅឯផ្ទះ? រឿងរ៉ាវដ៏ក្តុកក្តួលនេះ បានក្លាយជាកម្លាំងរុញច្រានឱ្យសមាជិកសភាប៉ូឡូញជំរុញបង្កើតច្បាប់ថ្មីអនុញ្ញាតឱ្យយកសត្វចិញ្ចឹមចូលក្នុងបន្ទប់អ្នកជំងឺនៅមន្ទីរពេទ្យ ដើម្បីបំពេញបំណងប្រាថ្នារបស់អ្នកជំងឺមានឱកាសលាវាជាលើកចុងក្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt5bqjugMuEGVWu7jqPfTV-LwfC9nZizq_W9KEnWECp3oE6Mk9QKZu4CLLZJhinJYxiTfq_yI5wKZrv4b_nlFU_9IzT1q0AT0O4_UQ1EQw8RQAE33vtDRTOq_Q7pAU3WPm8_N4Qul2wPVo_1xiNTiZf1h8YfwxGdE7xdyZGC6u1yGssXMr_cZ-gvGDZM4/s1280/photo_2026-06-29_08-34-46%20(2).jpg
នៅខែមិថុនា ឆ្នាំ២០២៦ សភាប៉ូឡូញបានជំរុញឱ្យរបង្កើតច្បាប់ថ្មី ដែលអនុញ្ញាតឱ្យអ្នកជំងឺដំណាក់កាលចុងក្រោយដែលសម្រាកនៅមន្ទីរពេទ្យ និងមណ្ឌលថែទាំ មានសិទ្ធិទទួលការសួរសុខទុក្ខពីសត្វចិញ្ចឹមរបស់ខ្លួនដោយស្របច្បាប់។ សំណើច្បាប់នេះត្រូវបានដាក់ជូនគណៈកម្មាធិការសុខាភិបាលនៃសភាប៉ូឡូញ ដើម្បីពិភាក្សាពីការផ្តល់សិទ្ធិជាផ្លូវការ បន្ទាប់ពីគ្រូពេទ្យជំនាញអះអាងថា បើអ្នកជំងឺបានជួបសត្វចិញ្ចឹម នឹងអាចជួយសម្រាលទុក្ខទាំងផ្លូវកាយ និងផ្លូវចិត្ត ។

អ្នកមានគំនិតដំបូងគេជំរុញឱ្យបង្កើតច្បាប់នេះ គឺលោក Tomasz Dzierżanowski វេជ្ជបណ្ឌិតឯកទេសថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Warsaw។ លោកជំរុញឱ្យអ្នកជំងឺមានសិទ្ធិជួបសត្វចិញ្ចឹមរបស់ខ្លួន ក្រោយមើលឃើញអ្នកជំងឺខ្លះដែលគ្មានសាច់ញាតិ មានភាពឯកោយ៉ាងខ្លាំងពេលជិតដល់ដង្ហើមចុងក្រោយ ហើយមិនរំពឹងអ្វីក្រៅពីសត្វចិញ្ចឹម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL8vyvJDeaTP09Ykxvyvf91eb-Zvsc7ICHZxz78edn99RTfzhpmyItCf0IrGYVFVjB__Nb22Yp5DfDJu1V_FKHAk_tyUwToW2zkmaxh4OS50Su8PZA-9FcXiUGzY5Wjz0OdwT1B6W1Yg3KgXpPTI9BiyNrM756F0CE3gRnDVezKM4B6SpIqpy8QPDnnes/s670/photo_2026-06-29_08-34-46.jpg
បន្ទាប់មក អ្នកស្រី Katarzyna Piekarska សមាជិកសភាប៉ូឡូញ ដែលជាអ្នកជំងឺមហារីកដែរនោះ បានគាំទ្រគំនិតរបស់លោក Tomasz ហើយក៏យកគំនិតនេះមកបង្កើតជាសេចក្តីព្រាងច្បាប់ដើម្បីឈានទៅបង្កើតច្បាប់ស្តីពីសិទ្ធិអ្នកជំងឺនៅប្រទេសប៉ូឡូញ ដោយដាក់សំណើទៅកាន់សភា។ អ្នកស្រីថា អ្នកជំងឺធ្ងន់ធ្ងរមួយចំនួនមិនបារម្ភពីជីវិតខ្លួនឯងទេ បែរជាបារម្ភខ្លាំងពីឆ្មា ឆ្កែ មិនព្រមស៊ីចំណីនៅផ្ទះ នៅពេលគ្រូពេទ្យអនុញ្ញាតឱ្យយកសត្វចូលបន្ទប់ វាធ្វើឱ្យអ្នកជំងឺរំភើបរហូតស្រក់ទឹកភ្នែក ទើបអ្នកស្រីជំរុញការបង្កើតច្បាប់។

គោលបំណងនៃការបង្កើតច្បាប់ គឺដើម្បីឱ្យអ្នកជំងឺដំណាក់កាលចុងក្រោយមានសិទ្ធិជួបជុំ និងលាសត្វចិញ្ចឹមរបស់ពួកគេ។ កន្លងមក ការអនុញ្ញាតឱ្យយកសត្វចិញ្ចឹមចូលបន្ទប់អ្នកជំងឺ គឺអាស្រ័យលើការសម្រេចចិត្តរបស់ប្រធានមន្ទីរពេទ្យ ឬគ្លីនិកនីមួយៗប៉ុណ្ណោះ (មិនទាន់មានច្បាប់ផ្លូវការទេ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihZFQglBecRhXmcBQsVIEva_e6h35kI8ThdcuIf4sjMRKFXLcrdsgaKp_YyNyPNWNAnhwGWPCD-7cYec4pocqiwXRqHyiVCqXs71zkDEE5PKzfC6UE0vTWscGkgEFJG7tTRUp73MXiXvwb99QB2V0AwuItNNUJOfaDfG1AhSi8verq5sgWfFU-kpbIeFw/s1200/photo_2026-06-29_08-34-47.jpg

គួរបញ្ជាក់ថា បើទោះជាសំណើបង្កើតច្បាប់នេះទទួលបានការគាំទ្រជាច្រើនក៏ដោយ ប៉ុន្តែតម្រូវឱ្យមន្ទីរពេទ្យនានាកំណត់វិធានការតឹងរ៉ឹងសម្រាប់អ្នកយកសត្វចិញ្ចឹមចូល ដូចជា៖ បង្ហាញឯកសារពីសត្វមានសុខភាពល្អ និងបានចាក់វ៉ាក់សាំងត្រឹមត្រូវ។ ការយកសត្វចូលក្នុងបន្ទប់អ្នកជំងឺ អាចត្រូវបានបដិសេធ ប្រសិនបើអ្នកជំងឺមានសភាពមិននឹងនរ ឬមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគ៕