ទំនុកចិត្ត និងកេរ្តិ៍ឈ្មោះដែលខំសាងមកអស់រយៈពេលជាង ១០ឆ្នាំ ត្រូវរលាយក្នុងពេលត្រឹមតែមួយប៉ព្រិចភ្នែកដោយសារតែភាព «មិនស្មោះត្រង់»។ ជាក់ស្ដែងហាងលក់អាហារសមុទ្រដ៏ល្បីឈ្មោះ «ចរណៃ» បានចេញសេចក្តីជូនដំណឹងផ្លូវការមួយដ៏គួរឱ្យភ្ញាក់ផ្អើល ដោយប្រកាសបិទទ្វារអាជីវកម្មគ្រប់សាខាទាំងអស់ជាអចិន្ត្រៃយ៍ ក្រោយរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីមហាជនជុំវិញរឿងអាស្រូ.វបន្លំលក់ត្រីត្រោតថាជាត្រីសាលម៉ុន។

យោងតាមសេចក្ដីជូនដំណឹងពីទំព័រហ្វេសប៊ុកផ្លូវការរបស់ «ចរណៃ» នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នេះបានឲ្យដឹងថា ប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ ហាងចរណៃទាំងអស់ នឹងផ្អាកដំណើរការណ៏យ៉ាងយូរត្រឹមថ្ងៃទី ២២ សីហា ២០២៦ តទៅ។ ការទុករយៈពេលនេះ គឺខាងហាងធ្វើឡើងដើម្បីបង្ហើយស្តុកដែលមានស្រាប់ ដើម្បីអោយបុគ្គលិកមានពេលវេលាគ្រប់គ្រាន់ទៅរកការងារថ្មីនៅទីតាំងដដែលឬនៅស្រុកកំណើត និងទុកពេលអោយម្ចាស់ផ្ទះជួលអាចរកអ្នកជួលថ្មីបាន ។ល។
ស្របពេលជាមួយគ្នានេះ ហាង «ចរណៃ» បានឆ្លៀតធ្វើការបញ្ជាក់យ៉ាងមុតមាំថា៖ ហាងចរណៃលក់តែត្រីសាម៉ុនអាតាឡង់តិចស្រស់ ដែលចិញ្ចឹមនៅប្រទេសន័រវែស (Norway) ឬ អូស្រ្តាលី និងត្រីត្រោត (trout) ដែលចិញ្ចឹមនៅប្រទេសន័រវែស។ ត្រីត្រោតស្រស់ (Fjord trout) នៅហាងចរណៃ គឺត្រីដែលគេចិញ្ចឹមនៅសមុទ្រទឹកជ្រៅ ក្នុងប្រទេសន័រវែ ហើយអាចហូបឆៅបានយ៉ាងមានសុវត្តិភាព។ ចរណៃមិនដែលលក់ត្រីត្រោតដែលរស់នៅតាមធម្មជាតិ ហើយក៏មិនដែលលក់ត្រីត្រោតដែលគេចិញ្ចឹមនៅប្រទេសណា ក្រៅពីប្រទេស ន័រវែស នោះដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ក្រៀមក្រំនោះ ម្ចាស់ហាងចរណៃបានបញ្ជាក់ថា ពួកគាត់ពិតជាមានការសោកស្តាយជាខ្លាំងចំពោះកំហុសឆ្គងដែលបានកើតឡើង និងបានសម្រេចចិត្តបិទអាជីវកម្មលក់គ្រឿងសមុទ្រដែលបើកដំណើរការអស់រយៈពេលជាង ១ទសវត្សរ៍មកនេះត្រឹមថ្ងៃនេះហើយ។.jpg)
ការដួលរលំនៃហាងលក់គ្រឿងសមុទ្រ «ចរណៃ» ដែលធ្លាប់តែមានការគាំទ្រយ៉ាងខ្លាំងក្លាក្នុងចំណោមអ្នកចូលចិត្តញ៉ាំអាហារសមុទ្រ និងមានសាខាច្រើនទាំងនៅភ្នំពេញ និងតាមខេត្តនេះ បានក្លាយជាមេរៀនប្រវត្តិសាស្ត្រដ៏ធំមួយសម្រាប់អ្នករកស៊ីនៅក្នុងប្រទេសកម្ពុជា។ វាក៏ជាការព្រមានមួយយ៉ាងច្បាស់ៗទៅកាន់អាជីវករដទៃទៀតថា ក្នុងយុគសម័យឌីជីថលនេះ អតិថិជនមិនមែនងាយស្រួលបោកបញ្ឆោតនោះឡើយ ហើយ «ភាពស្មោះត្រង់» គឺជាខ្យល់ដង្ហើមតែមួយគត់ដែលអាចទ្រទ្រង់អាជីវកម្មឱ្យរស់រានមានជីវិតបានយូរអង្វែង៕










