តើពិភពលោកនឹងរងផលប៉ះពាល់ខ្លាំងប៉ុនណា បើខ្វះខាតស្ករសពីឥណ្ឌា? ការសម្រេចចិត្តផ្អាកនាំចេញស្ករសភ្លាមៗរបស់មហាអំណាចកសិកម្មមួយនេះ បន្ទាប់ពីផ្ទៃដីដាំអំពៅរាប់លានហិកតារងការបំផ្លា.ញ និងខ្វះខាតទឹកស្រោចស្រពដោយសារគ្រោះរាំងស្ងួត កំពុងធ្វើតែឱ្យតម្លៃស្ករសនៅលើទីផ្សារពិភពលោក ហក់ឡើងខ្ពស់កប់ពពក។.jpg)
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋាភិបាលឥណ្ឌាបានប្រកាសផ្អាកនាំចេញស្ករស ដោយមានប្រសិទ្ធភាពភ្លាមៗរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ និងទប់ស្កាត់ការឡើងថ្លៃស្ករសក្នុងស្រុក បន្ទាប់ពីការប្រមូលផលអំពៅរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រោះរាំងស្ងួតដោយសារបាតុភូតអែលនីញ៉ូ (El Nino)។ .jpg)
បាតុភូតនេះបង្កឱ្យមានគ្រោះរាំងស្ងួត និងកម្រិតទឹកភ្លៀងក្នុងរដូវវស្សាធ្លាប់ចុះទាបបំផុតក្នុងរយៈពេល១១ឆ្នាំកន្លងមក ហើយកង្វះខាតទឹកស្រោចស្រពធ្វើឱ្យផ្ទៃដីដាំដុះអំពៅកាន់តែតិច ព្រោះកសិករមួយចំនួនសម្រេចចិត្តកាត់បន្ថយផ្ទៃដីដាំដុះ ឬប្តូរទៅដាំដំណាំផ្សេងដែលត្រូវការទឹកតិចជាង។ វាធ្វើឱ្យទិន្នផលស្ករសរបស់ឥណ្ឌាសម្រាប់រដូវកាលនេះអាចធ្លាក់ចុះមកនៅត្រឹម ២៧,៩លានតោន ដែលទាបជាងតម្រូវការប្រើប្រាស់ក្នុងស្រុកប្រចាំឆ្នាំ ស្មើប្រមាណ ២៨,៥លានតោន។.jpg)
ទោះបីជាមានបម្រាមជាទូទៅក៏ដោយ ក៏រដ្ឋាភិបាលឥណ្ឌានៅតែអនុញ្ញាតឱ្យនាំចេញស្ករសក្នុងបរិមាណកំណត់ទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) នៅក្រោមកិច្ចព្រមព្រៀងកូតាពិសេសដែលមានស្រាប់ រួមទាំងនាំចេញតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដើម្បីជួយដល់សន្តិសុខស្បៀងក្នុងប្រទេសមួយចំនួន។ ក្រៅពីនេះ រដ្ឋាភិបាលឥណ្ឌាបានជំរុញគោលនយោបាយបង្វែរទឹកអំពៅទៅផលិតជាជីវឥន្ធនៈអេតាណុលកាន់តែច្រើនសម្រាប់លាយជាមួយប្រេងសាំងប្រើប្រាស់ជាមួយរថយន្ត និងម៉ូតូ។.jpg)
អ្នកជំនាញពាណិជ្ជកម្មព្យាករថា ឥណ្ឌាធ្លាប់ជាប្រទេសនាំចេញស្ករស លំដាប់ទី២ លើពិភពលោក (ដែលការនាំចេញជាមធ្យមស្មើ៦លាន ៨សែនតោនក្នុង១ឆ្នាំ ឬប្រមាណ ១០% នៃការនាំចេញរបស់ពិភពលោក) អាចនឹងមិនមានស្ករសលើសសម្រាប់នាំចេញក្នុងបរិមាណច្រើនទេក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ ប្រសិនបើស្ថានភាពគ្រោះរាំងស្ងួតនៅតែបន្តអូសបន្លាយ ប្រទេសនេះនឹងត្រូវបង្ខំចិត្តនាំចូលស្ករសពីក្រៅប្រទេសវិញជាលើកដំបូង។
សូមរំឭកថា ឥណ្ឌាបាននាំចេញស្ករសទៅកាន់បណ្តាប្រទេសជាច្រើន ក្នុងនោះការនាំចេញទៅទីផ្សារចម្បងៗស្ថិតនៅតំបន់អាស៊ី អាហ្វ្រិក និងមជ្ឈឹមបូព៌ា ហើយអវត្តមានស្ករសឥណ្ឌានឹងប៉ះពាល់ដល់ការផ្គត់ផ្គង់លើទីផ្សារពិភពលោក និងជំរុញឱ្យតម្លៃស្ករសកើនឡើងខ្ពស់៕










