Home ព័ត៌មានអន្តរជាតិ ផ្អើលពិភពលោក! គុយបាជួបគ្រោះរញ្ជួយដីខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រជិត១៥០ឆ្នាំ រង្គើខ្លាំងដល់អាមេរិក និងម៉ិកស៊ិក

ផ្អើលពិភពលោក! គុយបាជួបគ្រោះរញ្ជួយដីខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រជិត១៥០ឆ្នាំ រង្គើខ្លាំងដល់អាមេរិក និងម៉ិកស៊ិក

110
0

បន្ទាប់ពីប្រទេសហ្វីលីពីន ស្រាប់តែនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ប្រទេសគុយបាបានរងការវាយប្រ.ហារដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ ៦,១ រិចទ័រ នៅតំបន់ឆ្នេរសមុទ្រភាគពាយ័ព្យ។ នេះត្រូវបានកត់ត្រាថា ជាគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុតមួយក្នុងប្រវត្តិសាស្ត្ររយៈពេលជិត ១៥០ឆ្នាំកន្លងមក ដែលបង្កកម្លាំងរំញ័ររាលដាលរហូតដល់រដ្ឋផ្លរីដា សហរដ្ឋអាមេរិក និងតំបន់មួយចំនួនក្នុងប្រទេសម៉ិកស៊ិក។

ភ្នាក់ងារអង្កេតភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានបញ្ជាក់ថា វិបត្តិនេះមានជម្រៅ ២៦គីឡូម៉ែត្រ ដោយមានចំណុចកណ្តាលស្ថិតនៅចម្ងាយប្រមាណ ១០៤គីឡូម៉ែត្រពីភាគពាយ័ព្យទីក្រុង Mantua។ វាជាបាតុភូតដ៏កម្រមួយដែលមិនសូវដែលកើតមានឡើយក្នុងតំបន់ឈូងសមុទ្រម៉ិកស៊ិក ដែលធ្វើឱ្យប្រជាពលរដ្ឋនៅភាគខាងលិចប្រទេសគុយបា ភ័យស្លន់ស្លោ និងរត់ចេញពីសំណង់អគារនានា។

ទោះបីជាមិនទាន់មានរបាយការណ៍ពីការខូចខាតធ្ងន់ធ្ងរ ឬជនរងគ្រោះ ហើយក៏គ្មានការព្រមានពីគ្រោះថ្នាក់រលកយក្សស៊ូណាមិ (Tsunami) ពីសំណាក់មន្ត្រីឧតុនិយមក៏ដោយ ប៉ុន្តែព្រឹត្តិការណ៍នេះបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់អ្នកជំនាញ ដោយសារសំណង់អគារភាគច្រើននៅក្នុងតំបន់នោះមានសភាពចាស់ទ្រុឌទ្រោមទៅហើយ។

កម្លាំងរំញ័រដ៏ខ្លាំងក្លានេះ ក៏បានជះឥទ្ធិពលដល់អគាររដ្ឋាភិបាលមួយចំនួនក្នុងទីក្រុង Miami រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ផងដែរ ដែលតម្រូវឱ្យមានការផ្អាកប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងជម្លៀសមនុស្សចេញជាបណ្តោះអាសន្នដើម្បីសុវត្ថិភាព។ ដោយឡែក នៅប្រទេសម៉ិកស៊ិក ឯណោះវិញ ប្រជាជននៅទីក្រុងទេសចរណ៍ល្បីៗ ដូចជា Cancun, Playa del Carmen និង Tulum ក៏បានដឹងពីកម្លាំងរំញ័រនេះប្រហែល ១នាទី និងបាននាំគ្នាជម្លៀសចេញពីអគារភ្លាមៗ ប៉ុន្តែមិនមានការខូចខាតទ្រព្យសម្បត្តិឡើយ។

បច្ចុប្បន្ន ស្ថាប័នជំនាញគុយបា សហការជាមួយអាជ្ញាធរដែនដី បានដាក់ចេញនូវវិធានការឆ្លើយតបបន្ទាន់ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងតាមដាន និងវាយតម្លៃលទ្ធភាពនៃការកើតមានរញ្ជួយដីបន្ទាប់ (Aftershocks)។ បន្ថែមលើនេះ ក្រុមកម្លាំងជំនាញក៏បានចុះពិនិត្យរចនាសម្ព័ន្ធអគារសំខាន់ៗ និងសំណង់ចាស់ៗក្នុងទីក្រុងយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុដែលអាចកើតមានឡើងដោយសារស្នាមប្រេះស្រាំ៕