បើហ៊ានតែល្មើសនឹងត្រូវចាប់ផ្សឹកភ្លាមៗ ប្រទេសឡាវកំពុងប្រើធម៌ជម្រុះសង្ឃ Content Creator ដែលតែងយកសាសនាមកធ្វើជាអាជីវកម្ម ដោយបានដាក់ចេញនូវច្បាប់វិន័យតឹងរ៉ឹងបំផុត ហាមឃាត់ដាច់ខាតមិនឱ្យព្រះសង្ឃប្រើប្រាស់បណ្តាញសង្គម ដើម្បីផ្សព្វផ្សាយមន្តអាគមគាថា ឬអួតអាងរឿងឫទ្ធិបារមីបោកប្រាស់ពុទ្ធបរិស័ទយកលាភសក្ការៈផ្ទាល់ខ្លួនឡើយ។ ចំណាត់ការក្តៅគគុកនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃសីលធម៌សង្ឃ និងការយកសាសនាមកធ្វើជាឧបករណ៍អាជីវកម្មរកលុយតាមអនឡាញ ដែលកំពុងតែរីករាលដាលគួរឱ្យព្រួយបារម្ភ។

យោងតាមការចុះផ្សាយផ្លូវការរបស់សារព័ត៌មានជាតិឡាវ Vientiane Times និងសេចក្តីប្រកាសបទបញ្ញត្តិរបស់ អង្គការសម្ព័ន្ធពុទ្ធសាសនកជនឡាវ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ន្លងទៅនេះ បានបញ្ជាក់ថា បទប្បញ្ញត្តិថ្មីនេះត្រូវអនុវត្តជាកំហិតចំពោះអ្នកបួសទាំងអស់ រួមមាន ព្រះសង្ឃ សាមណេរ តាជី និងដូនជី នៅទូទាំងប្រទេស។

ក្រោមច្បាប់ថ្មីនេះ ព្រះសង្ឃត្រូវបានហាមដាច់ខាតក្នុងការបង្ហោះរូបភាព វីដេអូ ឬនិយាយរៀបរាប់អំពីរឿងសាក់យ័ន្ត មន្តអាគម ការទស្សន៍ទាយ ឬការធ្វើអភិនីហារសម្ញែងឫទ្ធិបារមីផ្សេងៗ ដែលផ្ទុយស្រឡះពីព្រះធម៌វិន័យរបស់ព្រះពុទ្ធ ដើម្បីញុះញង់ឱ្យពលរដ្ឋវង្វេងជឿស្លុង រួចវេរលុយកាក់ចូលគណនី ឬប្រគេនបច្ច័យផ្ទាល់ខ្លួន។.jpg)
ជាមួយគ្នានេះ ច្បាប់ថ្មីក៏បានហាមឃាត់ការឡាយផ្ទាល់ ឬប្រើប្រាស់គណនីបណ្តាញសង្គម ដូចជា TikTok, Facebook, និង YouTube ដើម្បីធ្វើសកម្មភាពពាណិជ្ជកម្ម ការប្រើប្រាស់ពាក្យសម្តីអសុរោះមិនសមរម្យជាសង្ឃ និងការរិះគន់វាយប្រហារគ្នាទៅវិញទៅមកដែលធ្វើឱ្យខូចតម្លៃសាសនាជាតិ។ គណៈសង្ឃឡាវ រួមសហការជាមួយក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ បានបង្កើតគណៈកម្មការជំនាញដើម្បីតាមដានរាល់សកម្មភាពរបស់ព្រះសង្ឃនៅលើអ៊ីនធឺណិត។ ករណីរកឃើញថាមានព្រះសង្ឃអង្គណាល្មើសនឹងការណែនាំនេះ នឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មវិន័យសង្ឃជាដំណាក់កាល ហើយបើធ្ងន់ធ្ងរនឹងត្រូវបង្ខំឱ្យផ្សឹកចាកភពផុសភ្លាមៗ ព្រមទាំងត្រូវបញ្ជូនទៅឱ្យអាជ្ញាធរចាត់ការតាមច្បាប់រដ្ឋ ប្រសិនបើមានការពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់កាស។.jpg)
អ្នកជំនាញផ្នែកវប្បធម៌ និងសាសនានៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានវាយតម្លៃថា វិធានការនេះទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋឡាវទូទៅ ព្រោះពួកគាត់ធុញទ្រាន់នឹងរូបភាពព្រះសង្ឃសម័យទំនើបមួយចំនួន ដែលចូលចិត្តធ្វើខ្លួនជា Content Creator ឡាយវីដេអូកំប្លែងលេងសើច អួតទ្រព្យសម្បត្តិ និងដើរតួជាគ្រូមន្តអាគមទស្សទាយបោកប្រាស់យកលុយ ដែលធ្វើឱ្យបាត់បង់សេចក្តីជ្រះថ្លារបស់ពុទ្ធបរិស័ទយ៉ាងខ្លាំង។ ចំណាត់ការដេញជើងយ៉ាងត្រឹមត្រូវរបស់ប្រទេសឡាវនៅពេលនេះ ត្រូវបានគេរំពឹងថានឹងក្លាយជាគំរូមួយសម្រាប់បណ្តាប្រទេសជិតខាងក្នុងការការពារបរិសុទ្ធភាពនៃពុទ្ធសាសនា៕










