វិស័យនាំចេញរបស់ប្រទេសកម្ពុជា ថៃ និងវៀតណាម កំពុងប្រឈមមុខនឹងហានិភ័យបាត់បង់ប្រាក់ចំណូលរាប់ពាន់លានដុល្លារ ក្រោយពេលសហរដ្ឋអាម៉េរិកបានព្រ.មានដាក់បញ្ចូលប្រទេសទាំងបីនេះ ទៅក្នុងចំណោមប្រទេសចំនួន ៦០ ដែលត្រូវរងការដំឡើងពន្ធគយថ្មី។ វិធានការដំឡើងពន្ធដ៏គំហុកនេះ ធ្វើឡើងបន្ទាប់ពីអាម៉េរិកបានចោទប្រកាន់ថា ប្រទេសទាំងនេះមិនបានទប់ស្កាត់ការប្រើប្រាស់ «ពលកម្មដោយបង្ខំ» នៅក្នុងចង្វាក់ផលិតកម្មទំនិញនាំចេញ។
យោងតាមរបាយការណ៍ស៊ើបអង្កេតផ្លូវការរបស់ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ក្រោមការដឹកនាំរបស់លោក Jamieson Greer បានឱ្យដឹងថា រដ្ឋបាលវ៉ាស៊ីនតោនបានសម្រេចចិត្តប្រើប្រាស់មាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ដើម្បីបើកផ្លូវក្នុងការដំឡើងពន្ធគយថ្មីចាប់ពី ១០% ទៅ ១២.៥% លើទំនិញស្ទើរតែគ្រប់ប្រភេទដែលនាំចូលមកកាន់ទីផ្សារអាម៉េរិក។
.jpg)
មូលហេតុចម្បងដែលនាំឱ្យ USTR បញ្ចេញវិធានការនេះ គឺបន្ទាប់ពីតុលាការកំពូលអាម៉េរិកបានកាត់សេចក្តីលុបចោលការដំឡើងពន្ធចាស់ៗមួយចំនួន ទើបជំរុញឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ស្វែងរកយុទ្ធសាស្ត្រថ្មីមកជំនួសដើម្បីការពារពាណិជ្ជកម្មក្នុងស្រុក ផ្អែកលើការចោទប្រកាន់ថា ប្រទេសក្នុងបញ្ជីទាំង ៦០ បានបរាជ័យក្នុងការទប់ស្កាត់ការប្រើប្រាស់ «ពលកម្មដោយបង្ខំ (Forced Labor)» នៅក្នុងចង្វាក់ផលិតកម្ម។.jpg)
របាយការណ៍នេះ បង្ហាញថាកម្រិតពន្ធគយថ្មីដែលត្រូវបានកំណត់សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមានកម្ពុជាអាច នឹងត្រូវរងការដំឡើងពន្ធ ១០% វិធានការនេះនឹងវាយប្រហារចំៗលើវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ ដែលជាដង្ហើមសេដ្ឋកិច្ចយុទ្ធសាស្ត្ររបស់កម្ពុជា ព្រោះសហរដ្ឋអាម៉េរិកគឺជាទីផ្សារនាំចេញធំបំផុតតែមួយគត់របស់ខ្មែរ។.jpg)
ដូចគ្នានេះដែរ ប្រទេសថៃ និងវៀតណាម អាចនឹងត្រូវរងការដំឡើងពន្ធ ១២.៥%។ ប្រទេសជិតខាងទាំងពីរនេះត្រូវរងពិន័យពន្ធក្នុងកម្រិតខ្ពស់បំផុត។ សម្រាប់វៀតណាម និងថៃ ដែលជាមជ្ឈមណ្ឌលផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត ការឡើងពន្ធដ៏គំហុកនេះនឹងធ្វើឱ្យទំនិញរបស់ពួកគេឡើងថ្លៃ និងបាត់បង់សមត្ថភាពប្រកួតប្រជែងភ្លាមៗ។.jpg)
ដូច្នេះដើម្បីទប់ទល់នឹងសម្ពាធសេដ្ឋកិច្ចពីរដ្ឋបាលអាម៉េរិក ប្រទេសកម្ពុជា ថៃ និងវៀតណាម ត្រូវរៀបចំយុទ្ធសាស្ត្រផ្លូវច្បាប់យ៉ាងប្រញាប់ប្រញាល់ ដើម្បីចូលរួមបកស្រាយនៅក្នុងសវនាការជាសាធារណៈជាមួយ USTR ដែលនឹងត្រូវធ្វើឡើងនៅក្នុងខែកក្កដា ខាងមុខនេះ ក្នុងបំណងការពារផលប្រយោជន៍ និងទប់ស្កាត់កុំឱ្យវិនិយោគិនអន្តរជាតិរត់គេចខ្លួនចេញពីតំបន់អាស៊ាន៕










