ដូចប៉ុន្មានភាគរយដែរបងប្អូន? នៅមុនថ្ងៃបុណ្យ Eid al-Adha ឬពិធីបុណ្យបូជាសត្វរបស់សាសនាឥស្លាមមកដល់ ប្រជាជនបង់ក្លាដែសយ៉ាងច្រើនកុះករបាននាំគ្នាសម្រុកទៅថតរូបជាមួយ «តារាបណ្តាញសង្គម» ដ៏ប្លែកភ្នែកម្នាក់។ នោះមិនមែនជាមនុស្សឡើយ ប៉ុន្តែជាសត្វក្របីភឿកមួយក្បាលដែលមានសក់ពណ៌មាសវែងអន្លាយ ហើយត្រូវបានគេដាក់រហស្សនាមឱ្យថា “ដូណាល់ ត្រាំ” (Donald Trump)។
.jpg)
ក្របីភឿកទម្ងន់ ៧០០ គីឡូក្រាមមួយក្បាលនេះ បានក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីប្អូនប្រុសរបស់ម្ចាស់កសិដ្ឋាន លោក Zia Uddin Mridha វ័យ ៣៨ ឆ្នាំ បានកត់សម្គាល់ឃើញថា ស្ទីលម៉ូដសក់ពណ៌មាស និងការសិតទម្លាក់មកចំហៀងរបស់វា មានលក្ខណៈស្រដៀងគ្នាបេះបិទទៅនឹងស្ទីលសក់ដ៏ល្បីល្បាញរបស់ប្រធានាធិបតីអាមេរិក គឺលោក ដូណាល់ ត្រាំ។
លោក Mridha បាននិយាយទាំងញញឹមថាប្អូនប្រុសរបស់គាត់ជ្រើសរើសឈ្មោះនេះ ដោយសារតែសក់ដ៏ប្លែកខុសពីធម្មតារបស់វា។ លោកបានបន្ថែមដោយកំប្លែងថា ភាពស្រដៀងគ្នារវាងក្របីនេះនិងលោកប្រធានាធិបតី គឺនៅត្រង់សក់នេះតែម្ដង ចំណែកឯភាពហ៊ឺហារបស់វាវិញ គឺគ្រាន់តែចូលចិត្តងូតទឹកត្រជាក់ៗ ៤ ដងក្នុងមួយថ្ងៃ និងមានអ្នកមកសិតសក់ឱ្យប៉ុណ្ណោះ។
.jpg)
យោងតាមមន្ត្រីជំនាញផ្នែកបសុសត្វ បានឱ្យដឹងថា ក្របីភឿក (Albino Buffalo) គឺជារឿងដែលកម្រជួបប្រទះបំផុត។ ពួកវាមានស្បែកពណ៌ស ឬផ្កាឈូក និងមានរោមពណ៌មាសបែបនេះ ដោយសារតែការខ្វះជាតិមេឡានីន (Melanin) នៅក្នុងរាងកាយ។
.jpg)
ដោយសារតែភាពល្បីល្បាញនៅលើអ៊ីនធឺណិត មានអ្នកគាំទ្រ ក្មេងៗ និងអ្នកចង់ដឹងចង់ឃើញជាច្រើន បានធ្វើដំណើរមកពីឆ្ងាយ សូម្បីតែជិះទូកអស់រយៈពេលរាប់ម៉ោង ដើម្បីគ្រាន់តែបានមកឃើញ និងថតរូបជាមួយក្របី “ដូណាល់ ត្រាំ” នេះប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែមានមនុស្សមកចោមរោមមើលច្រើនពេក បានធ្វើឱ្យសត្វក្របីនេះមានអារម្មណ៍ស្ត្រេស និងស្រកទម្ងន់ ដែលបង្ខំឱ្យម្ចាស់កសិដ្ឋានត្រូវរឹតបន្តឹងការចូលទស្សនា។

ទោះបីជាវាជាទីស្រឡាញ់ និងជាតារាអ៊ីនធឺណិតល្បីកម្រិតណាក៏ដោយ ក៏វាត្រូវប្រឈមមុខនឹងវាសនាចុងក្រោយក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ពោលគឺវានឹងត្រូវយកទៅធ្វើជាសត្វបូជាសម្រាប់ពិធីបុណ្យ Eid al-Adha។ នៅក្នុងប្រទេសបង់ក្លាដែស ដែលមានប្រជាជនកាន់សាសនាឥស្លាមភាគច្រើនប្រមាណ ១៧០ លាននាក់ សត្វពាហនៈជាង ១២ លានក្បាល រួមមាន ពពែ ចៀម គោ និងក្របី នឹងត្រូវធ្វើពិធីបូជា ដើម្បីចែករំលែកសាច់ដល់ក្រុមគ្រួសារ និងអ្នកក្រីក្រ។.jpg)
លោក Mridha ដែលបានចិញ្ចឹមនិងមើលថែក្របីអាយុ ៤ ឆ្នាំមួយក្បាលនេះ អស់រយៈពេលមួយឆ្នាំមកហើយ បានសម្លឹងមើលវាដោយក្តីអាណិតអាសូរ និងបានពោលថាលោកនឹកស្រណោះអាណិត ដូណាល់ ត្រាំ ខ្លាំងណាស់ ប៉ុន្តែនេះគឺជាស្មារតីស្នូលនៃបុណ្យ Eid al-Adha ពោលគឺការលះបង់ និងការធ្វើសក្ការបូជា៕









