Home ព័ត៌មានអន្តរជាតិ សេដ្ឋកិច្ចថៃរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការចាកចេញរបស់ពលករកម្ពុជា

សេដ្ឋកិច្ចថៃរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការចាកចេញរបស់ពលករកម្ពុជា

120
0

បត្តិ​ខ្វះ​ខាត​កម្លាំង​ពលកម្ម​នៅប្រទេសថៃ​កំពុង​ប៉ះពាល់​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ ដោយសារ​​ពលករកម្ពុជា​ចាកចេញបន្ទាប់​​ពីឡើងកំដៅនៅតំបន់ព្រំដែន​​កាលពីឆ្នាំ​២០២៥ ​ទាំង​ដែល​កន្លង​មក​ ​​ពលករ​កម្ពុជា គឺជា​កម្លាំងដ៏សំខាន់​ក្នុង​ការ​​​ជួយជំរុញសេដ្ឋកិច្ច​ថៃ​​ ។​ ថៃពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​កម្លាំងពលកម្ម​ពីក្រៅ​ប្រទេស​ ​ព្រោះ​តែ​ចំនួន​​​ពលរដ្ឋ​ថៃ​វ័យ​ចំណាស់​កើន​ឡើងខ្ពស់​ ស្រប​ពេល​​​យុវជន​​ធ្លាក់ចុះ​យ៉ាង​គំហុក​ ។​

នៅថ្ងៃទី​២២ ខែ​ឧសភា​ ឆ្នាំ២០២៦​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​ថៃ និងជាប្រធាន​គណៈកម្មការការងារ​ ​អភិវឌ្ឍន៍ជំនាញ​ បានសំណូមពរឱ្យរដ្ឋាភិបាលរបស់ខ្លួន​ដោះស្រាយ​បញ្ហាខ្វះខាត​កម្លាំង​ពលកម្មជាបន្ទាន់​ ជាពិសេស ខ្វះ​ខាតពលករ​មកពីប្រទេសជិតខាង បើមិនដូច្នោះទេ​ ប្រទេសថៃ​នឹងបាត់បង់​ឱកាស​ទាញ​យកប្រាក់ចំណូលពីការនាំចេញទំនិញ ពីព្រោះ​ពលករ​បរទេស​បានជួយ​ទ្រទ្រង់សេដ្ឋកិច្ចថៃ​កន្លង​មក​ ។​

បើ​តាម​​អនុប្រធាន​សភា​ពាណិជ្ជកម្ម​​ ​បច្ចុប្បន្ន បញ្ហា​ប្រឈម​សំខាន់​ដែលធ្វើឱ្យ​វិស័យ​ឯកជន​​ព្រួយ​បារម្ភ​បំផុត​នោះ​ គឺ​ប្រទេសថៃ​កំពុង​ប្រឈម​មុខនឹង​ការ​ខ្វះខាត​ពលករធ្វើការ​​​គ្រប់វិស័យ បន្ទាប់ពី​ពលករ​កម្ពុជា​ចាក​ចេញ​ ។ ស្ថាន​ភាព​នេះ​​​ស្រប​គ្នា​នឹង​អត្រាកំណើត​ថៃ​ធ្លាក់ចុះខ្លាំង​ ធ្វើឱ្យ​ចំនួន​យុវជន​ថៃដែល​ជា​កម្លាំង​ពលកម្ម​សំខាន់​ក្នុង​ប្រទេស​​ធ្លាក់ចុះ​ជាបន្ត​បន្ទាប់ ហើយ​ថៃគ្មាន​អ្វី​ពឹង​ផ្អែក​ ក្រៅពី​ការ​នាំចូល​ពលករ​ពី​ប្រទេសជិតខាង​នោះទេ ។​

ការចាកចេញរបស់ពលករកម្ពុជា​ ធ្វើឱ្យ​ថៃប្រឈមនឹងវិបត្តិខ្វះខាតពលករ​គួរឱ្យបារម្ភ​ និង​ជះ​ឥទ្ធិពលដោយ​ផ្ទាល់​ទៅ​លើ​ប្រតិបត្តិការ​អាជីវកម្ម​ ផលិត​កម្ម​ ​សេវាកម្ម​ និងប៉ះ​ពាល់​​ដល់​ការ​ប្រកួតប្រជែង​របស់​អាជីវកម្មថៃ​លើ​ពិភពលោក ។​ ម្ចាស់អាជីវកម្ម​ជួប​ការលំបាកខ្លាំង​ណាស់​ ជាពិសេស​ ការងារ​​សំណង់ ក៏ដូចជា​បេះផ្លែឈើ​ ​ដែល​ជា​វិស័យ​ទ្រទ្រង់​សេដ្ឋកិច្ច​ដ៏សំខាន់​ ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ​​ ។​

អនុប្រធាន​សភា​ពាណិជ្ជកម្ម​ជំរុញឱ្យរដ្ឋាភិបាល​របស់​លោក Anutin Charnvirakul ស្វែង​រក​ពលករ​ពី​ប្រទេសជិតខាង​មក​​ធ្វើការឱ្យបាន​ឆាប់​បំផុត​​ ហើយ​អនុវត្ត​វិធានការបន្ទាន់​នៅ​ចំពោះ​មុខ គឺ​ប្រញាប់​បន្ត​សុពល​ភាព​ប័ណ្ណ​ការងារ​ឱ្យ​ពលករ​បរទេស​គ្រប់​សញ្ជាតិ​ ​។​

គួរបញ្ជាក់ថា​ ផលវិបាកបច្ចុប្បន្នដោយសារការបាត់បង់​ពលករកម្ពុជា​ នាំឱ្យវិស័យឯកជនថៃ​​ខាតបង់ដើមទុន​យ៉ាងច្រើន ដោយសារ​ដំណាំកសិកម្ម​គ្មាន​អ្នកប្រមូល​ផល​ ។ ​ម្ចាស់​អាជីវកម្មនានា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពន្លឿនការ​បន្ត​សុពល​ភាព​ប័ណ្ណ​ការងារ​ដល់ពលករកម្ពុជា​ដែលនៅសេសសល់​ជា​ប្រញាប់​ដើម្បីកុំឱ្យអាជីវកម្ម​​​ជាប់គាំង​ ៕