កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ សណ្ឋាគារថៃដ៏ល្បីមួយកន្លែងឈ្មោះ «JA Plus Hotel» កម្ពស់៨ជាន់ ស្ថិតនៅឃុំណាក្លឿ ស្រុកបាងឡាមុង ខេត្តឈុនបុរី ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយចាប់ផ្តើមពីដំបូលអគារឆេះរាលដាលទៅជាន់ខាងក្រោម បណ្តាលឱ្យមនុស្សរងរបួសចំនួន៤នាក់ (ក្នុងនោះ៣នាក់ថប់ដង្ហើមនឹងផ្សែងភ្លើង និងម្នាក់ទៀតរលាកខ្លួនព្រោះរត់កាត់អណ្តាតភ្លើង) ។ តាមការសន្និដ្ឋានកាលពីយប់ថ្ងៃទី២១ គឺអាចបណ្តាលមកពីទុស្សេខ្សែភ្លើង ប៉ុន្តែមូលហេតុពិតប្រាកដ និងទំហំការខូចខាត មិនទាន់ប្រកាសជាផ្លូវការទេ ។
.jpg)
មុនពេលទាក់ទងទៅសមត្ថកិច្ច បុគ្គលិកសណ្ឋាគារបានព្យាយាមប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យដើម្បីទប់ស្កាត់ដែរ ប៉ុន្តែដោយសារភ្លើងឆេះខ្លាំងពេក ទើបមិនអាចគ្រប់គ្រងបាន ។ ក្រុមពន្លត់ភ្លើង ក្រុមសង្គ្រោះបន្ទាន់ និងរថយន្តបាញ់ទឹកជាង១០គ្រឿង ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីជម្លៀសភ្ញៀវជាប់គាំងក្នុងសណ្ឋាគារ ជាង២៤០នាក់ (មានទាំងជនជាតិថៃ និងបរទេស) ដោយចំណាយពេលប្រមាណ១ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នាម៉ោង១០ និង៤៨នាទីយប់ ។
បើតាមអាជ្ញាធរក្នុងតំបន់ គឺភ្លើងបានចាប់ផ្តើមឆាបឆេះដំបូងចេញពីភោជនីយដ្ឋាន និងអាងហែលទឹកលើដំបូលសណ្ឋាគារនាម៉ោងជាង៩យប់ បន្ទាប់មក ក៏ឆេះរាលដាលចុះមកដល់ជាន់ទី៧ នៃសណ្ឋាគារយ៉ាងឆាប់រហ័ស ដោយសារខ្យល់បក់ខ្លាំងនៅជាន់លើ ផ្សែងភ្លើងក៏ឆេះតាមច្រកជណ្តើរចុះមកក្រោម ធ្វើឱ្យបុគ្គលិកសណ្ឋាគារពិបាកក្នុងការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យឱ្យទាន់ពេលវេលា ។.jpg)
នៅព្រឹកថ្ងៃទី២២ ខែឧសភានេះ អាជ្ញាធរទីក្រុងប៉ាតាយ៉ាបានសម្រេចផ្អាកការប្រើប្រាស់សណ្ឋាគារនេះជាបណ្តោះអាសន្ន ដើម្បីរង់ចាំការវាយតម្លៃការខូចខាត និងសុវត្ថិភាព ខណៈម្ចាស់សណ្ឋាគារបានរៀបចំកន្លែងស្នាក់នៅជំនួស និងផ្តល់សំណងដល់ភ្ញៀវដែលរងផលប៉ះពាល់ទាំងអស់ ។ សមត្ថកិច្ចបានសហការជាមួយមន្ត្រីជំនាញ ដើម្បីបន្តការស៊ើបអង្កេតរកមូលហេតុយ៉ាងលម្អិត និងប្រកាសឱ្យដឹងនាពេលក្រោយ ។
គួរបញ្ជាក់ថា មួយរយៈនេះ ប្រទេសថៃបានកើតហេតុការណ៍គ្រោះថ្នាក់ផ្ទួនៗគ្នា គឺកាលពីថ្ងៃទី១៦ ខែឧសភា កន្លងមក កើតហេតុការណ៍សោកនាដកម្មរថភ្លើងបុកគ្នាយ៉ាងពេញទំហឹងជាមួយរថយន្តក្រុង នៅផ្លូវបំបែកឆ្លងកាត់ផ្លូវរថភ្លើង (Asok-Phetchaburi) ទីក្រុងបាងកក បណ្តាលឱ្យមនុស្សស្លា.ប់ និងរងរបួសជាច្រើននាក់ ៕










