កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការទំនាក់ទំនង និងព័ត័មានចម្រុះម៉ាឡេស៊ី (MCMC) បានកំណត់ឱ្យ TikTok រឹតបន្តឹង និងលុបចោលជាបន្ទាន់នូវវីដេអូទាំងឡាយដែលមានខ្លឹមសារប្រមា.ថព្រះមហាក្សត្រ បន្ទាប់ពីពីគណនី TikTok មួយបានប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិត (AI) កាត់តរូបភាពវីដេអូដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ ប្រមា.ថយ៉ាងធ្ងន់ធ្ងរដល់ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅស៊ុលតង់ អ៊ីប្រាហ៊ីម (Sultan Ibrahim) ។
.jpg)
គណៈកម្មការទំនាក់ទំនង និងព័ត័មានចម្រុះ (MCMC) បានផ្ញើលិខិតជាច្រើនលើកទៅកាន់ក្រុមហ៊ុន ByteDance នៅប្រទេសចិន ដោយសារការត្រួតពិនិត្យវីដេអូយឺតយ៉ាវ មិនអាចទប់ស្កាត់ការចែកចាយវីដេអូទាំងនោះទាន់ពេលវេលា ទើបគណៈកម្មការកំណត់ឱ្យ TikTok ត្រូវតែពង្រឹងប្រព័ន្ធគ្រប់គ្រងខ្លឹមសារ និងលុបវីដេអូមួយចំនួនជាបន្ទាន់ ។ ក្រៅពីនេះ ក៏ទាមទារឱ្យក្រុមហ៊ុនពន្យល់ជាផ្លូវការពីការគ្រប់គ្រងប្រព័ន្ធ TikTok បរាជ័យ ដោយបញ្ជាក់ថា ម៉ាឡេស៊ីមិនលើកលែងចំពោះវីដេអូបង្ហាញខ្លឹមសារប៉ះពាល់ជាតិ សាសនា និងព្រះមហាក្សត្រឡើយ ។
បើតាមមន្ត្រីគណៈកម្មការ MCMC គឺក្រុមហ៊ុន ByteDance ម្ចាស់ TikTok មិនអាចចាត់វិធានការទាន់ពេលវេលាទៅលើគណនី TikTok ដែលបង្ហោះវីដេអូប្រមា.ថព្រះចៅស៊ុលតង់ អ៊ីប្រាហ៊ីម (Sultan Ibrahim) ព្រះមហាក្សត្រម៉ាឡេស៊ីបច្ចុប្បន្ន ។ វីដេអូបង្ហាញខ្លឹមសារមិនពិតបានបង្កើតឡើងដោយបច្ចេកវិទ្យា AI និងប្រើប្រាស់រូបភាពកាត់ត នាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមនាពេលអនាគត ដែលជាការរំលោភច្បាប់ទាក់ទងនឹងព័ត៌មានចម្រុះ ក៏ដូចជាល្មើសច្បាប់ព្រហ្មទណ្ឌផ្សេងទៀត ។
ចំណែកក្រុមហ៊ុន ByteDance មិនទាន់ឆ្លើយតបទៅកាន់គណៈកម្មការ MCMC នៅឡើយទេ ខណៈកន្លងមក គណៈកម្មការនេះធ្លាប់បានកំណត់ឱ្យក្រុមហ៊ុន Meta របស់ Facebook ចាត់វិធានការដូចគ្នានេះដែរ ។

នាដើមឆ្នាំ២០២៦ ម៉ាឡេស៊ីបានរឹតបន្តឹងបណ្តាញសង្គមទាំងអស់ដែលមានអ្នកប្រើប្រាស់រាប់លាននាក់ក្នុងប្រទេសរបស់ខ្លួន ដោយទាមទារឱ្យមានការអនុញ្ញាតប្រតិបត្តិការច្បាស់លាស់ពីគណៈកម្មការ MCMC បើមិនដូច្នោះទេ នឹងប្រឈមចំណាត់ការច្បាប់យ៉ាងតឹងរ៉ឹង ។ រដ្ឋាភិបាលម៉ាឡេស៊ីបានស្វែងរកដំណោះស្រាយផ្លូវច្បាប់ដើម្បីចាត់វិធានការបណ្តាញសង្គមនានាដែលមិនអាចដោះស្រាយបញ្ហានេះ ព្រមទាំងបង្កើតច្បាប់សុវត្ថិភាពអនឡាញពិន័យប្រាក់បុគ្គលណាបង្ហោះខ្លឹមសារប៉ះពាល់ព្រះមហាក្សត្រ ស្មើនឹង១លានរីងហ្គីត (ឬជាង២៥ម៉ឺនដុល្លារ) ៕










