Home ព័ត៌មានជាតិ សម្ដេចតេជោរំលឹករាជរដ្ឋាភិបាលកម្ពុជា «កុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ»

សម្ដេចតេជោរំលឹករាជរដ្ឋាភិបាលកម្ពុជា «កុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ»

142
0

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានក្រើនរំលឹកដល់រាជរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាកុំយល់ព្រមបើកការចរចាទ្វេភាគីជាមួយថៃលើបញ្ហាដែនសមុទ្រ ដោយលោកជំរុញឲ្យឆ្ពោះទៅរកយន្តការច្បាប់អន្តរជាតិតែម្ដង។ ការលើកឡើងនេះ កើតមានក្រោយពេលរដ្ឋមន្រ្តីការបរទេសថៃ សីហាសាក់ ភួងកេតកែវ កាលពីម្សិលមិញបានទទូចថា កម្ពុជាគួរតែងាកមកចរចាទ្វេភាគីជាមួយថៃជាមុនសិន មុននឹងឈានដល់ការប្រើប្រាស់យន្តការ UNCLOS។

យោងតាមសំណេរដែលបានបង្ហោះនៅវេលាម៉ោង ១រសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ កាលពីថ្ងៃម្សិលមិញ (ថ្ងៃទី១១ ឧសភា ២០២៦) មានការចុះផ្សាយដោយសារព័ត៌មានថៃថា លោករដ្ឋមន្ត្រីការទេសថៃបាននិយាយថា (ក្រោមអនុសញ្ញាច្បាប់សមុទ្រ បន្ទាប់ពីលុបចោលអនុសារណះយោគយល់គ្នាឆ្នាំ២០០១ ត្រូវតែដំណើការក្នុងក្របខ័ណ្ឌនៃអនុសញ្ញាដែលមានច្រើនដំណាក់កាល ហើយវិធីសាស្ត្រចម្បង គួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិន)។ ប្រសិនបើការចុះផ្សាយនេះជាសំដីពិតរបស់លោករដ្ឋមន្ត្រីការបរទេសថៃមែននោះពាក្យថា (វិធីសាស្ត្រចម្បង គួរតែការចរចារវាងភាគីទាំងពីរជាមុនសិន) ពាក្យនេះវាផ្ទុយស្រឡះជាមួយសកម្មភាពរបស់ភាគីថៃ ដែលបានលុបចោល MOU2001 ដោយឯកតោភាគី ដែលបានលុបចោលក្របខណ្ឌនៃការចរចាទ្វេភាគីរួចស្រេចទៅហើយសម្រាប់ដែនសមុទ្រត្រួតស៊ីគ្នា។

ជាអនុសាសន៍របស់សម្ដេចតេជោ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី សម្ដេចបានរំលឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ។

សម្ដេចបានធ្វើការរម្លឹកឡើងវិញនូវពាក្យសម្ដីរបស់លោកដែលបាននិយាយម្ដងរួចមកហើយ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ថាកុំបង្កើតយន្តការទ្វេភាគីថ្មីជំនួសឲ្យយន្តការទ្វេភាគីចាស់ដែលថៃលុបចោលដាច់ខាត។ បន្ថែមលើនោះ សម្ដេចក៏បានឆ្លៀតអរគុណដល់ភាគីថៃផងដែរ ដែលបានលុបចោល MOU 2001 ហើយជួយឲ្យកម្ពុជាងាកមកប្រើប្រាស់យន្តការអន្តរជាតិជំនួសវិញ។

គួរបញ្ជាក់ថា ការរំលឹកនេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា រដ្ឋមន្ត្រីការបរទេសថៃបានលើកឡើងថា វិធីសាស្ត្រចម្បងគួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិន ដែលសម្ដេចយល់ថាវាផ្ទុយស្រឡះពីសកម្មភាពរបស់ថៃដែលបានលុបចោលក្របខណ្ឌចរចាទ្វេភាគីរួចទៅហើយ។

ការរំលឹករបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងកាលៈទេសៈនេះ មិនមែនគ្រាន់តែជាការផ្ដល់មតិធម្មតានោះទេ ប៉ុន្តែវាបង្កប់នូវចេតនានយោបាយ និងយុទ្ធសាស្ត្រច្បាប់អន្តរជាតិយ៉ាងស៊ីជម្រៅដោយការបិទផ្លូវចរចាដែលគ្មានផ្លែផ្កា, ការជំរុញឱ្យប្រើ “ច្បាប់អន្តរជាតិ” ជាខ្នងបង្អែក និងការការពារអធិបតេយ្យភាព និងផលប្រយោជន៍សមុទ្ររបស់កម្ពុជាជាធំ៕