នយោបាយថៃចាប់ផ្តើមឡើងកំដៅទៀតហើយ! បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក Anutin Charnvirakul បាននិយាយចំអកឱ្យអតីតនាយករដ្ឋមន្ត្រី លោក Thaksin Shinawatra ចេញពីពន្ធនាគារនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយលោក Anutin និយាយយ៉ាងខ្លីថា ៖ «ដែនដីនៅទីក្រុងបាងកកតូចចង្អៀត ថ្ងៃណាមួយអាចមានឱកាសជួបគ្នាខាងក្រៅ» ។ វាធ្វើឱ្យមហាជនសន្និដ្ឋានលើអត្ថន័យពាក្យ «ទីក្រុងបាងកកតូចចង្អៀត» ថា តើការដោះលែងអតីតនាយករដ្ឋមន្ត្រីថៃដ៏មានឥទ្ធិពលនឹងផ្លាស់ប្តូរអំណាចនយោបាយថៃដែរឬទេ?
.jpg)
កាលពីថ្ងៃទី៩ ខែឧសភា កន្លងមក នៅអាកាសយានដ្ឋានកងទ័ព លោកនាយករដ្ឋមន្ត្រី Anutin បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន អំពីតុលាការដោះលែងលោក Thaksin អតីតនាយករដ្ឋមន្ត្រីថៃ នាព្រឹកថ្ងៃទី១១ ខែឧសភា ថា លោករីករាយចំពោះការដោះលែង និងនៅតែគោរព ពីព្រោះធ្លាប់ស្ថិតក្រោមបង្គាប់អស់រយៈពេលជាង២០ឆ្នាំ ហើយមានភាពសិទ្នស្នាលជាមួយអតីតនាយករដ្ឋមន្ត្រីរូបនេះ ដូចជាកូន ឬក្មួយ ។
.jpg)
លោក Anutin បន្តថា បន្ទាប់ពីតុលាការដោះលែងលោក Thaksin ឱ្យមានសេរីភាពឡើងវិញ គួរតែទុកឱ្យលោកបានរស់នៅជួបជុំក្រុមគ្រួសារ និងប្រើប្រាស់ជីវិតផ្ទាល់ខ្លួនជាមុនសិន ដោយសារការដោះលែងនេះស្ថិតក្រោមលក្ខខណ្ឌអនុវត្តតាមច្បាប់ លោក Thaksin ពិបាកក្នុងការជួបជជែកជាមួយបុគ្គលខាងក្រៅ ។ ពេលនេះ លោកមិនទាន់ចង់ជួបលោក Thaksin ដើម្បីសុំការប្រឹក្សារឿងនយោបាយ ឬសេដ្ឋកិច្ចទេ គឺចង់ឱ្យលោកបានសម្រាកកាយ ប៉ុន្តែទោះយ៉ាងណា ទីក្រុងបាងកកតូចចង្អៀត ថ្ងៃណាមួយអាចមានឱកាសជួបគ្នាខាងក្រៅ ។.jpg)
ឆ្លើយតបនឹងទៅសារព័ត៌មានសួរថា តើការមានសេរីភាពរបស់លោក Thaksin អាចបង្កភាពច្របូកច្របល់ផ្នែកនយោបាយនៅប្រទេសថៃដែរឬទេ? លោក Anutin ថា លោកមិនបានគិតវែងឆ្ងាយដល់ចំណុចនោះទេ ពីព្រោះគោរពលោក Thaksin រហូតមក ។.jpg)
មហាជនចាត់ទុកពាក្យសម្តីរបស់លោក Anutin មិនត្រឹមតែជាសីលធម៌នយោបាយនោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងរដ្ឋាភិបាលថៃអាណត្តិចាស់ និងអាណត្តិបច្ចុប្បន្ន ដែលអាចធ្វើឱ្យនយោបាយថៃផ្លាស់ប្តូរចាប់ពីពេលនេះ ។ ចំពោះពាក្យថា «ទីក្រុងបាងកកតូចចង្អៀត» មហាជនដាក់ការសន្និដ្ឋានថា គឺជាការបើកទ្វារឈានទៅជួបគ្នានាថ្ងៃអនាគត និងជជែកពីនយោបាយដោយស្ងាត់ៗ ។

គួរបញ្ជាក់ថា លោក Thaksin ត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារ នាវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា បន្ទាប់ពីជាប់ពន្ធនា.គារអស់រយៈពេល២៤៣ថ្ងៃ (៨ខែ) ក្រោមលក្ខខណ្ឌការត្រួតពិនិត្យផ្នែកច្បាប់ដោយតម្រូវឱ្យលោកពាក់ឧបករណ៍តាមដានអេឡិចត្រូនិក (EM) នៅកជើង សម្រាប់ការអនវុត្តទោសនៅសេសសល់ ។ ការដោះលែងឱ្យនៅក្រៅឃុំមុនពេលកំណត់ ដោយសារលោកមានវ័យចំណាស់ (៧៦ឆ្នាំ) មានបញ្ហាសុខភាព និងបានបង្ហាញពីឥរិយាបថល្អក្នុងអំឡុងពេលជាប់ពន្ធនាគារ ។
កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តុលាការកំពូលថៃបានសម្រេចឱ្យលោក Thaksin ជាប់ពន្ធនាគារយៈពេល១ឆ្នាំ បន្ទាប់ពីរកឃើញថា លោកបានស្នាក់នៅក្នុងមន្ទីរពេទ្យដោយខុសច្បាប់ដើម្បីគេចវេះពីការជាប់ពន្ធនាគារ ។

លោកបានជាប់ពន្ធនាគារដោយសារការចោទប្រកាន់លើករណីពុករលួយ និងរំលោភអំណាចក្នុងអំឡុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រី ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ ។ បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេល១៥ឆ្នាំ លោកបានត្រឡប់មកប្រទេសថៃវិញនាខែសីហា ឆ្នាំ២០២៣ ហើយត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៨ឆ្នាំ ក្រោយមក ព្រះមហាក្សត្រថៃក៏បន្ធូរបន្ថយទោសមកត្រឹម១ឆ្នាំ ៕










