អ្នកឡើងភ្នំ បានស្លា.ប់ចំនួន៣នាក់ និងបាត់ខ្លួនរហូតដល់២០នាក់ បន្ទាប់ពីភ្នំភ្លើង Dukono លើកោះ Halmahera នៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី បានផ្ទុះកាលពីវេលាម៉ោង៧ និង៤១នាទីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ដែលបញ្ចេញផ្សែងផេះទៅលើអាកាសក្នុងកម្ពស់ប្រមាណ១០គីឡូម៉ែត្រ ។ អាជ្ញាធរបានប្រកាសពីផ្សែងផេះភ្នំភ្លើងប៉ះពាល់ដល់សុខភាពពលរដ្ឋ និងការធ្វើដំណើរ ព្រមទាំងប្រកាសអាសន្នពីកម្រិតគ្រោះថ្នា.ក់ក្នុងលំដាប់ទី៣ ក្នុងចំណោម៤លំដាប់ ។ 
ក្រុមជួយសង្គ្រោះឱ្យដឹងថា ពួកគេបានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកឡើងភ្នំបាត់ខ្លួនរហូតដល់២០នាក់ រួមទាំងជនបរទេស ។ ភ្នំភ្លើងនេះត្រូវបានបិទមិនឱ្យឡើងតាំងពីថ្ងៃទី១៧ ខែមេសា មកម៉្លេះ ដោយសារអ្នកវិទ្យាសាស្ត្រសង្កេតឃើញមានភាពខុសប្រក្រតីកើតឡើងជាបន្តបន្ទាប់ ប៉ុន្តែអ្នកឡើងភ្នំទាំងនេះមិនអើពើនឹងបម្រាមរបស់អាជ្ញាធរឡើយ ដោយពួកគេនៅតែផ្គើនធ្វើដំណើរឡើងភ្នំ ទាំងដែលមានហានិភ័យខ្ពស់ ។
.jpg)
ផ្សែងផេះចេញពីភ្នំភ្លើងបានបក់ទៅទិសខាងជើង ហើយអាជ្ញាធរប្រកាសឱ្យពលរដ្ឋដែលរស់នៅទីក្រុង Tobelo ក្បែរភ្នំភ្លើង ត្រូវតាមដានស្ថានការណ៍ផ្សែងផេះបក់ទៅទិសខាងណា ពីព្រោះផ្សែងផេះប៉ះពាល់សុខភាពពលរដ្ឋ និងធ្វើឱ្យការដឹកជញ្ជូនសាធារណៈផ្អាកដំណើរការ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីផលប៉ះពាល់ដល់ការហោះហើរតាមផ្លូវអាកាសទេ ។.jpg)
បើតាមសមត្ថកិច្ច គឺអ្នកឡើងភ្នំ បានស្លាប់ចំនួន៣នាក់ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើង (ក្នុងនោះមានជនបរទេស២នាក់) រីឯអ្នកឡើងភ្នំបាត់ខ្លួនរហូតដល់២០នាក់ (ក្នុងនោះមានជនជាតិសិង្ហបុរី ៩នាក់) ។
គួរបញ្ជាក់ថា ភ្នំភ្លើង Dukono ស្ថិតនៅខេត្ត North Maluku បានផ្ទុះបញ្ចេញឧស្ម័នជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៣៣ ។ វាជាភ្នំភ្លើងសកម្មមួយ និងមានប្រជាប្រិយភាពបំផុតសម្រាប់អ្នកឡើងភ្នំ និងភ្ញៀវទេសចរ បើទោះជាការឡើងភ្នំមានភាពលំបាក និងប្រកបដោយគ្រោះថ្នាក់ក្តី ។
ហេតុការណ៍នេះធ្វើឱ្យពលរដ្ឋឥណ្ឌូណេស៊ី និងសិង្ហបុរី បារម្ភយ៉ាងខ្លាំងពីអាយុជីវិតមនុស្សបាត់ខ្លួនទាំងអស់ ដោយពួកគេនៅតែមានសង្ឃឹមថា មនុស្សបាត់ខ្លួនមិនទាន់ស្លាប់ទេ ។ ការស្វែងរក និងសង្គ្រោះកំពុងតែធ្វើឡើងយ៉ាងប្រញាប់ប្រញាល់បំផុត ហើយប្រឈមនឹងការលំបាកដោយសារភ្នំភ្លើងនៅតែបន្តផ្ទុះ ៕










