ចិននៅតែព្យាយាមជំរុញឱ្យតៃវ៉ាន់យល់ព្រមបង្រួបបង្រួមជាតិជាមួយខ្លួន ដោយមន្ត្រីរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ថា ប្រសិនបើតៃវ៉ាន់យល់ព្រមបង្រួបបង្រួមជាមួយចិនដីគោកនោះ សេដ្ឋកិច្ចរបស់តៃវ៉ាន់នឹងកាន់តែរីកចម្រើន តៃវ៉ាន់នឹងរឹងមាំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងធនធានមនុស្ស ។ ប៉ុន្តែត្រូវបានប្រធានាធិបតីតៃវ៉ាន់បដិសេធជាថ្មីម្តងទៀត និងប្រកាន់ជំហរម៉ឺងម៉ាត់មិនយល់ព្រមតាមរដ្ឋាភិបាលចិនឡើយ ។
មន្ត្រីរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី២៩ ខែមេសា ថា តៃវ៉ាន់នឹងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនមហាសាលដែលមិនធ្លាប់ទទួលបានពីមុន ប្រសិនបើតៃវ៉ាន់យល់ព្រមបង្រួបបង្រួមជាតិជាមួយចិនដីគោក ។ នេះជាការព្យាយាមរបស់រដ្ឋាភិបាលចិនក្នុងការបញ្ចុះបញ្ចូលឱ្យតៃវ៉ាន់យល់ព្រមឱ្យចិនគ្រប់គ្រង ប៉ុន្តែត្រូវបានប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បដិសេធជាច្រើនលើក ។
.jpg)
ចិនចាត់ទុកតៃវ៉ាន់ដែលគោរពប្រជាធិបតេយ្យ គឺជាទឹកដីរបស់ខ្លួន ហើយចិនបានចាប់ផ្តើមអនុវត្តផែនការថ្មីតាំងពីចុងឆ្នាំ២០២៥ ដើម្បីបញ្ចុះបញ្ចូលឱ្យតៃវ៉ាន់មើលឃើញពីផលប្រយោជន៍ដែលនឹងទទួលបាន បើបង្រួបបង្រួមជាតិជាមួយចិនដោយសន្តិវិធី ។.jpg)
អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៅប្រទេសចិន លោក Chen Binhua បាននិយាយក្នុងពេលប្រកាសព័ត៌មានប្រចាំសប្តាហ៍ក្នុងទីក្រុងប៉េកាំងថា សេដ្ឋកិច្ចតៃវ៉ាន់នឹងត្រូវស្តារឡើងវិញជាថ្មីតាមរយៈការទាញយកផលប្រយោជន៍ពីទីផ្សារដ៏ធំរបស់ចិន ហើយតៃវ៉ាន់នឹងរឹងមាំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងធនធានមនុស្ស ។ ការបង្រួបបង្រួមជាតិដោយសន្តិវិធីនឹងលើកកម្ពស់ស្ថិរភាព ក៏ដូចជាជំរុញការវិនិយោគសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចតៃវ៉ាន់ ឱកាសល្អបែបនេះមិនធ្លាប់មានពីមុនទេ ។
ចំណែកប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te កាលពីថ្ងៃទី២៩ ខែមេសា បានបដិសេធនឹងគោលបំណងរបស់ចិន ដោយលោកថា មានតែពលរដ្ឋតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចចិត្តពីអនាគតរបស់ខ្លួន រីឯរដ្ឋាភិបាលចិនគ្មានសិទ្ធិទាមទារឱ្យតៃវ៉ាន់ធ្វើតាមទេ ។ លោកមើលឃើញការពង្រឹងសមត្ថភាពផ្នែកកងទ័ពការពារតៃវ៉ាន់ដើម្បីធានាសន្តិភាពពិតប្រាកដ ។
.jpg)
លោក Lai ថា ចិនស្នើបង្រួបបង្រួមជាតិដោយសន្តិវិធី គឺមានតែនាំមកនូវបញ្ហាជាច្រើនដល់តៃវ៉ាន់ដោយចៀសមិនផុត ដោយចិនបានធ្វើសមយុទ្ធកងទ័ពជាបន្តបន្ទាប់នៅជុំវិញច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងប្រើប្រាស់យុទ្ធសាស្ត្រកងទ័ព ច្បាប់ និងឯកសារ ដើម្បីគ្រប់គ្រងច្រកសមុទ្រតៃវ៉ាន់ និងតំបន់ ។ បច្ចុប្បន្ន ចិនប្រើប្រាស់យុទ្ធសាស្ត្រត្រជាក់ពុំចាំបាច់ប្រើប្រាស់កម្លាំងកងទ័ពគ្រប់គ្រងតៃវ៉ាន់ ប៉ុន្តែបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំង មកក្បែរកោះតៃវ៉ាន់ជាញឹកញាប់ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលចិនអះអាងពីប្រតិបត្តិការកងទ័ពនៅជុំវិញកោះតៃវ៉ាន់នោះ គឺជារឿងត្រឹមត្រូវ និងសមហេតុផល ។ រដ្ឋាភិបាលចិនចង់ឱ្យតៃវ៉ាន់រួបរួមជាមួយខ្លួនតាមបែប «ប្រទេសមួយ ដឹកនាំដោយប្រព័ន្ធ២» ប៉ុន្តែគ្មានគណបក្សនយោបាយណាមួយរបស់តៃវ៉ាន់គាំទ្រសំណើនេះទេ ៕










