កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ភាគីថៃបានបើកព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ និងអង្វរកម្ពុជាមេត្តាបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យថៃអាចទទួលយកពលរដ្ឋរបស់ខ្លួន ចំនួន៦៣៥នាក់ ដែលកំពុងជាប់គាំងនៅខាងទឹកដីកម្ពុជា អាចត្រឡប់ទៅប្រទេសវិញ ។ រីឯខាងកម្ពុជាមិនយល់ព្រមតាមការស្នើសុំរបស់ថៃ ដោយសារកន្លងមក ថៃទៅវិញទេ ដែលបានបិទច្រកព្រំដែនជាឯកតោភាគី ដោយកម្ពុជាសង្កត់ធ្ងន់លើយន្តការចរចាគ្នាបន្តទៀត ។
ថៃបានត្រៀមកម្លាំងសមត្ថកិច្ច សន្តិសុខ និងមន្ត្រីពាក់ព័ន្ធ សម្រាប់មកត្រួតពិនិត្យពលរដ្ឋរបស់ខ្លួន ចំនួន៦៣៥នាក់ ឆ្លងដែនត្រឡប់ទៅប្រទេសថៃវិញ ដោយអង្វរកម្ពុជាមេត្តាបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប៉ុន្តែត្រូវបានមន្ត្រីកម្ពុជាបដិសេធ ទើបធ្វើឱ្យពលរដ្ឋថៃជាប់គាំងទាំងនេះនៅរង់ចាំត្រង់បរិវេណព្រំដែន ។
បន្ទាប់មក ថៃក៏បញ្ជូនមន្ត្រីរបស់ខ្លួនមកសុំចរចាជាមួយមន្ត្រីកម្ពុជា ដើម្បីសុំឱ្យបើកព្រំដែនឆាប់ៗ ដោយមន្ត្រីថៃបញ្ជាក់ថា ភាគីថៃបានត្រៀមខ្លួនរួចរាល់ហើយក្នុងការទទួលយកពលរដ្ឋរបស់ខ្លួនត្រឡប់ទៅប្រទេសវិញ ប៉ុន្តែការចរចានេះមិនទាន់ទទួលបានលទ្ធផលច្បាស់លាស់ ។
ថៃនៅតែរង់ចាំឱ្យកម្ពុជាបើកព្រំដែនឱ្យពលរដ្ឋខ្លួនបានឆ្លងកាត់ និងតាមដានស្ថានការណ៍យ៉ាងដិតដល់នៅបរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីត្រៀមទទួលយកពលរដ្ឋថៃត្រឡប់ទៅវិញ នៅពេលកម្ពុជាយល់ព្រមបើកព្រំដែន ។ មន្ត្រីថៃប្រាប់ឱ្យពលរដ្ឋខ្លួនដែលកំពុងរង់ចាំសាច់ញាតិបងប្អូនត្រឡប់ទៅវិញ ត្រូវតែអត់ធ្មត់ រង់ចាំរហូតដល់មន្ត្រីថៃបញ្ចប់ការចរចាជាមួយកម្ពុជា ។
ដោយឡែក ពលរដ្ឋថៃដែលរង់ចាំសាច់ញាតិត្រឡប់ទៅប្រទេសវិញបារម្ភពីការរង់ចាំ មិនដឹងជាយូរប៉ុនណា ខណៈមន្ត្រីថៃមកពីស្ថាប័នពាក់ព័ន្ធសន្យាជាមួយពលរដ្ឋថា នឹងព្យាយាមចរចាសុំឱ្យកម្ពុជាបើកព្រំដែនឆាប់ៗ ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS News គឺពលរដ្ឋថៃដែលរង់ចាំឆ្លងកាត់ត្រឡប់ទៅប្រទេសវិញនេះ មានចំនួនសរុប៦៣៥នាក់ ក្នុងនោះភាគច្រើនធ្វើការខាងអនឡាញនៅកម្ពុជា ហើយការរង់ចាំត្រឡប់ទៅថៃវិញ បន្ទាប់ពីសមត្ថកិច្ចកម្ពុជាចុះបង្ក្រាបទីតាំងការងារអនឡាញនៅទីក្រុងប៉ោយប៉ែត ។
គួរបញ្ជាក់ថា ការបិទព្រំដែនផ្លូវគោកទាំងអស់ជាឯកតោភាគីពីសំណាក់ភាគីថៃកាលពីខែមិថុនា ឆ្នាំ២០២៥ រួមទាំងការបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបង្កផលប៉ះពាល់ដល់ប្រទេសថៃខ្លួនឯង ទាំងការខាតបង់ចំណូលសេដ្ឋកិច្ច, បាត់បង់ភ្ញៀវទេសចរ, មិនអាចនាំចេញទំនិញមកលក់ឱ្យកម្ពុជាតាមផ្លូវគោក និងត្រូវបានអន្តរជាតិថ្កោលទោសថៃមិនគោរពច្បាប់អន្តរជាតិ ដោយសារការបិទព្រំដែនជាមួយប្រទេសសមាជិកអាស៊ានដូចគ្នា ៕










