ល្បីថារបស់ដែលផលិតនៅជប៉ុនមានគុណភាពខ្ពស់ អូស្រ្តាលីមិនស្ទាក់ស្ទើក្នុងការចំណាយលុយជាង ៧ ពាន់លានដុល្លារ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកងទ័ពជើងទឹក ដោយកក់ទុកនូវនាវាចម្បាំងបំបាំងកាយជំនាន់ថ្មីចុងក្រោយបង្អស់ចំនួន ១១គ្រឿង ពីជប៉ុន ដែលបង្កើតបានជាកិច្ចសន្យាប្រវត្តិសាស្រ្តថ្មីលើកដំបូងក្នុងរយៈពេល 80 ឆ្នាំ ចាប់តាំងពីជប៉ុនត្រូវបានដកចេញពីបម្រាមនាំចេញអាវុធទៅលក់នៅក្រៅប្រទេស។
.jpg)
យោងតាមការចុះផ្សាយរបស់កាសែត Reuters រដ្ឋាភិបាលអូស្ត្រាលី កាលពីសប្ដាហ៍មុន បានចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាដែលមានតម្លៃប្រហែល ៧ ពាន់លានដុល្លារ ដោយការបញ្ជាទិញនាវាចម្បាំងពហុបំណងថ្នាក់ NewFFM ចំនួន ១១ គ្រឿង ពីក្រុមហ៊ុន Mitsubishi Heavy Industries (MHI) របស់ប្រទេសជប៉ុន។ នេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទំនើបកម្មកងទ័ពជើងទឹកដែលមានគោលបំណងបង្កើនទំហំកងនាវារបស់ប្រទេសឲ្យមានឥទ្ធិពលជាងមុនទ្វេដង។.jpg)
ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Mitsubishi Heavy Industries នឹងសាងសង់នាវាចម្បាំង NewFFM (ថ្នាក់ Mogami) ចំនួនបីគ្រឿងដំបូងដែលបានធ្វើបច្ចុប្បន្នភាពនៅក្នុងប្រទេសជប៉ុន ហើយការដឹកជញ្ជូនត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០២៩។ ដោយឡែក នាវាចំនួនប្រាំបីគ្រឿងដែលនៅសល់ត្រូវបានគ្រោងនឹងសាងសង់នៅអូស្ត្រាលីខាងលិច ដែលជួយពង្រីកសមត្ថភាពសាងសង់នាវាក្នុងស្រុក និងការងារការពារជាតិ។

កិច្ចព្រមព្រៀងនេះបានគូសបញ្ជាក់ពីព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្ត ព្រោះវាជាការលក់នាវាចម្បាំងថ្មីលើកដំបូងបង្អស់របស់ជប៉ុនទៅក្រៅប្រទេស ចាប់តាំងពីការលើកលែងការហាមឃាត់ការនាំចេញអាវុធរយៈពេល 80 ឆ្នាំ។ 
គួរជម្រាបថា នាវាចម្បាំងថ្នាក់ NewFFM គឺជាទំនើបកម្មនៃនាវាចម្បាំងថ្នាក់ Mogami ដែលកំពុងបម្រើការយ៉ាងសកម្មនៅក្នុងវិស័យការពារជាតិរបស់កងទ័ពជើងទឹកខ្លួនជប៉ុន។ វាត្រូវបានសាងសង់ឡើងសម្រាប់ការប្រតិបត្តិការល្បឿនលឿន ស្វ័យប្រវត្តិកម្ម និងការប្រយុទ្ធពហុតួនាទី ជាពិសេសវាអាចផ្ទុកឧទ្ធម្ភាគចក្រកងទ័ពជើងទឹកសម្រាប់ការឃ្លាំមើលថែមទៀតផង។ 
ជាមួយនឹងមុខងារកាត់បន្ថយការរកឃើញពីរ៉ាដា នាវានេះស័ក្តិសមបំផុតសម្រាប់ការបំពេញបេសកកម្មល្បាត និងការវា.យប្រហារដោយសម្ងាត់។ ក្រៅពីលក្ខណៈពិសេសទាំងនេះ វាក៏មានបំពាក់ទៅដោយប្រព័ន្ធមីស៊ីលទំនើបៗ ដែលមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងនាវាមុជទឹក កប៉ាល់ យន្តហោះ និងមីស៊ីលកំណត់គោលដៅផងដែរ។ តាមការប៉ាន់ស្មានជាមធ្យម នាវានេះអាចមានតម្លៃប្រហែលពី ៦០០ ទៅ ៦៥០ លានដុល្លារ/គ្រឿង នាពេលបច្ចុប្បន្ន ដែលនាំឲ្យវាក្លាយជាជម្រើសដ៏ល្អមួយក្នុងការការពារផ្លូវសមុទ្រនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕










