Home ព័ត៌មានអន្តរជាតិ ថៃបដិសេធការចូលរួមកិច្ចប្រជុំ JBC នៅខែមេសានេះ និងពិចារណាពីការលុប MOU ឆ្នាំ២០០១

ថៃបដិសេធការចូលរួមកិច្ចប្រជុំ JBC នៅខែមេសានេះ និងពិចារណាពីការលុប MOU ឆ្នាំ២០០១

120
0

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន ដោយបដិសេធការចូលរួមកិច្ចប្រជុំ JBC នៅខែមេសា ក្រោមហេតុផលដូចមុន គឺរង់ចាំនីតិវិធីផ្ទៃក្នុងសិនដើម្បីតែងតាំងសមាសភាព JBC ថ្មី ហើយពេលថៃត្រៀមនីតិវិធីផ្ទៃក្នុងរួចរាល់ នឹងនិយាយម្តងគ្នាទៀត ។ នេះជាការបដិសេធជាថ្មីរបស់ថៃ បន្ទាប់ពីបានបដិសេធកន្លងមកជាច្រើនលើក បើទោះជាបច្ចុប្បន្ន ថៃមានរដ្ឋាភិបាលថ្មីជាផ្លូវការក្តី ។ ក្រៅពីនេះ លោកនិយាយពីការលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ ថា នឹងពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិដើម្បីឱ្យគណៈរដ្ឋមន្ត្រីពិចារណា ។

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជាបានបញ្ជូនកំណត់ទូតជាច្រើនលើកទៅគណៈកម្មការ JBC ថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC ប៉ុន្តែថៃបានឆ្លើយតបដោយស្នើលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុងដើម្បីតែងតាំងសមាសភាព JBC ថ្មីរបស់ខ្លួន ក្រោយពីបង្កើតគណៈរដ្ឋមន្ត្រីថៃថ្មី ។ គណៈកម្មការ JBC កម្ពុជាបានស្នើសាជាថ្មីទៅគណៈកម្មការ JBC ថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC និងជំរុញឱ្យបន្តអនុវត្តការងារលើដីជាក់ស្តែងដែលភាគីទាំងពីរឯកភាពគ្នាកន្លងមក ដោយកម្ពុជាស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ។

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Reporters នៅថ្ងៃទី១១ ខែមេសា លោក Sihasak ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃថា ថៃនឹងមិនចូលរួមកិច្ចប្រជុំ JBC ដែលគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី១៧ ខែមេសាទេ រីឯអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ ថៃនឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិសិន មុននឹងសម្រេចចិត្តលុបចោល ។

នៅថ្ងៃទី១១ ខែមេសា លោក Sihasak រដ្ឋមន្ត្រីក្រសួងការបរទេសថៃបាននិយាយពីគណៈកម្មការ JBC កម្ពុជាផ្ញើកំណត់ទូតមកកាន់ថៃឱ្យចូលរួមកិច្ចប្រជុំ JBC ក្នុងចន្លោះចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសា ថា ថៃធ្លាប់ជូនដំណឹងទៅកម្ពុជារួចហើយពីកិច្ចប្រជុំ JBC គឺថៃត្រូវរង់ចាំនីតិវិធីផ្ទៃក្នុងសិនដើម្បីតែងតាំងសមាសភាព JBC ថ្មី ហើយនៅពេលថៃត្រៀមនីតិវិធីផ្ទៃក្នុងរួចរាល់ ចាំនិយាយគ្នាទៀត ។

លោកមិនធ្វើជាប្រធានគណៈកម្មការ JBC ថៃទេ ពីព្រោះគណៈកម្មការ JBC ត្រូវផ្តោតខ្លាំងលើផ្នែកបច្ចេកទេស ហេតុនេះ ថៃត្រូវស្វែងរកអ្នកជំនាញច្បាប់អន្តរជាតិ និងព្រំដែនមកធ្វើជាប្រធាន ព្រមទាំងមានភ្នាក់ងារសំខាន់ៗផងដែរ ។ កម្ពុជាបានអញ្ជើញថៃឱ្យចូលរួមកិច្ចប្រជុំពិសេសបន្ទាន់ JBC ប៉ុន្តែថៃជូនដំណឹងរួចហើយថា ត្រូវត្រៀមខ្លួនជាមុនសិន ហើយលោកនឹងជជែកជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ាននាដើមខែឧសភា ខាងមុខ ។

ចំណែកការលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ គឺរដ្ឋាភិបាលថៃបានប្រកាសពីគោលនយោបាយរួចហើយនឹងលុបចោល ហើយក្រសួងការបរទេសថៃនឹងដំណើរការលុប MOU ដោយត្រូវប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិជាមុនដើម្បីឱ្យគណៈរដ្ឋមន្ត្រីពិចារណា ។ សម្រាប់ការលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ ថៃនឹងពិចារណាឱ្យច្បាស់លាស់ កន្លងមក បានដំណើរការខ្លះៗហើយ ប៉ុន្តែការធ្វើអ្វីមួយត្រូវឯកភាពគ្នា ។ ហេតុនេះ ក្រសួងការបរទេសចង់ឱ្យពិភាក្សា និងស្តាប់មតិយោបល់ផ្សេងៗមុនពេលសម្រេចចិត្ត ។ នេះបើតាមការលើកឡើងរបស់លោក Sihasak ។

គួរបញ្ជាក់ថា គណៈកម្មការ JBC កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អលង្ការនឹងសកម្មភាពឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ និងការបន្តធ្វើសកម្មភាពបំពានលើបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា ។ គណៈកម្មការ JBC កម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ទាំងពេលកន្លងមក ទាំងបច្ចុប្បន្ន និងអនាគត ។

ពាក់ព័ន្ធនឹងថៃទាមទារលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ វាជារឿងគួរឱ្យសោកស្តាយយ៉ាងខ្លាំង ប្រសិនបើភាគីថៃសម្រេចដកខ្លួនជាឯកតោភាគី ដែលនេះជាជំហ៊ានមួយងាកចេញពីស្មារតីសហប្រតិបត្តិការដែលជាមូលដ្ឋានគ្រឹះនៃឯកសារនេះ ។ កម្ពុជាវិញ នៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ និងឥតងាករងចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះសម្រេចបានកាលពីឆ្នាំ២០០១ ៕