ប្រធានាធិបតីចិន លោក Xi Jinping នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់មេគណបក្សប្រឆាំងដ៏ធំរបស់តៃវ៉ាន់មកកាន់ទីក្រុងប៉េកាំង ដោយលោកបញ្ជាក់ថា ពលរដ្ឋចិននិងតៃវ៉ាន់ គឺសុទ្ធតែជាក្រុមគ្រួសារតែមួយដែលត្រូវការសន្តិភាព ហើយចិនគ្មានថ្ងៃអនុញ្ញាតឱ្យតៃវ៉ាន់ទទួលបានឯករាជ្យឡើយ ខណៈមេគណបក្សប្រឆាំងតៃវ៉ាន់ចង់ឃើញការកាត់បន្ថយភាពតានតឹងនៅតៃវ៉ាន់ ។

មេគណបក្ស Kuomintang (KMT) ដែលជាគណបក្សប្រឆាំងដ៏ធំនៅតៃវ៉ាន់ លោកស្រី Cheng Li-wun បានចូលជួបប្រធានាធិបតីចិននៅសាលប្រជាជនក្នុងទីក្រុងប៉េកាំងនៅថ្ងៃទី១០ ខែមេសា ដែលក្នុងឱកាសនេះ លោក Xi និយាយថា ពលរដ្ឋចិន-តៃវ៉ាន់សុទ្ធតែជាក្រុមគ្រួសារតែមួយ ទំនាក់ទំនងពេលអនាគតស្ថិតក្នុងដៃពលរដ្ឋចិន ។ ពិភពលោកបច្ចុប្បន្ន គ្មានសន្តិភាពពេញលេញទេ គឺសន្តិភាពមានតម្លៃ ។

សេចក្តីថ្លែងការណ៍ផ្សាយក្នុងកញ្ចក់ទូរទស្សន៍របស់តៃវ៉ាន់ លោក Xi ថា ពលរដ្ឋចិន និងតៃវ៉ាន់ គឺជាគ្រួសារតែមួយដែលត្រូវការសន្តិភាព ការអភិវឌ្ឍ ការផ្លាស់ប្តូរ និងសហការ ។ យើងជួបគ្នាថ្ងៃនេះ (ថ្ងៃទី១០ ខែមេសា) ដើម្បីការពារសន្តិភាព និងសន្តិសុខមាតុភូមិរបស់យើងដើម្បីលើកកម្ពស់ទំនាក់ទំនង ជំរុញឱ្យក្មេងជំនាន់ក្រោយមានអនាគតល្អ ។ ចិនរីករាយសហការជាមួយគណបក្សផ្សេងៗ រួមទាំងគណបក្ស Kuomintang ហើយប្រឆាំងការបំបែកខ្លួនរបស់តៃវ៉ាន់ ។
.jpg)
ចិនបដិសេធមិនចរចាជាមួយប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te ដោយសារមានគោលជំហរទាមទារឯករាជ្យ ហើយរដ្ឋាភិបាលរបស់លោក Lai ប្រាប់ឱ្យលោកស្រី Cheng ប្រាប់ទៅចិនឈប់គំរាមតៃវ៉ាន់ និងឱ្យចិនទទួលស្គាល់រដ្ឋាភិបាលតៃវ៉ាន់ ដែលកាន់តំណែងតាមរយៈការបោះឆ្នោតបែបលទ្ធិប្រជាធិបតេយ្យនៅទីក្រុងតៃប៉ិ ។
.jpg)
លោកស្រី Cheng បានធ្វើដំណើរទស្សនកិច្ចប្រទេសចិន ក្នុងគោលបំណងកាត់បន្ថយស្ថានការណ៍តានតឹង បន្ទាប់ពីចិនដាក់សម្ពាធលើតៃវ៉ាន់ដោយការប្រើប្រាស់កម្លាំងកងទ័ព ដែលចិនអះអាងជាទឹកដីរបស់ខ្លួន ។ លោកស្រីនិយាយទៅកាន់លោក Xi ថា ទំនាក់ទនងរវាងភាគីទាំងពីរជាផលប្រយោជន៍រួមគ្នា និងជាអ្វីដែលពលរដ្ឋទាំងពីរចង់បាន លោកស្រីក៏បានអញ្ជើញលោក Xi បំពេញទស្សនកិច្ចនៅតៃវ៉ាន់ផងដែរ និងចង់ឃើញគ្មានភាពតានតឹងនៅតៃវ៉ាន់ ។.jpg)
គួរបញ្ជាក់ថា អាមេរិកបានគាំទ្រ និងបញ្ជូនអាវុធឱ្យតៃវ៉ាន់ជាបន្តបន្ទាប់ បើទោះជាគ្មានទំនាក់ទំនងការទូតជាផ្លូវការក្តី ហើយរដ្ឋាភិបាលក្រុងប៉េកាំងអំពាវនាវជាច្រើនលើកឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឈប់បញ្ជូនអាវុធឱ្យតៃវ៉ាន់ ៕










