ភាពតានតឹងនៅលើឧបទ្វីបកូរ៉េបានកើនឡើងជាថ្មី នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីយោធាកូរ៉េខាងត្បូង បានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចម្ងាយខ្លីជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុន ដែលជំរុញឲ្យជប៉ុននិងកូរ៉េខាងត្បូងប្រុងប្រយ័ត្នជាមួយនឹងស្ថានការណ៍យ៉ាងខ្លាំង។ ការបា.ញ់ផ្លោងមីសីលនេះ ធ្វើឡើងក្រោយពេលកូរ៉េខាងត្បូងទើបធ្វើការសុំទោសទៅកាន់កូរ៉េខាងជើង ចំពោះឧប្បត្តិហេតុដ្រូន។

សារព័ត៌មាន France24, Euronews រួមទាំងសារព័ត៌អាស៊ីជាច្រើនផ្សេងទៀត នៅទី៨ ខែមេសា បានចុះផ្សាយដោយដកស្រង់នូវពាក្យសម្ដីរបស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង ដែលបាននិយាយថា “គ្រាប់ផ្លោងមិនស្គាល់អត្តសញ្ញាណ” ជាច្រើនត្រូវបានគេប្រទះឃើញបាញ់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង ហើយបានហោះចម្ងាយខ្លីមុនពេលធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន។
.jpg)
ឆ្មាំឆ្នេរសមុទ្រជប៉ុនក៏បាននិយាយផងដែរថា “វត្ថុមួយដែលសង្ស័យថាជាមីស៊ីលផ្លោងត្រូវបានបាញ់ចេញពីកូរ៉េខាងជើង” ដោយជំរុញឱ្យនាវាទាំងអស់ដែលកំពុងចរាចរ “រក្សាការប្រុងប្រយ័ត្ន”។ បន្ថែមលើនេះ ការិយាល័យសន្តិសុខជាតិរបស់ទីក្រុងសេអ៊ូល ក៏បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដោយស្នើសុំឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់ការញុះញង់ជាបន្ទាន់ផងដែរ។.jpg)
មន្ត្រីនៅកូរ៉េខាងត្បូង និងជប៉ុន បានថ្កោលទោសយ៉ាងឆាប់រហ័សចំពោះចលនានេះ ដោយហៅវាថាជាការរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់កូរ៉េខាងជើងពីការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលផ្លោង។ ប្រទេសទាំងពីរបាននិយាយថា ពួកគេកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយនៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់សម្រាប់ការបាញ់បង្ហោះបន្ថែមទៀត។
ទាក់ទឹននឹងបញ្ហានេះ អ្នកវិភាគនិយាយថា ការសាកល្បងទាំងនេះច្រើនតែត្រូវបានកំណត់ពេលវេលាដើម្បីផ្ញើសារនយោបាយ ជាពិសេសក្នុងអំឡុងពេលនៃភាពតានតឹងសកលកំពុងកើនឡើង។ ជាមួយនឹងជម្លោះដែលកំពុងបន្តនៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក សកម្មភាពរបស់កូរ៉េខាងជើងបានបន្ថែមភាពមិនប្រាកដប្រជាមួយទៀត ដែលបង្កើនការព្រួយបារម្ភអំពីសន្តិសុខក្នុងតំបន់ និងហានិភ័យនៃការកើនឡើងបន្ថែមទៀត៕










