ពិតជាគួរឲ្យគោរពស្រលាញ់មែន! ស្ងាត់ៗកំពូលតារាស្រីដ៏ល្បីលំដាប់ពិភពលោក លោកស្រី អេនជេលីណា ជូលី បានមកទស្សនកិច្ចនៅកម្ពុជាយ៉ាងសាមញ្ញនៅវិទ្យាល័យសំឡូត ខេត្តបាត់ដំបង ក្នុងគោលបំណងស្វែងយល់ពីការសិក្សារបស់សិស្ស និងវឌ្ឍនភាពនៃការស្នាក់នៅអន្តេវាសិកដ្ឋាន។
យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៦ ក្រសួងបានបង្ហាញពីការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ អ្នកស្រី Angelina Jolie មកកាន់វិទ្យាល័យសំឡូត ក្នុងគោលបំណងស្វែងយល់ពីការសិក្សារបស់សិស្ស និងវឌ្ឍនភាពនៃការស្នាក់នៅអន្តេវាសិកដ្ឋាន ។
ក្នុងអំឡុងពេលនៃការធ្វើទស្សនកិច្ចនោះ លោកស្រី Angelina Jolie បានដើរពិនិត្យមើលក្នុងបរិវេណវិទ្យាល័យសំឡូតដោយបង្ហាញនូវទឹកមុខញញឹមពេញចិត្ត បន្ទាប់ពីទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅចេញពីចិត្តពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសសិស្សនៅក្នុងសាលា។.jpg)
ជាមួយនឹងការធ្វើដំណើរមកដោយខ្លួនឯង ដោយគ្មានអង្គរក្សហែរហម និងស្ទាយល៍តុបតែងខ្លួនសាមញ្ញៗមិនតាំងខ្លួនជាតារាល្បី លោកស្រី Angelina Jolie ទទួលបានការគោរពស្រលាញ់ និងកោតសរសើយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅ ព្រោះក្រៅពីមានអាកប្បកិរិយាដាក់ខ្លួនបែបនេះ លោកស្រីក៏ជាសប្បុរសជនដ៏សកម្មមួយរូប ដែលតែងយកចិត្តទុកដាក់ក្នុងការចូលរួមជួយអភិវឌ្ឍន៍សហគមន៍ និងការអប់រំនៅកម្ពុជាផងដែរ។

គួរជម្រាបថា កន្លងមក លោកស្រី Angelina Jolie ធ្លាប់បានលើកឡើងថា លោកស្រីចាត់ទុកកម្ពុជាថាជា “ផ្ទះទីពីរ” របស់លោកស្រី ដោយសារវាជាទឹកដីកំណើតរបស់ Maddox (កូនប្រុសច្បង) និងជាកន្លែងដែលផ្លាស់ប្តូរជីវិតរបស់លោកស្រី។ ជាងនេះទៅទៀត នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានមួយចំនួន លោកស្រីថែមទាំងធ្លាប់បានបង្ហើបពីគម្រោងផ្លាស់ប្ដូរទីលំនៅពីសហរដ្ឋអាមេរិកទៅនៅក្រៅប្រទេសផងដែរ ដោយក្នុងនោះលោកស្រីបានចង្អុលបង្ហាញមកកាន់ប្រទេសកម្ពុជា ថាជាជម្រើសដ៏លេចធ្លោមួយនៅក្នុងការពិចារណារបស់លោកស្រី។ 
ការណ៍នេះបានឆ្លុះបញ្ចាំងពីទឹកចិត្តស្រលាញ់ និងការផ្ដល់តម្លៃពីសំណាក់តារាហូលីវូដដ៏ល្បីរូបនេះមកលើប្រទេសកម្ពុជាជាខ្លាំង ដ្បិតទីនេះគឺជាទឹកដីនៃភាពស្ងប់សុខ ដែលផ្ដល់ឲ្យគាត់នូវសន្តិភាពផ្លូវចិត្តអស់រយៈពេលជាង២០ឆ្នាំមកហើយ ចាប់តាំងពីការមកដល់ដំបូងក្នុងឆ្នាំ២០០១៕










