មិនថាស្ថិតក្នុងឋានៈជាមេកើយឬជាអ្នកសិល្បៈជំនាន់ចាស់ឬជំនាន់ថ្មីនោះទេតារាសម្តែង ហេង ប៊ុនលាភ បា ស្នើឱ្យអ្នកនៅក្នុងចង្កោមសិល្បៈប្រើភាសាសមរម្យទម្លាប់និយាយពាក្យល្អៗ។ ការចេញមកនិយាយពាក្យទាំងនេះទំនងលោក ហេង ប៊ុនលាភ រងនូវការមិនឱ្យតម្លៃណាមួយក្នុងវិស័យសិល្បៈ។
នៅថ្ងៃទី១ ខែមេសា តារាសម្តែង ហេង ប៊ុនលាភ បានចេញវីដេអូប្រមាណ១នាទីដោយផ្តើមការសួស្តីទៅកាន់សិល្បកររៀមច្បងនិងអ្នកជំនាន់ក្រោយជាដើម។ ក្នុងនាមលោកជាសិល្បករមួយរូបតារាសម្តែងរូបនេះបាននិយាយថារូបលោកតែងតែគោរពនិងផ្តល់តម្លៃចំពោះអ្នកសិល្បៈដទៃទៀតដោយការរាក់ទាក់ប្រតិបត្តិ។ 
យ៉ាងណាមិញលោក ហេង ប៊ុនលាភ បានទម្លាយថាអ្នកសិល្បៈមួយចំនួនតូចគឺប្រើភាសាមិនផ្តល់តម្លៃឱ្យគ្នាគិតថាខ្លួនឯងជាមេ ឬជាអ្នកល្បី ដោយប្រើភាសាអសុរោះដូចជាពាក្យ «អា» ជាដើម។ តារាសម្តែងដ៏មានកេរ្តិ៍ឈ្មោះរូបនេះបន្តថា អ្នកដែលប្រើពាក្យភាសាមិនសមរម្យទាំងនេះគួរតែកែប្រែទម្លាប់ កុំមានមោទនភាព និងគិតថាខ្លួនឯងអស្ចារ្យពេក។ លោកថាមនុស្សម្នាក់ៗតែងតែមានតម្លៃរៀងៗខ្លួនហើយកុំវាយតម្លៃមនុស្សត្រឹមតែសំបកក្រៅឃើញគេគោរពថាគេអន់ឱ្យសោះពីព្រោះនោះគឺជាភាពថ្លៃថ្នូរ។
ការលើកឡើងរបស់លោក ហេង ប៊ុនលាភ ទទួលបានការយល់ស្របពីទស្សនិកជន ខណៈពួកគេកម្រនឹងឃើញតារាសម្តែងរូបនេះបញ្ចេញប្រតិកម្មរបស់ខ្លួននៅលើបណ្តាញសង្គមណាស់។ នេះនាំឱ្យមានការសង្ស័យថាលោក ហេង ប៊ុនលាភ ប្រហែលជាទទួលបានពាក្យមិនសមរម្យណាមួយពីអ្នកចង្កោមសិល្បៈហើយ។
គួរឱ្យដឹងថាចុងក្រោយនេះលោក ហេង ប៊ុនលាភ បានបង្ហាញខ្លួនថតក្នុងខ្សែភាពយន្តជាមួយនឹង មាលា និង ដេវិដ អ៊ឹង ហាវ ហើយទស្សនិកជនកំពុងតែទន្ទឹងរង់ចាំស្នាដៃថ្មីរបស់លោក។ ក្រៅពីការសម្តែងលោក ហេង ប៊ុនលាភ ក៏មានទីផ្សារខាងសិល្បៈចម្រៀងផងដែរ៕










