បន្ទាប់ពីធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភក្រោយពីបង្ហាញពីភាពសោកសៅយ៉ាងខ្លាំងនៅលើបណ្តាញសង្គមពេលនេះស្រាប់តែ ផេនខេក បានប្រកាសជាសាធារណៈតែម្តងថានាងនិងគូស្នេហ៍បានបញ្ចប់ទំនាក់ទំនងហើយ។ ការប្រកាសចែកផ្លូវគ្នានេះ ផេនខេក បានផ្តល់ហេតុផលថាពួកគេរស់នៅមិនចុះសម្រុងគ្នា។
ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារាកំប្លែង ផេនខេក ធ្លាប់បរាជ័យជីវិតគូម្តងរួមមកហើយបន្ទាប់ពីរៀបការរួចមិនទាន់បានប៉ុន្មានផងស្រាប់តែដៃគូរបស់នាងបានបញ្ចប់ទំនាក់ទំនងដោយងាកទៅរកដៃគូជាបុរសវិញ។ ក្រោយព្យាបាលរបួសក្នុងចិត្តប្រមាណជាង២ឆ្នាំ ផេនខេក ក៏បានចាប់ផ្តើមមានទំនាក់ទំនងស្នេហាម្តងទៀតដែលដៃគូរបស់ពិធីការិនីរូបនេះមានឈ្មោះថា ពីន។

ក្រោយសាងស្នេហ៍ជាមួយគ្នាប្រមាណជាជិត១ឆ្នាំ ផេនខេក និងដៃគូបានបញ្ចេញរូបថតហាក់ដូចជារូបភាព Pre Wedding យ៉ាងស្រស់ស្អាតនៅឯប្រាសាទអង្គរវត្តដែលធ្វើឱ្យអ្នកគាំទ្រគិតថាអ្នកទាំងពីរនឹងចូលរោងការឆាប់ៗនេះ។ ទោះយ៉ាងណា ផេនខេក ត្រូវខកចិត្តនិងខូចចិត្តម្តងទៀតក្នុងជីវិតគូដោយនាងបានបញ្ជាក់ថាពួកគេបានបញ្ចប់ស្នេហានេះហើយ។
បង្ហោះសារទាំងខូចចិត្ត នាយប់ថ្ងៃទី២៦ ខែមីនា ផេនខេក បានជម្រាបជូនសាធារណជនថា «ចាប់ពីពេលនេះទៅ ទំនាក់ទំនងរបស់ខ្ញុំ និងគាត់ បានបញ្ចប់ហើយ។ ពេលខ្លះ ការបញ្ចប់ មិនមែនដោយសារតែអស់ស្រលាញ់ ប៉ុន្តែដោយសារតែការរស់នៅជាមួយគ្នាមិនចុះសម្រុង។ការបញ្ចប់ មិនមែនជាការបរាជ័យទេ ប៉ុន្តែជាការជ្រើសរើសសន្តិភាព សម្រាប់ខ្ញុំ និងគាត់។ ពេលខ្លះ ការលែងដៃគ្នា គឺជាវិធីតែមួយ ដែលអាចរក្សាការគោរព និងអនុស្សាវរីយ៍ល្អៗ ដែលធ្លាប់មាន…»។
ការប្រកាសនេះបានធ្វើឱ្យមិត្តអ្នកសិល្បៈ និងអ្នកគាំទ្រជាច្រើនបានផ្តល់កម្លាំងចិត្តដល់ ផេនខេក។ ជាមួយគ្នានេះអ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិដោយចង់ឱ្យ ផេនខេក ផ្តោតលើការងារច្រើនជាងស្នេហាពីព្រោះនាងជួបទុក្ខសោកសៅចំនួន២ដងមកហើយ៕










