បន្ទាប់ពីមហាជនបង្ហាញអារម្មណ៍រំភើបចិត្តមានមោទនភាពក្រោយទទួលដំណឹងថា ព្រះនាង ចេណ្ណា ចូលរួមសម្តែងខ្សែភាពយន្តចិនរបស់ IQIYI ពេលនេះទ្រង់បានចូលរួមកម្មវិធីបន្តទៀតនៅឯប្រទេសចិន។ លើសពីនេះព្រះនាង ចេណ្ណា បានបកស្រាយចម្រៀងជាភាសាចិនធ្វើឱ្យមានការចាប់អារម្មណ៍បន្ថែមទៀត។
នៅលើទំព័រហ្វេកប៊ុក ព្រះនាង ចេណ្ណា ដែលជាសិល្បការិនីមួយរូបរបស់កម្ពុជាបានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងការបញ្ជាក់ថា «នេះជាកិត្តិយសមួយ ដែលខ្ញុំបានចូលរួមសម្តែងនៅក្នុងរាត្រីដ៏មានន័យ និងពោរពេញដោយវប្បធម៌តន្ត្រី Hainan Spring Festival Gala ក្នុងខេត្តហៃណាន ប្រទេសចិន»។ ព្រះនាងបានបន្ថែមថាទ្រង់បានបកស្រាយចម្រៀងភាសាចិន «Who Doesn’t Say My Hometown Is Good» ដើម្បីបង្ហាញពីក្ដីស្រឡាញ់ និងមោទនភាពចំពោះស្រុកកំណើត។
វីដេអូមួយនេះបានទាក់ទាញការចាប់អារម្មណ៍ទស្សនិកជនយ៉ាងឆាប់រហ័សនិងបានសាយភាយនៅលើអ៊ីនធឺណិតអមដោយមតិកោតសរសើរជាច្រើន។ គួរឱ្យដឹងថា ជារឿយៗព្រះនាង ចេណ្ណា តែងតែចូលរួមកម្មវិធីនានាជាច្រើននៅឯប្រទេសចិននិងបានកសាងប្រជាប្រិយភាពមានអ្នកគាំទ្រច្រើននៅទីនោះ។ ជាក់ស្តែងកន្លងមកមានហ្វេនៗជនជាតិចិនបានជូនបាច់ផ្កាឱ្យទ្រង់នៅពេលថតកម្មវិធីចប់ផងដែរ។

មិនត្រឹមតែមានកេរ្តិ៍ឈ្មោះនិងកំពុងកសាងមុខមាត់នៅប្រទេសចិនប៉ុណ្ណោះទេទស្សនិកជនក៏រំពឹងថានាថ្ងៃអនាគត ព្រះនាងចេណ្ណា កាន់តែរីកមុខរីកមាត់នៅលើឆាកអន្តរជាតិបន្ថែមទៀតតាមរយៈទេពកោសល្យរបស់ទ្រង់។
គួរឱ្យដឹងថាបទថ្មីចុងក្រោយរបស់ ព្រះនាង ចេណ្ណា មានចំណងជើងថា «សារភាពគ្មានន័យ» ទទួលបានការគាំទ្រយ៉ាងខ្លាំងល្បីល្បាញនៅលើបណ្តាញសង្គមទិកតុកមានអ្នកចូលលេងយ៉ាងច្រើនកុះករ៕










