ម៉ាន់ វណ្ណឌី បងប្រុសរបស់តារារ៉េប ម៉ាន់ វណ្ណដា ត្រូវបានអ្នកគាំទ្រសម្លឹងឃើញថាលោកតែងតែគាំទ្រនៅក្បែរប្អូនប្រុសជានិច្ចទោះបីជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ ជាក់ស្តែងថ្មីៗនេះ វណ្ណដា ក៏បានបង្ហើបចម្រៀងខ្លីថ្លែងពីជីវិតរបស់ខ្លួនជាមួយនឹងបងប្រុសសំណព្វចិត្តផងដែរ។.png)
ឈានមកដល់ចំណុចមួយដែលខ្ពស់ដូចសព្វថ្ងៃពិតណាស់មនុស្សខ្លះក៏បានចាកចេញពី វណ្ណដា ចំណែកឯអ្នកខ្លះទៀតក៏បានចូលមកក្នុងជីវិត វណ្ណដា មានទាំងថ្មី មានទាំងចាស់ ប៉ុន្តែអ្វីដែលមិនផ្លាស់ប្តូរគឺបងប្រុសរបស់តារារ៉េបរូបនេះនៅតែគាំទ្រប្អូនប្រុសជារៀងដរាប។ ថ្មីៗនេះទស្សនិកជនមានការចាប់អារម្មណ៍ទ្វេដងបន្ទាប់ពី វណ្ណដា បានទម្លាក់វីដេអូចម្រៀងខ្លីជាមួយនឹងបងប្រុសដោយរៀបរាប់ពីអនុស្សាវរីយ៍ធាតុដើមរបស់ខ្លួនជាអ្នកកោសដូងប៉ុន្តែពេលនេះព្រេងវាសនាបានផ្លាស់ប្តូរទាំងស្រុង។
នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ វណ្ណដា ស្រាប់តែទម្លាក់ចម្រៀងខ្លី ដោយភ្ជាប់មកជួយនឹងរូបភាពបងប្រុស ជាមួយនឹងចំណងជើងថា « BIG BROTHER, BEST BROTHER»។ នៅក្នុងចម្រៀងខ្លីនេះ វណ្ណដា បាននិយាយរៀបរាប់ថារូបគេនិងបងប្រុសស្តាប់ចម្រៀងហ៊ីបហបតាំងពីរៀនថ្នាក់ទី២ ខណៈបានរៀបរាប់ពីជីវិតផ្លាស់ប្តូរពីអ្នកកោសដូងស្រាប់តែវាសនាផ្លាស់ប្តូរលុយហូរចូលមិនឈប់ឈរ។

ការទម្លាក់ចម្រៀងខ្លីៗនេះបានធ្វើឱ្យមតិហ្វេនៗយល់ឃើញថា វណ្ណឌី គឺជាបងប្រុសល្អតែងតែគាំទ្រប្អូនប្រុសជានិច្ច បើទោះបីជាមិនសូវបង្ហាញរូបភាពនៅលើបណ្តាញសង្គមក្តី។
គួរឱ្យដឹងថា វណ្ណដា និង វណ្ណឌី ធ្លាប់បានចេញចម្រៀងជាមួយគ្នាមានចំណងជើងថា «OUT DA MUD»ក្នុងឆ្នាំ ២០២០ ខណៈបងប្រុសរបស់តារារ៉េបរូបនេះធ្លាប់បានបង្ហាញក្នុង MV មួយចំនួនដូចជាបទ «NO DISRESPECT» កាលពីឆ្នាំ២០២៥ជាដើម៕










