តារាចម្រៀង សួស វីសា បានបង្ហាញការយល់ស្របតាមការលើកឡើងរបស់តារាសម្តែង គឹម លីហ្សា ជុំវិញការសិក្សារបស់កូនដែលត្រូវរៀនច្រើនមុខក្នុងពេលតែមួយ។ ក្តីបារម្ភរបស់អាណាព្យាបាលដែលខ្លាចកូនៗទទួលរងនូវសម្ពាធក្នុងការសិក្សានេះ គឺមានមតិខ្លះក៏យល់ស្រប ចំណែកមតិខ្លះទៀតមិនយល់ស្របឡើយ។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ តារាសម្តែង គឹម លីហ្សា បានបង្ហោះវីដេអូមួយដែលបង្ហាញថាក្មេងៗបច្ចុប្បន្នមានសម្ពាធក្នុងការសិក្សាជាពិសេសគឺខាងសាលាឯកជនតែម្តងដោយសារតែថ្នាក់ទាបប៉ុន្តែត្រូវរៀនច្រើនមុខតាំងពីព្រឹកដល់ល្ងាច ថែមទាំងមានកិច្ចការផ្ទះច្រើនត្រូវធ្វើទៀត។ សិក្សាច្រើនមុខទាំងភាសាខ្មែរ អង់គ្លេស ចិន និងគណិតវិទ្យានេះ គឹម លីហ្សា ថាហាក់ដូចជាផ្តល់សម្ពាធឱ្យកូនទៅវិញដោយបានប្រៀបធៀបទៅនឹងសាលារដ្ឋគឺរៀនត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះ។
លើសពីនេះទៅទៀត គឹម លីហ្សា មានបំណងបញ្ជូនកូនរបស់ខ្លួនសិក្សានៅប្រទេសអូស្រា្តលីដោយសារតែការរៀននៅទីនោះគឺរៀនតែមួយភាសានោះទេ។ តារាសម្តែងរូបនេះទទួលស្គាល់ថាពិតជាចង់ឱ្យកូនៗចេះច្រើនភាសា ហើយគ្មានម្តាយឪពុកម្តាយណាមិនចង់ឱ្យកូនល្អនោះទេ ប៉ុន្តែសម្លឹងឃើញពីការលំបាករបស់កូនប្រៀបដូចជាការផ្តល់សម្ពាធឱ្យកូនទៅវិញ។
ការលើកឡើងរបស់អ្នកនាង គឹម លីហ្សា ត្រូវបានសាធារណជនបញ្ចេញមតិប្រតិកម្មចម្រុះមានទាំងអ្នកយល់ស្របនិងមិនយល់ស្រប។ យ៉ាងណាមិញ ក្រឡេកមកកាន់តារាចម្រៀង សួស វីសា គឺបានបង្ហាញការយល់ស្របនូវការលើកឡើងរបស់ គឹម លីហ្សា។
តារាចម្រៀង សួស វីសា បានលើកឡើងថា «ពាក្យក្នុងចិត្តខ្ញុំគាត់និយាយអស់ហើយ
មួយថ្ងៃៗអាណិតកូនណាស់រៀនច្រើនមុខណាស់ មកផ្ទះធ្វើ home work 3ភាសា+គណិតវិទ្យា១ទៀត ។ មុខវិជ្ជាផ្សេងៗម៉ែអាចចេះជួយបានខ្លះតែបើភាសាចិនអត់ដឹងជួយកូនយ៉ាងមិចទេបើម៉ែអត់ចេះផង»។ តារាចម្រៀងរូបនេះថែមទាំងមេនសិនឱ្យលោក ថមមី ជាស្វាមីចូរស្តាប់នូវអ្វីដែល គឹម លីហ្សា លើកឡើងពីទុក្ខលំបាកនិងសម្ពាធរបស់កូនៗក្នុងការសិក្សា៕










