ឯកសារលេចធ្លាយមួយរបស់ក្រសួងការពារជាតិវៀតណាបានបង្ហើបថា យោធាវៀតណាមបានមើលឃើញជាយូរមកហើយថាសហរដ្ឋអាមេរិកជាការគំរាមកំហែងដ៏មានសក្តានុពល ហើយបានរៀបចំផែនការដោយស្ងៀមស្ងាត់ត្រៀមសម្រាប់ការឈ្លានពានម្ដងទៀតពីសហរដ្ឋអាមេរិក បើទោះជាបច្ចុប្បន្នទំនាក់ទំនងប្រទេសទាំងពីរកំពុងស្អិតរមួតនឹងគ្នាវិញហើយក៏ដោយ ។ នេះបើតាមអត្ថបទចុះផ្សាយដោយសារព័ត៌មានអន្តរជាតិ The Independent ។

របាយការណ៍មួយចំនួនបាននិយាយថា យោធាវៀតណាមបានរៀបចំផែនការដោយសម្ងាត់សម្រាប់ការពារការឈ្លានពានរបស់សហរដ្ឋអាមេរិកអស់រយៈពេល 50 ឆ្នាំមកហើយ។ ការភ័យខ្លាចនេះផ្តោតលើកម្លាំងខាងក្រៅដែលអាចញុះញង់ឱ្យមានការបះបោរប្រឆាំងនឹងរបបកុម្មុយនីសវៀតណាមបច្ចុប្បន្ន ដែលជាសេណារីយ៉ូមួយដែលត្រូវបានគេហៅថា “បដិវត្តន៍ពណ៌”។
.jpg)
របាយការណ៍ដដែលនេះបានបញ្ជាក់ថា ខណៈពេលដែលវៀតណាមព្យាយាមរក្សាតុល្យភាពទំនាក់ទំនងរវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក វៀតណាមហាក់នៅតែមានភាពមិនទុកចិត្តលើចេតនារបស់ទីក្រុងវ៉ាស៊ីនតោន ជាពិសេសការបង្កើតសម្ព័ន្ធភាពប្រឆាំងចិននៅក្នុងតំបន់អាស៊ី។ 
គួរជម្រាបថា បើទោះជារដ្ឋាភិបាលទីក្រុងហាណូយ និងទីក្រុងវ៉ាស៊ីនតោន មានទំនាក់ទំនងការទូតដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» តាំងតែពីក្នុងឆ្នាំ២០២៣ ក៏ដោយ ប៉ុន្តែឯកសារនេះបង្ហាញយ៉ាងច្បាស់ថា វៀតណាមនៅតែចាត់ទុកសហរដ្ឋអាម៉េរិកជា «មហាអំណាចដែលមានចរិតចង់ធ្វើសង្រ្គាម» និងគំរាមកំហែងដល់របបកុម្មុយនីស្តរបស់ខ្លួន។.jpg)
ការរៀបចំនេះត្រូវបានលេចធ្លាយបន្ទាប់ពីរបាយការណ៍ថ្មីមួយពីអង្គការ The 88 Project ដែលឃ្លាំមើលសិទ្ធិមនុស្សនៅប្រទេសវៀតណាម បានលាតត្រដាងនូវឯកសារផ្ទៃក្នុងរបស់ក្រសួងការពារជាតិវៀតណាមដែលមានចំណងជើងថា «ផែនការឈ្លានពានលើកទី២ របស់សហរដ្ឋអាម៉េរិក» ដែលត្រូវបានរៀបចំឡើងកាលពីអំឡុងខែសីហា ឆ្នាំ២០២៤។
អ្នកវិភាគនិយាយថា ចលនានេះឆ្លុះបញ្ចាំងពីការមិនទុកចិត្តយ៉ាងជ្រាលជ្រៅដែលចាក់ឫសក្នុងការចងចាំប្រវត្តិសាស្ត្រនៃសង្គ្រាមវៀតណាម និងការព្រួយបារម្ភអំពីសន្តិសុខរបស់របបនេះ ដោយវៀតណាមមើលឃើញសហរដ្ឋអាមេរិកជាការគំរាមកំហែងដ៏ធំជាងប្រទេសចិន។.jpg)
គួររំលឹកថា សង្រ្គាមរវាងអាមេរិក និងវៀតណាម បានអូសបន្លាយអស់រយៈពេលប្រហែល ២០ ឆ្នាំ ចាប់ពីឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៧៥ និងបញ្ចប់សង្រ្គាមចុងក្រោយនៅថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥។ទោះបីជាសង្រ្គាមបានបញ្ចប់អស់រយៈពេលជាងកន្លះសតវត្សរ៍ទៅហើយក្តី ប៉ុន្តែឯកសារដែលទើបនឹងលេចធ្លាយនេះបង្ហាញថា វៀតណាមនៅតែមាន «ការចងចាំយូរអង្វែង» អំពីជម្លោះនេះ ហើយនៅតែបារម្ភថាអាមេរិកអាចនឹងវិលត្រឡប់មកវិញក្នុងទម្រង់ណាមួយ ដើម្បីផ្លាស់ប្តូររបបដឹកនាំរបស់ពួកគេ៕










