(ក្រចេះ)៖ សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ មានទីតាំងនៅតាមបណ្តោយដងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិចំនួន៣ គឺភូមិជ្រោយបន្ទាយ ភូមិខ្សាប់ទប់ និងភូមិល្អៀត ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ហើយមានចម្ងាយ១៧គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។ តំបន់កោះនេះផ្សារភ្ជាប់ទៅនឹងសក្តានុពលដ៏សម្បូរបែបនៃដងទន្លេមេគង្គ ដែលមានព្រៃព្រឹក្សាធម្មជាតិដ៏ស្រស់ត្រកាល។

សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ បើកការទទួលស្វាគមន៍ភ្ញៀវទេសចរ នាក្នុងរដូវប្រាំងប៉ុណ្ណោះ ចាប់ពីខែធ្នូ រហូតដល់ខែមេសា ព្រោះរដូវវស្សាអាចមានទឹកលេចល្ហល្ហេវ។ សហគមន៍នេះសំបូរទៅដោយសក្តានុពលទេសចរណ៍បែបធម្មជាតិជាច្រីនរួមមាន៖ ព្រៃឈើ សត្វស្លាប កោះខ្សាច់សក្បុស សត្វព្រៃ(សត្វក្តាន់) ទេសភាពព្រៃលិចទឹកទន្លេមេគង្គ និងសូម្បីតែសត្វផ្សោតដ៏កម្រក៏មានវត្តមានក្នុងសហគមន៍នេះផងដែរ។

តំបន់កោះទេសចរធម្មជាតិនេះ កោះមានចំនួន ៥ ដូចជា៖ កោះព្រហ្មចារី កោះព្រីង កោះក្របី កោះអន្លង់ទន្តា និងកោះខ្សាច់ ហើយក្នុងកោះនីមួយៗ មានសណ្ឋានខុសៗគ្នា និងមានភាពទាក់ទាញស្រដៀងគ្នាដែរ។ នៅទីនោះ ភ្ញៀវទេសចរអាចជិះទូកមើលទេសភាពព្រៃលិចទឹក ទស្សនាសត្វស្លាប សម្រាកលំហែរពិសារអាហារជួបជុំ ងូតទឹកកម្សាន្ត បោះតង់នៅតាមកោះស្អាតៗជាច្រើន ស្ទួចត្រីកម្សាន្ត និងជាកន្លែងមើលថ្ងៃលិចដ៏ស្រស់ស្អាតផងដែរ។
សម្រាប់ការធ្វើដំណើរទៅកាន់សហគមន៍នេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមទូកកាណូតកាត់ដងទន្លេមេគង្គ នៅកំពង់ចម្លងឫស្សីចារ-ជ្រោយបន្ទាយ ដើម្បីបានឆ្លងទៅដល់សហគមន៍អេកូទេសចរណ៍មួយនេះ។
.jpg)
សូមជម្រាបថា ក្នុងសហគមន៍នៃតំបន់អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយនេះ ក៏មានតំបន់អភិរក្សសត្វផ្សោត និងមានសត្វផ្សោតដែលជាប្រភេទសត្វកម្រផងដែរ ព្រោះទីតាំងសហគមន៍ស្ថិតនៅជាប់នឹងរមណីយដ្ឋានអន្លង់ផ្សោតតែម្ដង ដូច្នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចមកទស្សនាសត្វផ្សោត និងដើរលេងក្នុងតំបន់រមណីយដ្ឋានអេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយនេះដូចគ្នា៕









