(ភ្នំពេញ) ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានផ្ញើលិខិតមួយជូននាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីអញ្ជើញកម្ពុជាឲ្យចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។ ជាមួយនឹងការអញ្ជើញនេះ តើប្រមុខថ្នាក់ដឹកនាំកម្ពុជានឹងឆ្លើយតបបែបណា? ត្បិតយើងបានដឹងមកហើយថា ក្រុមប្រឹក្សាភិបាលនេះ គឺសហរដ្ឋអាមេរិកបង្កើតឡើងមកក្នុងបំណងជំនួសតួរនាទីអង្គការសហប្រជាជាតិ ខណៈការចូលជាសមាជិកអចិន្ត្រៃយ៍តម្រូវឲ្យបង់ថ្លៃខ្ទង់ពាន់លានដុល្លារ។
.jpg)
នៅក្នុងសារលិខិត ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី២១ មករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញកម្ពុជាឱ្យចូលរួមជារដ្ឋសមាជិកស្ថាបនិក និងចូលរួមជាភាគីក្នុងធម្មនុញ្ញរបស់ “ក្រុមប្រឹក្សាសន្តិភាព”។ លោកបានបញ្ជាក់ថា ប្រទេសដែលចូលរួមនឹងចែករំលែកការទទួលខុសត្រូវក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពយូរអង្វែង។ ជាមួយគ្នានេះ លោក ដូណាល់ត្រាំ ថែមទាំងបានបង្ហាញក្តីរំពឹងថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងកម្ពុជា ក្នុងការស្វែងរកសន្តិភាពយូរអង្វែង វិបុលភាព និងស្ថិរភាពពិភពលោក។
.jpg)
យ៉ាងណាក៏ដោយ គិតមកទល់ពេលនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពុំចេញការឆ្លើយតបនឹងលិខិតអញ្ជើញរបស់សហរដ្ឋអាមេរិកឡើយ ខណៈប្រទេសជាច្រើនផ្សេងទៀតដែលត្រូវបានអញ្ជើញក៏កំពុងធ្វើការពិចារណាដូចគ្នា។
.jpg)
បើតាមការបញ្ជាក់របស់រដ្ឋបាលលោក ត្រាំ បណ្តាប្រទេសនានាដែលចូលជាសមាជិកភាពអចិន្ត្រៃយ៍ នឹងតម្រូវឲ្យបង់ថ្លៃជាថវិការហូតដល់១ពាន់លានដុល្លារ ហើយប្រទេសជាសមាជិកនឹងមានអាណត្តិរយៈពេល៣ឆ្នាំ ប៉ុន្តែសម្រាប់ប្រទេសដែលចូលរួមចំណែកហិរញ្ញវត្ថុធំៗ នឹងត្រូវបានលើកលែងពីការកំណត់អាណត្តិនេះ។.jpg)
ដូចគ្នានេដែរ លោកត្រាំបានបង្ហាញក្ដីរំពឹងថា ស្ថាប័នថ្មីនេះអាចនឹងជំនួសតួនាទីរបស់អង្គការសហប្រជាជាតិ (UN) នាពេលខាងមុខ ដោយបន្ថែមការរិះគ.ន់ថា ស្ថាប័នពិភពលោកមួយនេះ បានបរាជ័យក្នុងការដោះស្រាយជម្លោះនានា និងមានភាពអសកម្មខ្លាំង។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នមានប្រទេសចំនួន៦ហើយ ដែលបានប្រកាសយល់ព្រមចូលរួមក្នុងក្រុមប្រឹក្សានេះ ដែលដូចជាវៀតណាម កាហ្សាក់ស្ថាន ហុងគ្រី អាហ្សង់ទីន ម៉ារ៉ុក និងបេឡារុស។ ដោយឡែកសម្រាប់កម្ពុជា យើងនៅមិនទាន់ដឹងពីការសម្រេចចិត្តរបស់រដ្ឋាភិបាលនៅឡើយទេ ខណៈអ្នកវិភាឡមួយចំនួនយល់ឃើញថា កម្ពុជាអាចនឹងទទួលបានទាំងផលវិជ្ជមាន និងអវិជ្ជមានពីការចូលរួមជាមួយក្រុមប្រឹក្សាភិបាលនេះ៕










