ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Thai Post កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ផ្លូវព្រះរ៉ាម២ នៅខេត្តសមុទ្រសាខន ឆ្ពោះកាន់ទីក្រុងបាងកក បានបាក់ស្រុតភ្លាមៗក្លាយជារណ្តៅដ៏ធំ និងបែកធ្លាយប្រព័ន្ធបង្ហូរទឹកស្អាតបណ្តាលឱ្យរថយន្ត១គ្រឿងធ្លាក់ចូលក្នុងនោះ ។ អ្នកបើកបររថយន្តភ័យតក់ស្លុតយ៉ាងខ្លាំង និងចេញពីរថយន្តទាន់ពេលវេលា ខណៈសមត្ថកិច្ចបិទផ្លូវជាបន្ទាន់ធ្វើឱ្យស្ទះចរាចរណ៍ជាច្រើនគីឡូម៉ែត្រ ។
សមត្ថកិច្ចបានចុះមកត្រួតពិនិត្យនៅទីតាំងកើតហេតុ និងសម្រួលការធ្វើចរាចរណ៍របស់អ្នកដំណើរ ដោយស្នើឱ្យពលរដ្ឋចៀសវាងធ្វើដំណើរឆ្លងកាត់ទីតាំងកើតហេតុ ។ តាមការសន្និដ្ឋានបឋម មូលហេតុបណ្តាលឱ្យផ្លូវនេះបាក់ស្រុត ដោយសារធ្លាយបំពង់បង្ហូរទឹកស្អាតនៅក្រោមដី ឬទឹកហូរច្រោះក្នុងដីយូរមកហើយ ទើបធ្វើឱ្យផ្លូវមិនអាចទ្រទ្រង់ទម្ងន់ធ្ងន់របស់រថយន្តបាន ម្យ៉ាងទៀត ផ្លូវនៅបរិវេណក្បែរនេះធ្លាប់ជួសជុលកាលពីពេលថ្មីៗ ។ រីឯមន្ត្រីពាក់ព័ន្ធបានបិទប្រព័ន្ធបង្ហូរទឹកស្អាតនៅទីតាំងកើតហេតុ និងស្រាវជ្រាវរកមូលហេតុបន្ថែមទៀត ។.jpg)
បើតាមម្ចាស់រថយន្តដែលធ្លាក់ក្នុងរណ្តៅ គឺមុនពេលកើតហេតុ ខ្លួនបើកបើករថយន្តមកពីស្រុកហួហ៊ីន សំដៅទៅទីក្រុងបាងកក ស្រាប់តែមកដល់ទីតាំងកើតហេតុ ស្រាប់តែផ្លូវបាក់ស្រុតភ្លាមៗក្លាយជារណ្តៅដ៏ធំធ្វើឱ្យរថយន្តធ្លាក់ចូលតែម្តង ។ លើសពីនេះ មានទឹកចេញមកពីក្នុងរណ្តៅលិចផ្លូវធ្វើឱ្យខ្លួនភ័យស្លន់ស្លោយ៉ាងខ្លាំង ទើបប្រញាប់បើកទ្វាររថយន្តចេញមកក្រៅ ពីព្រោះខ្លាចរថយន្តធ្លាក់ចូលកាន់តែជ្រៅជាងនេះ ។ សំណាងល្អ មិនរងរបួស ដោយសារបើករថយន្តយឺតៗ និងធ្វើដំណើរតែម្នាក់ឯង ។.jpg)
គួរបញ្ជាក់ថា ប្រទេសថៃបានជួបគ្រោះថ្នាក់ និងសោកនាដកម្មផ្ទួនៗគ្នាជាច្រើនថ្ងៃ ដូចជា ៖ ការបំផ្ទុះស្ថានីយប្រេងឥន្ធនៈ PTT ជាង១០កន្លែងនៅខេត្តភាគខាងត្បូង និងដងស្ទួច (Crane) របស់គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនបាក់សង្កត់លើរថភ្លើង១ខ្សែនៅខេត្តណាខនរ៉ាជសីមា កាលពីថ្ងៃទី១៤ ខែមករា ដែលរថភ្លើងធ្វើដំណើរពីទីក្រុងបាងកក ទៅខេត្តឧប៊ុនរ៉ាជថានី បណ្តាលឱ្យមនុស្សស្លាប់ជាង៣០នាក់ និងរបួសជាច្រើននាក់ ។.jpg)
នៅថ្ងៃទី១៥ ខែមករា បាក់ដងស្ទួច១ទៀតក្នុងការដ្ឋានសាងសង់នៅផ្លូវព្រះរ៉ាម២ ខេត្តសមុទ្រសាខន បានបាក់រលំសង្កត់លើស្ពានអាកាសបណ្តាលឱ្យអ្នកដំណើរស្លា.ប់ ចំនួន២នាក់ និងរងរបួសជាច្រើននាក់ ។ នៅថ្ងៃដដែល ក៏មានអគ្គិភ័យឆាបឆេះបំពង់បង្ហូរទឹកសំណល់កម្ពស់ជាង៤០ម៉ែត្រ នៅស្ពានអាកាស Bhumibol Bridge 2 យ៉ាងសន្ធោសន្ធៅ នៅតាមផ្លូវពូចៅសាមីងផ្រាយ ឃុំពូចៅសាមីងផ្រាយ ស្រុកព្រះប្រាឌែង ខេត្តសមុទ្រប្រាកាន ។

បន្ទាប់មក នៅថ្ងៃទី១៦ ខែមករា អគ្គិភ័យបានឆាបឆេះរថយន្តដឹកប្រេងឥន្ធនៈដ៏ធំមួយគ្រឿងរបស់ក្រុមហ៊ុនឯកជនថៃយ៉ាងសន្ធោសន្ធៅ និងរាលដាលកាន់តែខ្លាំងនៅកណ្តាលផ្លូវលេខ៣០៤ ក្នុងភូមិហួយណាមខេម ឃុំឧត្តមសាប់ ស្រុកវាំងណាមខៀវ ខេត្តណាខនរ៉ាជសីម៉ា ។ លើសពីនេះ ប្រទេសថៃមានខ្យល់ពុលខ្លាំងឈានទៅប្រកាសអាសន្នពីផលប៉ះពាល់សុខភាពពលរដ្ឋនៅទីក្រុងបាងកក និងតាមបណ្តាខេត្ត ៕










