សហរដ្ឋអាមេរិក ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសដំឡើងពន្ធទំនិញប្រទេសណាដែលប្រឆាំងនឹងផែនការអាមេរិកគ្រប់គ្រងកោះហ្គ្រីនឡែន (Greenland) ដោយសារលោកចាត់ទុកកោះនេះមានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រសន្តិសុខ ស្របពេលរងការរិះគ.ន់ពីរដ្ឋាភិបាលដាណឺម៉ាក សមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងអ្នកនយោបាយអាមេរិក ។
លោកប្រធានាធិបតី Trump បាននិយាយកាលពីថ្ងៃទី១៦ ខែមករា ថា អាមេរិកអាចនឹងអនុវត្តវិធានការដំឡើងពន្ធទំនិញប្រទេសណាដែលមិនយល់ស្របនឹងផែនការបញ្ចូលកោះហ្គ្រីនឡែនក្នុងទឹកដីអាមេរិក ដែលជាដែនដីគ្រប់គ្រងដោយខ្លួនឯងផង និងស្ថិតក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាកផង កោះនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុទ្ធសាស្ត្រសន្តិសុខអាមេរិក ។
ក្នុងអំឡុងពេលប្រជុំនៅសេតវិមាន លោកប្រធានាធិបតី Trump បាននិយាយពីអាមេរិកនឹងដំឡើងពន្ធទំនិញប្រទេសណាដែលមានគំនិតផ្ទុយគ្នារឿងកោះហ្គ្រីនឡែន ប៉ុន្តែមិនបានបញ្ជាក់ច្បាស់លាស់តើមានប្រទេសណាខ្លះ ឬនឹងចាត់វិធានការតាមផ្លូវច្បាប់តាមវិធីណា ។
គោលជំហររបស់លោកប្រធានាធិបតី Trump ចំពោះកោះហ្គ្រីនឡែន ស្របពេលមានការប្រឆាំងពីប្រទេសជាច្រើន រួមទាំងដាណឺម៉ាក និងហ្គ្រីនឡែន ខណៈសមាជិកសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ (Democrat) និងគណបក្សសាធារណរដ្ឋ (Republican) មួយចំនួនក៏បារម្ភដែរ អំពីប្រធានាធិបតីអាមេរិកចង់គ្រប់គ្រងកោះនេះ ។ សមាជិកសភាអាមេរិករបស់គណបក្សទាំងពីរ ចំនួន១១នាក់ បានធ្វើដំណើរទៅកោះហ្គ្រីនឡែនដើម្បីបង្ហាញការគាំទ្រ និងស្តាប់មតិពលរដ្ឋហ្គ្រីនឡែន ថាតើពួកគេយល់ឃើញបែបណាចំពោះថ្ងៃអនាគត ។.png)
លោកប្រធានាធិបតី Trump និយាយជាញឹកញាប់ថា កោះហ្គ្រីនឡែនមានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រសន្តិសុខអាមេរិក ទាំងប្រព័ន្ធជូនដំណឹងជាមុនពីការវាយប្រហារដោយមីស៊ីល និងការគ្រប់គ្រងផ្លូវដឹកជញ្ជូនក្នុងតំបន់អាកទិក ខណៈដាណឺម៉ាកដាស់តឿន ប្រសិនបើអាមេរិកប្រើប្រាស់កម្លាំងកងទ័ពកាន់កាប់កោះ គឺស្មើនឹងការបំផ្លាញអង្គការ NATO ទាំងមូល ។ ដូចគ្នានេះ ប្រទេសនៅអឺរ៉ុបជាច្រើន រួមមាន ៖ បារាំង អាល្លឺម៉ង់ ស៊ុយអែត ន័រវែស ហ្វាំងឡង់ ហូឡង់ និងអង់គ្លេស បានបង្ហាញគោលជំហរគាំទ្រដាណឺម៉ាក និងបញ្ជូនកងទ័ពមកកោះហ្គ្រីនឡែន ចូលរួមភារកិច្ចល្បាតរួមគ្នា ។
កាលពីឆ្នាំ២០១៩ លោកប្រធានាធិបតី Trump ចង់ទិញកោះហ្គ្រីនឡែនម្តងហើយ ប៉ុន្តែត្រូវបានរដ្ឋាភិបាលដាណឺម៉ាក និងនាយករដ្ឋមន្ត្រីកោះហ្គ្រីនឡែនបដិសេធ ដោយអះអាងថា កោះហ្គ្រីនឡែនមិនមែនសម្រាប់លក់ឱ្យអាមេរិកទេ ដែលធ្វើឱ្យលោក Trump មិនពេញចិត្ត និងលុបចោលដំណើរទស្សនកិច្ចទៅប្រទេសដាណឺម៉ាកភ្លាមៗនាពេលនោះ ។ នៅឆ្នាំ២០២៦ លោកថា អាមេរិកចាំបាច់ត្រូវគ្រប់គ្រងកោះនេះជាបន្ទាន់ដើម្បីសន្តិសុខជាតិ និងការពារកុំឱ្យចិន-រុស្ស៊ីគ្រប់គ្រងនាថ្ងៃអនាគត ហើយអាមេរិកនឹងប្រើប្រាស់កម្លាំងទ័ពកាន់កាប់ បើការចរចាទិញកោះមិនជោគជ័យ ។.png)
គួរបញ្ជាក់ថា អាមេរិកធ្លាប់ទិញអាឡាស្កាពីរុស្ស៊ីកាលពីឆ្នាំ១៨៦៧ ក្នុងតម្លៃត្រឹមតែ ៧លាន ២សែនដុល្លារប៉ុណ្ណោះ ខណៈប្រទេសនានាសើចចំអកថា អាមេរិកទិញអាឡាសា្កជាដែនទឹកកក ។ ប៉ុន្តែបច្ចុប្បន្ន អាឡាស្កាក្លាយជាដែនទឹកកកមានប្រេង មាស និងទីតាំងឈរជើងរបស់កងទ័ពអាមេរិក ហើយនេះអាចជាមូលហេតុធ្វើឱ្យលោក Trump សុខចិត្តធ្វើគ្រប់យ៉ាងដើម្បីទទួលបានហ្គ្រីនឡែនជាដែនទឹកកកធំជាងអាឡាស្កា ៕










