គូស្នេហ៍ជាច្រើនបានចំណាយពេលវេលាឆ្លងឆ្នាំជាមួយគ្នាប្រកបដោយភាពផ្អែមល្ហែមនិងសុភមង្គលប៉ុន្តែងាកមកខាងគូស្នេហ៍របស់តារារ៉េប វណ្ណដា និង ឡូរីន វិញនៅឆ្ងាយពីគ្នាមួយចំហៀងមេឃម្នាក់។ អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍នោះគឺពួកគេបានបញ្ចេញសារខុសប្រក្រតីសដែលនាំឱ្យមានការសង្ស័យថាទំនាក់ទំនងអ្នកទាំងពីរមានភាពរង្គោះរង្គើ។
.jpg)
វណ្ណដា នរិទ្ធ រ៉េត ស៊ូហ្សាណា និងអ្នកជិតស្និទ្ធជាច្រើនទៀតបានបង្ហាញរូបភាពជួបជុំគ្នាក្នុងឱកាសចូលឆ្នាំសាកល។ ចំណែកឯ ឡូរីន វិញគឺបានបង្ហាញថានាងបានចេញទៅក្រៅប្រទេសតាំងពីមុនថ្ងៃឆ្លងឆ្នាំសូម្បីតែថ្ងៃភ្ជាប់ពាក្យតារាចម្រៀង វណ្ណថាន ឡូរីន ក៏មិនបានចូលរួមផងដែរ។ លើសពីនេះទៀត វណ្ណដា និង ឡូរីន គឺបានបញ្ចេញសាររៀងៗខ្លួនហាក់ដូចជាអ្នកទាំងពីរមានបញ្ហានឹងគ្នា។
.jpg)
តារារ៉េប វណ្ណដា បានបង្ហោះនៅលើ Story របស់ខ្លួនថា « អ្នកគឺជាចំណែកមួយដែលខ្ញុំចូលចិត្តបំផុតសម្រាប់ឆ្នាំនេះ ទោះបីជាយើងមិនបាននៅជាមួយគ្នាក៏ដោយ។ ដំណើររឿងពួកយើងសម្រាកត្រឹមនេះមិនទាន់បញ្ចប់តែក៏ពេញលេញ។ ចាប់ផ្តើមថ្មីដោយល្អៗ!»។ 
ចំណែកឯ ឡូរីន វិញបានបង្ហោះរូបយន្តហោះក្រដាសដោយសរសេរថា «ឆ្ងាយពីផ្ទះ តែខ្ញុំ មិនកុហកទេថាបេះដូងខ្ញុំឥលូវនេះរៀងធ្ងន់ណាស់។ ដំណើរកម្សាន្តនេះនៅម្នាក់ឯងហើយវាឈឺចាប់ដែលពួកយើងមិនអាចនៅជាមួយគ្នាបាន»។ ឡូរីន ក៏បានបង្ហោះសំណេរមួយទៀតថា «ខ្ញុំបានចាកចេញពីផ្ទះរបស់យើង ការគិតដែលនៅឆ្ងាយពីគ្នាប្រហែលជាធ្វើឱ្យវាកាន់តែងាយស្រួល។ប៉ុន្តែគ្រប់ទីកន្លែងដែលខ្ញុំទៅ ខ្ញុំនៅតែនឹកអ្នក»។
ការបញ្ចេញសារខុសប្រក្រតីរបស់ វណ្ណដា និង ឡូរីន បានធ្វើឱ្យមនុស្សជាច្រើនសង្ស័យថាទំនាក់ទំនងអ្នកទាំងពីរទំនងមានភាពរង្គោះរង្គើទើបថ្ងៃឆ្លងឆ្នាំមិនបាននៅជាមួយគ្នាហើយថែមទាំងបង្ហាញអារម្មណ៍សោកសៅទៀត។ កាលពីថ្ងៃទី១៨ ខែធ្នូ វណ្ណដា និង ឡូរីន គឺនៅភាពចុះសម្រុះជាមួយគ្នានៅឡើយដោយអ្នកទាំងពីរបានចូលរួមកម្មវិធី «ដើរដើម្បីសន្តិភាព»។
អ្នកមួយចំនួនក៏សង្ស័យថាគូស្នេហ៍មួយគូនេះទំនងជាបែកគ្នាហើយ ចំណែកឯមតិខ្លះទៀតប៉ាន់ស្មានថាអាចប្រហែលជាអ្នកទាំងពីរឈ្លោះអន់ចិត្តខឹងគ្នាដូចជាគូស្នេហ៍ឯទៀតប៉ុណ្ណោះ។ ទោះយ៉ាងណា ការពិតយ៉ាងណាមានតែពេលវេលានិងសាម៉ីខ្លួនប៉ុណ្ណោះដែលអាចបញ្ជាក់ការពិតបាន។
គួរបញ្ជាក់ផងដែរថា អ្នកទាំងពីរបានបើកចំហចំណងស្នេហ៍ជាសាធារណៈកាលពីខែមិថុនា ឆ្នាំ២០២៣ ក្រោយការចូលរួមអបអរសាទរយ៉ាងច្រើនពីទស្សនិកជន៕










