ស្របពេលដែលលេចឮពាក្យចចាមអារ៉ាមថាមានអ្នកយកសប្បុរសធម៌មកធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួនតារាចម្រៀងនិងពិធីការិនី វ៉ាន់ នីឡា បានស្នើសុំអ្នកធ្វើរឿងទាំងនេះអាណិតដល់ជនរងគ្រោះពិតប្រាកដនិងអ្នកលះបង់សាច់ស្រស់ឈាមស្រស់ការពារទឹកដី ខណៈអ្នកមកចូលរួមបរិច្ចាគមួយចំនួនក៏មិនមែនជាធូរធាដែរ។
ជឿជាក់ថាមហាជនពិតជាបានឃើញពីទឹកចិត្តប្រជាពលរដ្ឋខ្មែរយ៉ាងច្បាស់ពីការសាមគ្គីគ្នាជួយគ្នាក្នុងពេលគ្រាដ៏លំបាកនេះដែលប្រទេសថៃបានឈ្លានពានវាយប្រហារកម្ពុជាម្តងទៀតនិងកាន់តែខ្លាំងជាងមុនរហូតមកដល់ថ្ងៃទី២០ ធ្នូ នេះវាមានរយៈពេល១៤ថ្ងៃហើយ។ ជាមួយនឹងទឹកចិត្តសប្បុរសរបស់បងប្អូននានាមិនថាក្មេង ចាស់ អ្នកមានជីវភាពលំបាកក្តីសុទ្ធសឹងតែបង្ហាញទឹកចិត្តបេះពីមាត់ពីកដើម្បីជួយដល់កងទ័ពជួរមុខនិងជនភៀសសឹក។
យ៉ាងណាមិញជនឆ្លៀតឱកាសកេញចំណេញពីជម្លោះនេះនៅតែមានជាក់ស្តែងដូចជាមានអ្នកបន្លំធ្វើជាសមាជិកគ្រួសារកងទ័ព បន្លំ QR កូដរបស់អ្នកប្រមូលមូលធិនិ ខណៈពេលខ្លះក៏មានពាក្យចចាមអារ៉ាមថាអ្នកប្រមូលនិធិមួយចំនួនឆ្លៀតឱកាសយករឿងនេះមកធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន។.png)
ជុំវិញរឿងរសើបនេះតារាចម្រៀង វ៉ាន់ នីឡា បានលើកឡើងនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី១៩ ខែធ្នូ ថា «តាប់តាំងពីប្រទេសមានបញ្ហាមកខ្ញុំទទួលស្គាល់ថាខ្ញុំមិនបានជួយអ្វីច្រើនទេ គឺជួយតិចតួចតាមលទ្ធភាព តែទឹកចិត្តដែលបារម្ភ និងអាណិតដល់វីរកងទ័ពនិងភៀសសឹកគឺឈឺធំធេងដូចអ្នកទាំងអស់គ្នាចឹង។ ដូច្នេះខ្ញុំសុំចិត្តដល់អ្នកដែលធ្វើបរិច្ចាគគៀងគងជំនួយដើម្បីផលប្រយោជន៍ខ្លួនឯងសូមមេត្តាអាណិតអ្នកដែលរងគ្រោះនិងបូជាឈាមស្រស់សាច់ស្រស់ដើម្បីពួកយើងផង»។ 
តារាចម្រៀងនិងជាពិធីការិនី រូបនេះបន្តទៀតថា ប៉ុន្មានថ្ងៃមកនេះនាងឃើញគេផុសថាមានអ្នកកិបកេងជំនួយប៉ុន្តែនាងមិនដឹងថាជាអ្នកណានោះទេ តែបើមានបែបនេះមែនសូមឱ្យកែខ្លួន ពីព្រោះអ្នកខ្លះគឺបោចពីមាត់ពីកបាញ់លុយឱ្យពួកគាត់មិនមែនសុទ្ធតែមានធូរធារទេ។ វ៉ាន់ នីឡា ថា «ចង់រកលុយចាំពេលក្រោយឥឡូវគឺពេលដែលយើងជួយគ្នាពិតប្រាកដ»៕










