ប្រទេសថៃ ៖ ពេលផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននៅវិមានរដ្ឋាភិបាលនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakul និយាយបំភ្លៃថា ថៃមិនមែនជាភាគីចាប់ផ្តើមវាយប្រ.ហារមុនទេ និងចោទប្រកាន់កម្ពុជាបង្កសង្គ្រា.មមុន ហើយលោកបានផ្តាំផ្ញើឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump ប្រាប់កម្ពុជាឈប់បា.ញ់តបត ឬទម្លាក់អាវុ.ធ ។ រីឯការរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈទៅឡាវតាមច្រកព្រំដែនឆងម៉េត ខេត្តឧប៊ុនរ៉ាជថានី ព្រោះខ្លាចបញ្ជូនបន្តទៅកម្ពុជានោះ លោក Anutin បញ្ជាក់ថា គ្មានការបញ្ជូនបន្តទេ ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនៅវិមានរដ្ឋាភិបាលនៅថ្ងៃទី១៦ ខែធ្នូ លោក Anutin និយាយថា កាលពីថ្ងៃទី១៥ ខែធ្នូ រថយន្តដឹកប្រេងឥន្ធនៈរាប់សិបគ្រឿងបានកកស្ទះនៅច្រកព្រំដែនឆងម៉េត ឃុំឆងម៉េត ស្រុកស៊ិរិនថន ខេត្តឧប៊ុនរ៉ាជថានី ដែលបម្រុងនាំចេញទៅឡាវ ប៉ុន្តែត្រូវបានរឹតបន្តឹង បើតាមការត្រួតពិនិត្យ គឺគ្មានការនាំចេញប្រេងបន្តទៅកម្ពុជាទេ ។ ចំណែកពិភពលោកថា កងទ័ពថៃប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទវាយប្រហារកម្ពុជា ដូចជា ៖ យន្តហោះទម្លាក់គ្រាប់បែក F-16 យន្តហោះចម្បាំង Gripen កាំភ្លើងធំ រថក្រោះ ដ្រូនទម្លាក់គ្រាប់បែក ដ្រូនពាំក្បាលគ្រាប់ ដ្រូនបាញ់ផ្សែងពុល និងដ្រូនអត្តឃាតនោះ លោក Anutin ជំរុញឱ្យពិភពលោកទៅពិនិត្យមើលអាវុធដែលកម្ពុជាប្រើប្រាស់ជាមួយថៃ ។
ក្រៅពីនេះ លោក Anutin បាននិយាយពីលោកប្រធានាធិបតី Trump ប្រកាសដំឡើងពន្ធទំនិញកម្ពុជា-ថៃដើម្បីដាក់សម្ពាធឱ្យបញ្ចប់សង្គ្រាមថា ៖ «ខ្ញុំមិនតបតទេ ហើយក៏មិនដឹងថា តើមានប្រទេសណាខ្លះដែលបានដាក់សម្ពាធឱ្យថៃបញ្ចប់សង្គ្រាមឈ្លានពានកម្ពុជា» ។
លោក Anutin មិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានដែលសួរថា កាលពីថ្ងៃទី១៥ ខែធ្នូ ក្រសួងការបរទេសចិនបានអំពាវនាវជាថ្មីឱ្យកងទ័ពថៃបញ្ចប់សង្គ្រាមបា.ញ់ប្រហារកម្ពុជា ។ បន្ទាប់មក អ្នកសារព័ត៌មានសួរទៀតថា តើយល់ឃើញយ៉ាងណា ពេលលោកប្រធានាធិបតី Trump គំរាមដំឡើងពន្ធទំនិញកម្ពុជា-ថៃដើម្បីបញ្ចប់សង្គ្រាម? លោក Anutin និយាយយ៉ាងខ្លីថា ៖ «លោក Trump ត្រូវទៅសុំឱ្យកម្ពុជាឈប់បាញ់ថៃ ថៃមិនបានបាញ់មុនទេ» ។
គួរបញ្ជាក់ថា កងទ័ពថៃបានបើកការវាយប្រហារកម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ រហូតមកដល់ថ្ងៃទី១៦ ខែធ្នូ កងទ័ពថៃនៅតែផ្គើនបន្តវាយប្រហារកម្ពុជាដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ ទោះមានកិច្ចខិតខំសម្របសម្រួលពីម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិនក៏ដោយ ។ ថ្មីៗនេះ លោកប្រធានាធិបតី Trump បានផ្តល់សម្ភាសន៍ជាមួយកាសែត Wall Street Journal ថា លោកទើបតែបានគំរាមដំឡើងពន្ទគយដើម្បីដោះស្រាយជម្លោះដែលផ្ទុះឡើងជាថ្មីរវាងកម្ពុជា-ថៃ ។ ប្រទេសទាំងពីរនឹងប្រឈមជាមួយការដំឡើងពន្ធគយខ្លាំងក្លាពីអាមេរិក បើពួកគេមិនបញ្ឈប់ជម្លោះប្រដាប់អាវុធ និងវិលទៅគោរពបទឈប់បាញ់ទេនោះ ។
ចំណែកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានបង្ហោះសារកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ថា ៖ «អាទិភាពខ្ពស់បំផុត គឺបញ្ឈប់សង្គ្រាម និងការពារពលរដ្ឋស៊ីវិល ។ យើងសង្ឃឹមថា ភាគីទាំងពីរ (កម្ពុជា-ថៃ) នឹងអត់ធ្មត់ជាអតិបរមា ចាត់គ្រប់វិធានការឈានទៅរកបទឈប់បាញ់ឱ្យបានឆាប់បំផុត ដើម្បីកសាងសន្តិភាព ស្ថិរភាពនៅតាមព្រំដែន និងផលប្រយោជន៍ពលរដ្ឋ ។ ចិននឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើបានដើម្បីលើកកម្ពស់ការសន្ទនាឈានទៅកសាងសន្តិភាព ចិននឹងបន្តដើរតួនាទីស្ថាបនាតាមវិធីរបស់ខ្លួនក្នុងការនាំមកនូវបទឈប់បាញ់រវាងកម្ពុជា-ថៃ» ។
នៅថ្ងៃទី១៥ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun ប្រកាសថា មហាអំណាចិនប្តេជ្ញាជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ និងងាកមកចរចាសន្តិភាព ពីព្រោះកម្ពុជា-ថៃជាប្រទេសជិតខាង មិនអាចបំបែកចេញពីគ្នា ។ ចិនសង្ឃឹមថា ភាគីទាំងពីរនឹងអត់ធ្មត់ជាអតិបរមា និងចាត់វិធានការទាំងអស់ដើម្បីបញ្ឈប់ការប្រយុទ្ធ កាត់បន្ថយភាពតានតឹងឱ្យបានឆាប់រហ័ស ដោយចិននឹងបន្តមើលឆន្ទៈរបស់ភាគីទាំងពីរធ្វើឱ្យអស់ពីសមត្ថភាពដើម្បីសន្តិភាព ព្រមទាំងដើរតួនាទីស្ថាបនាតាមរបៀបរបស់ខ្លួនដើម្បីឱ្យមានបទឈប់បាញ់ ។
មេដឹកនាំថៃបានរៀបចំផែនការជាមួយកងទ័ពបង្កសង្គ្រាមឈ្លានពានកម្ពុជាជាថ្មីដោយយកលេសគ្រាប់មីន បែរជាចោទប្រកាន់កម្ពុជាបា.ញ់មុន ។ ហេតុនេះ មានតែរង់ចាំការបង្ហាញភស្តុតាងរូបភាពពីផ្កាយរណប និងលទ្ធផលស៊ើបអង្កេតរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននាពេលខាងមុខ តើថៃនឹងមានពាក្យអ្វីដោះសា ៕










