ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ស្ថានទូតរុស្ស៊ីប្រចាំប្រទេសថៃ បានចេញសេចក្តីប្រកាសទាត់ចោលព័ត៌មានពលរដ្ឋរុស្ស៊ីធ្វើទាហានស៊ីឈ្នួលក្នុងជម្លោះរវាងកម្ពុជា-ថៃ ថានេះជាព័ត៌មានក្លែងក្លាយក្នុងគោលបំណងបំផ្លា.ញទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងរុស្ស៊ីជាមួយថៃ និងប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋរុស្ស៊ីដែលស្នាក់នៅប្រទេសថៃ ក្នុងនាមជាភ្ញៀវទេសចរ និងធ្វើជំនួញ ។
យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតរុស្ស៊ីក្នុងហ្វេសប៊ុកផេកផ្លូវការកាលពីថ្ងៃទី១៥ ខែធ្នូ សារព័ត៌មានមួយចំនួននៅប្រទេសថៃបានចុះផ្សាយព័ត៌មានក្លែងក្លាយថា កម្ពុជាជួលពលរដ្ឋរុស្ស៊ីធ្វើជាទាហានស៊ីឈ្នួលក្នុងជម្លោះជាមួយថៃ គឺជាព័ត៌មានមិនពិត ។ ព័ត៌មាននេះត្រូវបានប្រឌិតឡើងដោយប្រភពពីខាងក្រៅតំបន់ ក្នុងគោលបំណងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋរុស្ស៊ីស្នាក់នៅប្រទេសថៃ ក្នុងឋានៈជាភ្ញៀវទេសចរ ឬធ្វើជំនួញ និងដើម្បីបំផ្លាញមិត្តភាពយូរអង្វែងរវាងរុស្ស៊ី-ថៃ ។
ក្រសួងការបរទេសរុស្ស៊ីមានគោលជំហរច្បាស់លាស់ចំពោះជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដោយអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់រួចហើយក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ថា ៖ «ប្រទេសរុស្ស៊ីមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា-ថៃ ។ យើងគាំទ្រឱ្យប្រទេសទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធីដើម្បីបញ្ចប់ជម្លោះព្រំដែន» ។
គួរបញ្ជាក់ថា សារព័ត៌មាននានារបស់ថៃបានចុះផ្សាយចោទប្រកាន់ថា កម្ពុជាជួលពលរដ្ឋរុស្ស៊ីធ្វើជាទាហានស៊ីឈ្នួលក្នុងជម្លោះជាមួយថៃ បន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារកម្ពុជាយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាច្រើនថ្ងៃ ដែលនេះជាទម្លាប់របស់សារព័ត៌មានថៃតែងតែងចោទប្រកាន់ និងលាបពណ៌កម្ពុជាដោយគ្មានមូលដ្ឋានរហូតមក ។ ជាក់ស្តែង កាលពីថ្ងៃទី១១ ខែធ្នូ ហ្វេសប៊ុកផេក Army Military Force និងសារព័ត៌មាន Thai Tribune បានចុះផ្សាយព័ត៌មានចោទប្រកាន់ និងភូតកុហកថា ៖ «កម្ពុជាបញ្ជូនទាហានស៊ីឈ្នួលបរទេសមកកាន់តំបន់ព្រំដែន ដើម្បីជួយបង្ហោះដ្រូនអត្តឃាតជាមួយទាហានកម្ពុជា ដូចកាលពីពេលប៉ះទង្គិចគ្នាលើកដំបូង» ។
ក្រសួងការពារជាតិកម្ពុជាបានច្រានចោលការផ្សព្វផ្សាយរបស់ហ្វេសប៊ុកផេក Army Military Force និងសារព័ត៌មាន Thai Tribune ដែលចោទប្រកាន់កម្ពុជាប្រើប្រាស់ទាហានស៊ីឈ្នួលបរទេសមកជួយបង្ហោះដ្រូនអត្ត.ឃា.តក្នុងជម្លោះព្រំដែនជាមួយ-ថៃ ។ ក្រសួងការពារជាតិកម្ពុជាបានទាត់ចោលនូវខ្លឹមសារដែលចុះផ្សាយក្នុងសារព័ត៌មានថៃនេះ និងអះអាងថា គឺជាព័ត៌មានភូតកុហុក ប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ ។
កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតមានចេតនាក្នុងគោលដៅបង្វែរការចាប់អារម្មណ៍ពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួន ដោយលាបពណ៌កម្ពុជាដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវមកលើកម្ពុជា ។ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ថៃ គឺប្រាសចាកពីការពិតទាំងស្រុងក្នុងចេតនាមូលបង្កាច់ លាបពណ៌កម្ពុជា ដើម្បីបំភ័ន្តមតិសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងបិទបាំងចេតនាការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា និងបង្កការញុះញង់ ៕










