ប្រទេសនានាលើពិភពលោក រួមទាំងជប៉ុនបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងបន្ទាប់ពីរដ្ឋាភិបាលថៃបើកដៃឱ្យកងទ័ពបង្កសង្គ្រា.មឈ្លានពា.នកម្ពុជាជាថ្មីនៅតាមបណ្តោយព្រំដែន ដោយកងទ័ពថៃបើកការបា.ញ់ប្រ.ហារបន្តបន្ទាប់ឥតដាច់មកលើដែនអធិបតេយ្យភាពរបស់កម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ និងពង្រីកភូមិសាស្ត្រនៃការវា.យប្រ.ហារក្នុងតំបន់ជាបន្តបន្ទាប់ រួមមាន ៖ តាថាវ, ប្រាសាទតាមាន់, ប្រាសាទព្រះវិហារ, ប្រាសាទខ្នារ, វាលឥន្ទ្រី, ភ្នំខ្មោច, គោល៨, ជាំតែ អានសេះ, ថ្មដូន, អូរស្មាច់, ភ្នំអនុស្សាវរីយ៍, មុខវត្តកែវសិក្ខាគិរីស្វារៈ និងបា.ញ់ផ្សែងពុលនៅប្រាសាទតាក្របី ។

សកម្មភាពបាញ់ប្រហាររបស់កងទ័ពថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ប្រភេទ រួមទាំងកាំភ្លើងដៃ, កាំភ្លើងយន្ត, កាំភ្លើងត្បាល់ MT60, រថក្រោះ, កាំភ្លើងធំ 155mm, កាំភ្លើង 12,7 ព្រមទាំងប្រើយន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់, យន្តហោះ AT-6 ប្រភេទទម្លាក់គ្រាប់បែក, ដ្រូនទម្លាក់គ្រាប់បែក និងប្រើប្រាស់ការបាញ់ផ្សែងពុលមកលើកងកម្លាំងកម្ពុជាក្នុងភូមិសាស្រ្តទឹកដីកម្ពុជា ។

កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ស្ថានទូតជប៉ុនប្រចាំរាជធានីភ្នំពេញបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះកងទ័ពថៃបាញ់ប្រហារមកលើអធិបតេយ្យភាពកម្ពុជាកាន់តែខ្លាំង បន្ទាប់ពីរដ្ឋាភិបាលថៃរៀបចំផែនការប្រយុទ្ធរបស់កងទ័ពជាសម្ងាត់ដើម្បីបង្កសង្គ្រាមជាមួយកម្ពុជាជាថ្មីក្រោយទឹកជំនន់ស្រក បើទោះជានាយករដ្ឋមន្ត្រីកម្ពុជា-ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែនក្តី ។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតជប៉ុនចេញផ្សាយកាលពីថ្ងៃទី៨ ខែធ្នូ បញ្ជាក់ថា ការស្តារទំនាក់ទំនងរវាងកម្ពុជា-ថៃឡើងវិញ គឺចាំបាច់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយជប៉ុនតាមដានស្ថានការណ៍តានតឹងរវាងប្រទេសទាំងពីរ និងប្រឆាំងចំពោះការធ្វើសកម្មភាពដែលធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងខ្លាំង ។ ជប៉ុនអំពាវនាវឱ្យរដ្ឋាភិបាលថៃគោរពបទឈប់បាញ់ និងស្វែងរកដំណោះស្រាយដោយការចរចាសន្តិវិធីតាមខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខាក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ។

ក្រៅពីនេះ ស្ថានទូតជប៉ុននឹងសហការជាមួយអាមេរិក ម៉ាឡេស៊ី និងប្រទេសនានា ដើម្បីរកវិធីកាត់បន្ថយភាពតានតឹងរវាងកម្ពុជា-ថៃ ដោយគាំទ្រឱ្យប្រទេសទាំងពីរស្វែងរកដំណោះស្រាយដោយសន្តិវិធី ។ ស្ថានទូតជប៉ុនអំពាវនាវឱ្យថៃឈប់បង្កសង្គ្រាមឈ្លានពានកម្ពុជា បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក Anutinជ Charnvirakul ប្រកាសកាលពីថ្ងៃទី៨ ខែធ្នូ ថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃលែងមានប្រសិទ្ធភាព ថៃឈប់ចរចាជាមួយកម្ពុជា ថៃមិនខ្វល់ពីលោកប្រធានាធិបតី Trump ដំឡើងពន្ធទំនិញ និងចាត់ទោលសំណើរបស់លោកនាយករដ្ឋមន្ត្រី Anwar ដែលអំពាវនាវឱ្យរដ្ឋាភិបាលថៃចរចា ។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Anutin បើកដៃឱ្យកងទ័ពវាយប្រហារកម្ពុជាទ្រង់ទ្រាយធំឱ្យបានមុនថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីកុំឱ្យធ្លាក់ពីតំណែង ក៏ដូចជាស្តារប្រជាប្រិយភាពឡើងវិញ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃរងការរិះគន់យ៉ាងចាស់ដៃពីពលរដ្ឋ និងមានរឿងអាស្រូវជាប់ខ្លួន ។ នាយករដ្ឋមន្ត្រីថៃរងការស្តីបន្ទោសពីពលរដ្ឋថា យល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដោយគ្មានការឯកភាពពីពលរដ្ឋ និងត្រូវពលរដ្ឋស្តីបន្ទោសរឿងអសមត្ថភាពដោះស្រាយបញ្ហាទឹកជំនន់នៅភាគខាងត្បូងបណ្តោយឱ្យពលរដ្ឋស្លាប់រហូតដល់ជាង១,០០០នាក់ ហើយបិទបាំងព័ត៌មាន ។

ថ្មីៗនេះ ពលរដ្ឋស្តីបន្ទោសរឿងនាយករដ្ឋមន្ត្រីថៃមានទំនាក់ទំនងជិតស្និទ្ធជាមួយមេឆបោកអនឡាញបរទេស បន្ទាប់ពីបែកធ្លាយរូបភាពលោកអង្គុយនៅតុអាហារជាមួយមេឆបោកអនឡាញ ។
នាយករដ្ឋមន្ត្រីថៃដើរមកដល់នយោបាយផ្លូវទាល់ បើមិនបង្កសង្គ្រាមជាមួយកម្ពុជាទេ គឺលោកនឹងធ្លាក់ពីតំណែងឆាប់ៗ ម្យ៉ាងទៀត ការបង្កសង្គ្រាមដើម្បីបិទបាំងរឿងអាស្រូវរាប់មិនអស់របស់នាយករដ្ឋមន្ត្រីរូបនេះ ដោយញុះញង់ឱ្យពលរដ្ឋមានគំនិតជាតិនិយមជ្រុល ស្ពប់ខ្ពើមប្រទេសជិតខាង ។

រដ្ឋាភិបាលថៃធ្លាប់ប្រកាសតាមសារព័ត៌មាន និងវេទិកាអន្តរជាតិជាប្រចាំថា ថៃជាប្រទេសស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ ហើយវាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលកងទ័ពថៃប្រើប្រាស់កម្លាំងដណ្តើមដែនអធិបតេយ្យកម្ពុជា រួមទាំងបាញ់កាំភ្លើងផ្លោង និងចល័តកម្លាំងកងទ័ពចូលភូមិព្រៃចាន់ ភូមិជោគជ័យ និងគោលដៅមួយចំនួននៅខេត្តបន្ទាយមានជ័យ ។ បើពិតជាស្រឡាញ់សន្តិភាពមែននោះ គួរតែមេដឹកនាំថៃនិងកងទ័ពថៃដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយប្រើប្រាស់យន្តការបានឯកភាពគ្នា និងកំពុងអនុវត្តជាមួយគ្នា ៕