ប្រទេសថៃ ៖ បើទោះជាទឹកជំនន់ស្រុកហាតយៃ ខេត្តសុងក្លា និងខេត្តមួយចំនួននៅភាគខាងត្បូងប្រទេសថៃបានស្រកចុះមែន ប៉ុន្តែទឹកជំនន់នៅខេត្តអយុធ្យាមិនស្រកឡើយ ពលរដ្ឋថៃបានត្រឹមតែបន់ស្រន់ឱ្យទឹកជំនន់ស្រកឆាប់ៗ បន្ទាប់ពីលិចផ្ទះសម្បែងអស់រយៈពេលជាង៤ខែ ។ ទឹកជំនន់វាយប្រ.ហារស្រុកចំនួន១៣ និងប៉ះពាល់ពលរដ្ឋរហូតដល់ជាង៧ម៉ឺន១ពាន់គ្រួសារ ខណៈកម្ពស់ទឹកតាមមាត់ទន្លេណយ ស្មើចាប់ពី១ម៉ែត្រ ទៅ២ម៉ែត្រ ។

រហូតមកដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ស្ថានការណ៍ទឹកជំនន់ខេត្តអយុធ្យានៅតែធ្ងន់ធ្ងរដដែល បើទោះជាទំនប់ចៅប្រាយ៉ានៅខេត្តឆ័យណាត បានកាត់បន្ថយការបង្ហូរទឹកក៏ដោយ ប៉ុន្តែកម្ពស់ទឹកក្នុងទន្លេចៅប្រាយ៉ា ទន្លេណយ និងប្រឡាយផ្សេងៗបានកើនឡើងខ្ពស់ ដែលធ្វើឱ្យពលរដ្ឋរស់នៅមាត់ទន្លេណយ រងផលប៉ះពាល់យ៉ាងខ្លាំង ។ ផ្ទះជាច្រើនខ្នងលិចទឹករហូតដល់ជាង៤ខែ ហើយពលរដ្ឋសង្ឃឹមថា នៅខែមេសា ឆ្នាំ២០២៦ ទឹកអាចនឹងស្រកវិញ ។
ក្នុងចំណោម១៦ស្រុកនៅខេត្តអយុធ្យា គឺមាន១៣ស្រុកកំពុងលិចលង់ដោយទឹកជំនន់ រួមមាន ៖ ស្រុកសេណា ផាក់ហៃ បាងបាល បាងសៃ ព្រះណាខនស្រ៊ីអយុធ្យា បាងប៉ាក់អ៊ិន បាងប៉ាក់ហាន់ បាងសាយ បានព្រែក ឡាតបួហ្លួង មហារ៉ាច ណាខនហ្លួង និងវាំងណយ ។
យោងតាមទិន្នន័យការខូចខាត ទឹកជំនន់ជាច្រើនខែនៅខេត្តអយុធ្យាបណ្តាលឱ្យពលរដ្ឋចំនួន៧១,៦៧០គ្រួសាររងផលប៉ះពាល់, មនុស្សស្លាប់២០នាក់, វត្តលិចទឹក៣៨កន្លែង, សាលារៀនលិចទឹក៣៣កន្លែង, ខូចខាតផ្លូវ៥៨កន្លែង និងខូចខាតអគាររដ្ឋ៨កន្លែង ។
ទឹកជំនន់បានលិចភូមិហួវៀង ឃុំហួវៀង ស្រុកសេណា ខេត្តអយុធ្យា អស់រយៈពេលជាង៤ខែ ដោយកម្ពស់ទឹកនៅបរិវេណមាត់ទន្លេណយ ស្មើចាប់ពី១ម៉ែត្រ ទៅ២ម៉ែត្រ ខណៈផ្ទះជាច្រើនខ្នងលិចទឹកធ្វើឱ្យពលរដ្ឋពុំអាចរស់នៅបាន ។ ទោះយ៉ាងណា ទឹកចាប់ផ្តើមស្រកចុះនៅតំបន់ខ្លះ និងមានការសម្អាតដីភក់ក្នុងផ្ទះ វត្ត រីឯពលរដ្ឋខ្លះទើបត្រឡប់មករស់នៅផ្ទះវិញ បន្ទាប់ពីរស់នៅតាមផ្លូវរាប់ខែ ប៉ុន្តែពួកគេនៅតែបារម្ភដោយសារទឹកជំនន់លិចយូរពេកខុសប្រក្រតី និងលិចខ្លាំងរហូតដល់ផ្ទះជាន់ទី២ ។
ពលរដ្ឋអយុធ្យានិយាយដូចៗគ្នាថា ទឹកជំនន់នៅឆ្នាំ២០២៥ ធ្ងន់ធ្ងរ និងលិចយូរខែបំផុត បើធៀបនឹងបណ្តាឆ្នាំមុនៗ ។ ពេលនេះ ពួកគេបានត្រឹមតែបន់ស្រន់ឱ្យទឹកស្រកឆាប់ៗ ហើយសង្ឃឹមថា ទឹកនឹងស្រកវិញបន្ទាប់ពីចូលឆ្នាំថ្មីរួច គឺនៅខែមេសា ឆ្នាំ២០២៦ ៕.png)










