មហាសេដ្ឋី ឥណ្ឌា មជ្ឈិមបូព៌ា រុស្សី… បានសុខចិត្តចំណាយលុយរាប់លានដុល្លារគ្រាន់តែបង្កើតអនុស្សាវរីយ៍ តាមរយៈការអញ្ជើញតារាចម្រៀងល្បីៗ មកច្រៀងក្នុងពិធីមង្គលការកូនៗ ប្រែក្លាយការសម្តែងទៅជាកាដូជូនកូនកំលោះកូនក្រមុំ និងបង្ហាញពីវណ្ណៈ អំណាចនៃការចំណាយរបស់គ្រួសារផងដែរ។
Jennifer Lopez គឺជាអ្នកចម្រៀងដែលច្រៀងក្នុងពិធីរៀបអាពាហ៍ពិពាហ៍អន្តរជាតិដែលទទួលបានប្រាក់កម្រៃខ្ពស់បំផុតមួយរូបនាពេលបច្ចុប្បន្ននេះ។ ថ្មីៗនេះនាងបានទទួលប្រាក់ចំនួន ២ លានដុល្លារដើម្បីសម្តែងនៅក្នុងពិធីមង្គលការរបស់ Netra Mantena កូនស្រីរបស់សហគ្រិនឱសថឥណ្ឌា Rama Raju Mantena ។ ពីមុន Jennifer បានទាក់ទាញការចាប់អារម្មណ៍ជាច្រើនដងជាមួយនឹងតម្លៃខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់។ តារាចម្រៀងស្រីរូបនេះទទួលបានជាង ១ លានដុល្លារសម្រាប់ការច្រៀងក្នុងពិធីមង្គលការកូនប្រុសរបស់ពាណិជ្ជករ Uzbek Azam Aslanov ក្នុងឆ្នាំ ២០១១ និង ៥ លានដុល្លារសម្រាប់ការសម្តែងក្នុងពិធីមង្គលការកូនប្រុសមហាសេដ្ឋីប្រេងរុស្ស៊ីក្នុងឆ្នាំ ២០១៦។
ងាកមកតារាចម្រៀង Justin Bieber វិញក្នុងឆ្នាំ២០២៤ លោកទទួលបានតម្លៃខ្លួន១០ លានដុល្លារអាម៉េរិក ដើម្បីសម្តែងក្នុងពិធីជប់លៀងមុនអាពាហ៍ពិពាហ៍របស់អ្នកជំនួញ Anant Ambani ដែលជាកូនប្រុសពៅរបស់មហាសេដ្ឋី Mukesh Ambani ដែលមានទ្រព្យសម្បត្តិ ១២៣.៤ ពាន់លានដុល្លារអាម៉េរិក នេះបើយោងតាមទស្សនាវដ្តី Forbes ។
Rihanna ត្រូវបានគេនិយាយថាទទួលបានទឹកប្រាក់ ៦,៣ លានដុល្លារដើម្បីច្រៀងក្នុងពិធីមង្គលការរបស់មហាសេដ្ឋីក្នុងឆ្នាំ ២០២៤ នេះបើតាមសារព័ត៌មាន The Independent។ លើសពីនេះ សារព័ត៌មាន India Today បានរាយការណ៍ថា តារាចម្រៀងរូបនេះ ទទួលបានតម្លៃខ្លួនរហូតដល់ ៨-៩ លានដុល្លារអាម៉េរិក។ ជាមួយនឹងតម្លៃថ្លៃច្រៀងក្នុងពិធីមង្គល Rihanna បានសម្តែងចំនួន ១៩ បទក្នុងរយៈពេល ៤០ នាទីនៅចំពោះមុខភ្ញៀវជាង ១,២០០ នាក់។
ក្នុងឆ្នាំ ២០២៤ Katy Perry ត្រូវបានគេអញ្ជើញឱ្យទៅច្រៀងនៅក្នុងពិធីជប់លៀងមុនអាពាហ៍ពិពាហ៍របស់គ្រួសារមហាសេដ្ឋី Mukesh Ambani ក្នុងតម្លៃ ៥.៤លានដុល្លារនៅឯពិធីជប់លៀងដែលធ្វើឡើងនៅទីក្រុង Cannes ប្រទេសបារាំង។
ក្រុមតន្រ្តី Maroon 5 ទទួលបានតម្លៃខ្លួនប្រហែល ១.៥ លានដុល្លារដើម្បីច្រៀងនៅក្នុងពិធីមង្គលការកូនប្រុសច្បងរបស់គ្រួសារ Ambani ក្នុងឆ្នាំ ២០១៩ នេះបើយោងតាមកាសែត India Times ។

ក្នុងឆ្នាំ ២០១៨ Beyoncé ត្រូវបានគេរាយការណ៍ថាបានទទួលថ្លៃ ៤.៧ លានដុល្លារសម្រាប់ការសម្តែងនៅក្នុងព្រឹត្តិការណ៍ Pre-wedding របស់ Isha Ambani ដែលជាកូនស្រីរបស់គ្រួសារ Ambani ។
ក្នុងឆ្នាំ ២០១៧ Bruno Mars ទទួលបានជាង ២ លានដុល្លារសម្រាប់ការសម្តែងក្នុងពិធីមង្គលការកូនស្រីរបស់អ្នកជំនួញម្នាក់ឈ្មោះ Sunil Vaswani ៕










