រូបភាពនិងវីដេអូខ្លីៗបែកធ្លាយនៅលើបណ្តាញសង្គមរវាងតារាសម្តែង ខាត់ វៃហាំង និង ស៊ីន យូប៊ីន បានធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់ជាខ្លាំងនៅពេលឃើញអ្នកទាំងពីរស្ថិតក្នុងសំលៀកបំពាក់ពណ៌សមានទាំងបាច់ផ្កាថែមទៀត។ អ្នកគាំទ្រមួយចំនួនសង្ស័យថាប្រហែលជាអ្នកទាំងពីរមានដំណឹងល្អខណៈអ្នកខ្លះថានេះជាការថតប្រម៉ូតប៉ុណ្ណោះ។

ដូចប្រិយមិត្តមួយធំជ្រាបមកហើយថាសម្ព័ន្ធភាពរវាងតារាសម្តែងស្រស់សង្ហា ខាត់ វៃហាំង និងតារាសម្តែងដ៏ស្រស់សោភា ស៊ីន យូប៊ីន មានភាពជិតដិតជាមួយគ្នារាប់ឆ្នាំមកហើយដោយអ្នកគាំទ្រជាច្រើនចាត់ទុកថាអ្នកទាំងពីរគឺជាគូស្នេហ៍។ ទោះជាអ្នកទាំងពីរពុំបាននិយាយចេញជាពាក្យត្រង់ៗប៉ុន្តែការស្និទ្ធិស្នាល ការយកចិត្តទុកដាក់កន្លងមកធ្វើឱ្យទស្សនិកឃើញច្បាស់ ជាពិសេសពេល ស៊ីន យូប៊ីន ជួបគ្រោះថ្នាក់ ខាត់ វៃហាំង តាមមើលថែដល់ក្រៅប្រទេស។
ក្នុងភាពផ្អែមល្ហែមនៃទំនាក់ទំនងរបស់ ស៊ីន យូប៊ីន និង ខាត់ វៃហាំង ក៏ធ្លាប់រងនូវការសង្ស័យថាអ្នកទាំងពីរមានបញ្ហារកាំរកូសជាមួយគ្នាព្រោះទស្សនិកជនលែងសូវឃើញអ្នកទាំងពីរបញ្ចេញភាពផ្អែមល្ហែមដូចមុន តែក្រោយមកពួកគេបានធ្វើឱ្យអ្នកគាំទ្រធូរចិត្តវិញក្រោយឃើញអ្នកទាំងពីរចូលរួមនិងធ្វើការជាមួយគ្នាដដែល។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់គឺដោយសារតែថ្មីៗនេះស្រាប់តែមានវីដេអូខ្លីៗបង្ហាញពី ខាត់ វៃហាំង និង ស៊ីន យូប៊ីន ស្ថិតក្នុងសំលៀកបំពាក់ពណ៌សដូចជាកូនក្រមុំកូនកំលោះ មានបាច់ផ្កា មានទាំងកាំជ្រួចអបអរថែមទៀតធ្វើឱ្យមានការរំពឹងទុកជាច្រើន។ អ្នកគាំទ្រមួយចំនួនបានបង្ហាញការត្រេកអរទោះបីជាពុំទាន់ដឹងច្បាស់ថានេះជាការពិតឬជាអ្វីក៏ដោយ។ ចំណែកមតិមួយផ្នែកទៀតគិតថាតារាសម្តែងទាំងពីររូបកំពុងតែថតប្រម៉ូតប៉ុណ្ណោះ។

ស្ថិតក្នុងភាពសង្ស័យនេះអ្នកគាំទ្រជាច្រើនរំពឹងចង់ឱ្យរឿងមង្គលអ្នកទាំងពីរក្លាយជាការពិតព្រោះអ្នកគាំទ្រចង់ឃើញ ស៊ីន យូប៊ីន និង ខាត់ វៃហាំង បង្ហាញភាពច្បាស់លាស់ជាគូអនាគតជាមួយគ្នាពិតមែនទាំងក្នុងនិងក្រៅសាច់រឿង៕










